កំពង់ឆ្នាំងៈ កាំភ្លើង​ខូចគុណភាព​ចម្រុះ​ចំនួន​ ១១ ​ដើម ត្រូវបាន​មន្ត្រី​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា​ (CMAC) ​ប្រចាំខេត្ត​កំពង់ឆ្នាំង យកទៅ​រក្សាទុក​ពីថ្ងៃ​ទី​ ៥ ​មករា ១​ ថ្ងៃ​ បន្ទាប់ពី​ពលរដ្ឋ​ប្រទះ​ឃើញ​កប់​ដី ក្នុងភូមិ​ពាម​ខ្នង ឃុំ​ផ្លូវទូក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ខណៈ​ ១១​ ខែ​ឆ្នាំមុន CMAC ​កម្ទេច​គ្រាប់​គ្រប់​ប្រភេទ​បាន​ចំនួន ១៥ ៤០០ ​គ្រាប់​។

លោក ប៉ាល់ ជឿន អធិការនគរបាល​ស្រុក​កំពង់លែង​ប្រាប់​នៅ​ថ្ងៃទី​ ៦ មករា ថា កាំភ្លើង​ខូចគុណភាព​ទាំង ​១១ ​ដើម​នោះ​មាន​ប្រភេទ​កាំភ្លើងត្បាល់​ ៦០ ​មិល្លីម៉ែត្រ​ ១​ ដើម កាំភ្លើង​ប្រភេទ​ M 79​ ចំនួន​ ៦​ ដើម និង​កាំភ្លើង​ប្រភេទ​ M19 ចំនួន​ ៤ ​ដើម​។ ​កាំភ្លើង​ចាស់ៗ​ទាំងនោះ​ត្រូវ​បាន​ពលរដ្ឋ​ប្រទះឃើញ​ពេល​កំពុង​ភ្ជួរដី​ពី​ថ្ងៃទី​ ៤ មករា ឆ្នាំ​ ២០២២ នៅ​ភូមិ ពាម​ខ្នង ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង ។

លោក​ថ្លែងថា​៖ «​អាវុធ​ទាំង​ ១១ ​ដើម​នោះ​យើង​បាន​ប្រគល់ឱ្យ​ខាង​អង្គភាព​កម្ចាត់មីន​កម្ពុជា ខេត្តកំពង់ឆ្នាំង​រួចហើយ​កាលពី​ថ្ងៃទី​ ៥ មករា​។ ​កាំភ្លើង​ទាំងនោះ​ប្រើការ​លែងកើត​ទាំងអស់​»​។

លោក អ៊ុំ សំអុន នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ផ្លូវទឹក ឱ្យដឹង​នៅ​ថ្ងៃទី​ ៦ មករា ថា កាលពី​ថ្ងៃទី​ ៤ មករា មាន​បុរស​អ្នកភូមិ​ម្នាក់​បាន​ប្រទះឃើញ​កាំភ្លើង​កប់​ក្នុង​ដី​។ ​លុះ​ថ្ងៃទី ​៥ មករា នគរបាល​ស្រុក កំពង់លែង និង​នគរបាល​ប៉ុស្តិ៍​ឃុំ​​ផ្លូវទឹក​បាន​រាយការណ៍​ជូន​មន្ត្រី​ CMAC ​ខេត្តកំពង់ឆ្នាំង​ចុះមក​យកទៅ​រក្សាទុក​។

លោក​បាន​បន្តថា បើតាម​ការពិនិត្យ​ពី​សមត្ថកិច្ច​ឃើញ​ថា អាវុធ​ទាំងនោះ​មាន​ការវេច​ខ្ចប់​ក្រណាត់​កៅស៊ូ​ត្រឹមត្រូវ​ហើយ​កប់​ក្នុង​ដី ប៉ុន្តែ​ក្រណាត់​កៅស៊ូ​ដែល​រុំ​នោះបាន​ពុកផុយ​អស់ហើយ​។ ​រីឯ​តួ​កាំភ្លើង​វិញ គឺ​ក៏មាន​សភាព​ច្រែះ​ស៊ី​អស់​ដែរ​។ បើតាម​ការសន្និដ្ឋាន​របស់​សមត្ថកិច្ច​ជំនាញ​ថា អាវុធ​ទាំងនោះ​ទំនង​ត្រូវបាន​គេ​កប់​យូរ​ឆ្នាំ​មកហើយ ហើយ​អាច​នៅ​អំឡុង​ជំនាន់​សង្គ្រាម​ទ័ព​ព្រៃប៉ារ៉ា និង​ទ័ព​ខ្មែរក្រហម​។

លោក​ថា​៖ «​នៅ​តំបន់​ស្រុក​កំពង់លែង​​ពីមុន​គឺជា​តំបន់​ខ្មែរក្រហម​ឈរជើង​នៅ​ហ្នឹង​។ ​ពី​សម័យ​ឆ្នាំ​ ១៩៩០ ​ប្លាយ​អីហ្នឹង​គឺ​សុទ្ធតែ​ខ្មែរក្រហម​ទេ ព្រោះ​នៅ​ទីនោះ​ជា​តំបន់​ព្រៃរនាម​។ ​តែ​តំបន់​នោះ​យើង​បាន​សុខ​សប្បាយ​គឺ​នៅ​ជំនាន់​ខ្មែរ​ក្រហម​ធ្វើ​សមាហរណកម្ម​ក្នុង​ឆ្នាំ​ ១៩៩៤»​។

លោក សំអុន បញ្ជាក់ថា នៅក្នុង​ភូមិសាស្ត្រ​ស្រុក កំពង់លែង មាន​ ៩​ ឃុំ ក្នុងនោះ​ឃុំ​ចំនួន​ ៦​ គឺ​នៅតាម​ដង​ទន្លេ​ហើយ​ឃុំ​ដែល​នៅជាប់​តាម​ដង​ទន្លេ​នោះ​ប្រឈម​ការលំបាក​ខ្លាំង ព្រោះ​តំបន់​ទាំងនោះ​សម្បូរ​ដោយ​ទ័ពព្រៃ​ខ្មែរ​ក្រហម​នៅតាម​ព្រៃរនាម​។

ពាក់ព័ន្ធ​នឹង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​នេះដែរ បើតាម​របាយការណ៍​របស់​ CMAC បង្ហាញថា រយៈពេល​ ១១​ ខែ​ក្នុង​ឆ្នាំ​ ២០២១ ក្នុង​កិច្ចប្រតិបត្តិការ​បោសសម្អាត​មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​គឺ​ CMAC រំដោះ​ផ្ទៃដី​ចម្ការ​មីន និង​ចម្ការ​គ្រាប់​សរុប​បាន​ទំហំ ៩១ ៩១៩ ៩៧២ ​ម៉ែត្រការ៉េ​។ ក្រុមការងារ​របស់ CMAC បាន​កម្ទេចចោល​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដែល​ពលរដ្ឋ​បាន​រាយការណ៍​បាន​ចំនួន ១៥ ៤០០ ​គ្រាប់ និង​អាវុធ​ធុន​ស្រាល​មួយចំនួនទៀត​៕