គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប បកស្រាយ​បំភ្លឺ​អំពី​កំណត់ហេតុ​នៃ​ការរាប់​សន្លឹកឆ្នោត ដោយ​ធានា​អះអាង​ពី​ភាព​អព្យាក្រឹត បន្ទាប់ពី​ភាគី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត សម្តែង​ការព្រួយបារម្ភ​អំពី​ភាពមិនប្រក្រតី និង​មិន​យុត្តិធម៌​។

សេចក្តីបំភ្លឺ​របស់ គ.ជ.ប ចុះ​ថ្ងៃទី ៦ ខែ មករា​នេះ​បាន​ឱ្យដឹងថា កន្លងមក​ថ្មីៗ​នេះ មានការ​បារម្ភ​របស់​ភាគី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត អំពី​ការមិនអាច​ធានា​បាន​នូវ​ការបោះឆ្នោត​មួយ​ដែល​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ប្រសិនបើ​ភ្នាក់ងារ​គណបក្សនយោបាយ ដែល​បាន​ចូលរួម​តាមដាន​សង្កេតមើល​ដំណើរការ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត មិនអាច​ទទួល​បានកំណត់​ហេតុ​នៃ​ការរាប់​សន្លឹកឆ្នោត (​ទ.១១០២) នៅ​ការិយាល័យ​បោះឆ្នោត ហើយ​ការវេចខ្ចប់​កញ្ចប់​សុវត្ថិភាព "​ក​" ធ្វើឡើង​ដោយ​មិន​ត្រឹមត្រូវ​។

ក្នុង​ក្រុម​អ្នកនាំពាក្យ គ.ជ.ប បាន​បំភ្លឺថា យោង​មាត្រា​ ១៣២ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ កំណត់ហេតុ​នៃ​ការរាប់​សន្លឹកឆ្នោត ដូច​ចែង​ក្នុង​មាត្រា​ ១៣១ នៃ​ច្បាប់​នេះ​គឺត្រូវធ្វើ​ជា ០៣ ​ច្បាប់​។

ក្នុងនោះ មួយច្បាប់​ផ្ញើជូន​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត (​គឃ.សប​) ដោយ​ភ្ជាប់​មកជា​មួយ​នូវ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត គល់បញ្ជី​សន្លឹកឆ្នោត​ដែល​បាន​ប្រើ សន្លឹកឆ្នោត​មិនបាន​ប្រើ សន្លឹកឆ្នោត​បានការ សន្លឹកឆ្នោត​ពុំបាន​ការសន្លឹកឆ្នោត​ខូច ត្រា​សម្ងាត់​សម្រាប់​ការិយាល័យ​បោះឆ្នោត ពាក្យបណ្តឹង​ជំទាស់ ឬ​តវ៉ា ប្រសិនបើ​មាន (​ក្នុង​ការអនុវត្ត​បច្ចេកទេស ឯកសារ​ទាំងនេះ​ត្រូវដាក់​ក្នុង​កញ្ចប់​សុវត្ថិភាព "​ក​") ហិប​ឆ្នោត និង​ឯកសារ សម្ភារ​ឧបករណ៍​ចាំបាច់​ផ្សេងទៀត ដែល​កំណត់ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​ក្នុង​ការអនុវត្ត​បច្ចេកទេស​របស់​ទាំងនេះ​ត្រូវ​វេចខ្ចប់​ដោយឡែក​)​។

មួយច្បាប់​បិទ​ផ្សាយ​ជា​សាធារណៈ​នៅ​ការិយាល័យ​រាប់​សន្លឹកឆ្នោត រហូត​ដល់​ថ្ងៃ​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត និង​មួយច្បាប់​ទៀត​បិទ​ផ្សាយ​ជា​សាធារណៈ​នៅ​ទីស្នាក់ការ គឃ.សប រហូតដល់​ថ្ងៃ ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​។

សេចក្តី​បំភ្លឺ​បន្តថា តាម​បញ្ញត្តិ​ដូច​បានបញ្ជាក់​ជូន​ខាង​លើ និង​ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​លក្ខខណ្ឌ បច្ចេកទេស​ក្នុង​ការ​អនុវត្ត​មាត្រា ​១៣២ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ គ.ជ.ប បាន​បង្កើត​ប្រភព​ផ្សព្វផ្សាយ​ចំនួន​បី ដែល​ភ្នាក់ងារ​គណបក្សនយោបាយ​អាច​ទទួល​បាន កំណត់ ហេតុ​នៃ​ការរាប់​សន្លឹកឆ្នោត (​ទ.១១០២) នៅ​ថ្ងៃ​បោះឆ្នោត ៖

ទី ១. កំណត់ហេតុ​នៃ​ការរាប់​សន្លឹកឆ្នោត (​ទ.១១០២) មាន​បិទ​ផ្សាយ​នៅមុខ​ការិយាល័យ​រាប់​សន្លឹកឆ្នោត ហើយ​ភ្នាក់ងារ​គណបក្ស​អាច​កត់ត្រា ឬ​/​ និង​ថត​ទុក​ក្នុង​ទូរស័ព្ទ ស្មាតហ្វូន​របស់ខ្លួន ។

ទី​ ២. នៅពេល​បញ្ជូន​កំណត់ហេតុ​នៃ​ការរាប់​សន្លឹកឆ្នោត (​ទ.១១០២) ទៅដល់ គឃ.សប ឯកសារ​នេះ​នឹងត្រូវ​ចុះហត្ថលេខា ចុះ​កាលបរិច្ឆេទ និង​បោះត្រា​បញ្ជាក់​ការទទួល​ដោយ​ប្រធាន គឃ.សប បន្ទាប់មក​កំណត់ហេតុ​នៃ​ការរាប់​សន្លឹកឆ្នោត (​ទ.១១០២) នេះ​នឹង​ត្រូវ​បាន​ស្កេន​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​គ្រប់គ្រង​លទ្ធផល​នៃ​ការបោះឆ្នោត រួច​បោះពុម្ព​ចេញ​ដើម្បី​ចែកជូន​ភ្នាក់ងារ​គណបក្ស​នយោបាយ ដែលមាន​វត្តមាន​។

ទី​ ៣. នៅពេល​ដែល​ឯកសារ​ទាំងអស់​ត្រូវ​បាន​ស្កេន​បញ្ចូល​ទៅក្នុង​ប្រព័ន្ធគ្រប់គ្រង លទ្ធផល​នៃ​ការបោះឆ្នោត​ហើយ​ភាគី​ពាក់ព័ន្ធ រួម​នឹង​ប្រជាពលរដ្ឋ​អាច​រកមើល ឃើញ​រូបថត​ទម្រង់​បែបបទ ដែលជា​ឯកសារ​មូលដ្ឋាន សម្រាប់​ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត ក្នុង​ឃុំ សង្កាត់​ទាំងអស់​ទូទាំង​ប្រទេស​នៅក្នុង​គេហទំព័រ គ.ជ.ប​។

គ.ជ.ប បាន​គូសបញ្ជាក់ថា ចំពោះ​ការវេចខ្ចប់​ការប្រគល់ និង​ការទទួល​កញ្ចប់​សុវត្ថិភាព “​ក​” ពុំ​មាន​អ្វី​ប្រែប្រួល​ខុសពី​ការបោះឆ្នោត​មុនៗ​ទេ​៕