ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ទីភ្នាក់​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) បាន​ចុះហត្ថលេខា​លើ​គម្រោង​រៀបចំ​ស្តង់ដា​ជាតិ​ប្រព័ន្ធធារាសាស្ត្រ​នៅ​កម្ពុជា​សម្រាប់ រយៈពេល ៤ ​ឆ្នាំ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​ដែលជា​ផ្នែក​មួយ​ជួយ​ដល់​វិស័យ​កសិកម្ម​។

ពិធី​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី ​៥ ​មករា ត្រូវបាន​ចុះហត្ថលេខា​ដោយ លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​លោកស្រី កាមេហារុកូ ប្រធាន​តំណាង​ការិយាល័យ JICA ប្រចាំ​ប្រទេស​កម្ពុជា ដើម្បី​ដំណើរការ​ជា​ផ្លូវការ​នូវ​គម្រោង​សហប្រតិបត្តិការ​បច្ចេកទេស​លើ​ការរៀបចំ​ស្តង់ដា​ជាតិ​ប្រព័ន្ធ​ធារាសាស្ត្រ​។

ក្រសួង​ធនធានទឹក​បាន​ឱ្យដឹងថា គម្រោង​នេះ មាន​រយៈពេល ៤ ​ឆ្នាំ​ដោយ​គ្រោង​នឹង​ចាប់ផ្តើម​ដំណើរការ​នៅក្នុង​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២២ ហើយនឹង​បញ្ចប់​នៅ​ឆ្នាំ​ ២០២៥​។

យោងតាម​សេចក្តី​ថ្លែងការណ៍​រួម​បានឱ្យដឹងថា ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​លើ​វិស័យ​ធនធានទឹក និង​ឧតុនិយម​ឆ្នាំ ២០១៩-២០២៣ បានកំណត់​អាទិភាព​លើ​ការបង្កើន​សមត្ថភាព​នៃ​ប្រព័ន្ធធារាសាស្ត្រ​ដែល​មាន​ស្រាប់ និង​ពង្រីក​ផ្ទៃដី​ស្រោចស្រព​រហូតដល់ ១ ៩៥២ ពាន់​ហិកតា​នៅ​ឆ្នាំ ២០២៣​។

ទោះជា​យ៉ាងណាក្តី ស្តង់ដា​ជាតិ​សម្រាប់​ប្រព័ន្ធ​ធារាសាស្ត្រ នៅ​មិនទាន់​បានរៀបចំ​នៅឡើយ ហើយ​សមត្ថភាព​របស់​មន្ត្រី​ក្រសួង និង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ក៏​ទាមទារ​ឱ្យមាន​ការអភិវឌ្ឍ​ដើម្បី​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​ផែនការ​សកម្មភាព​ដោយ​រក្សាបាន​នូវ​គុណភាព​ និង​សមស្រប​តាម​ទំហំ​ថវិកា​វិនិយោគ​។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា​៖ «​ក្នុង​បរិបទ​នេះ គម្រោង​នឹង​រៀបចំ​ស្តង់ដា​សម្រាប់​សំណង់​ធំៗ​​ចំនួន​ ២ ​ប្រភេទ​គឺ​សំណង់​ក្បាល​ហុង​ទឹក និង​ប្រព័ន្ធ​ប្រឡាយ ក៏ដូចជា​សំណង់​នានា ដោយ​យោងតាម​លក្ខណវិនិច្ឆ័យ​របស់​ប្រទេស​ជប៉ុន​»​។

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន បាន​ថ្លែងថា ជា​ការពិត​កាលណា​មានការ​រៀបចំ​ប្រព័ន្ធ​ធារាសាស្ត្រ នឹង​អាចធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កន្លែង​ស្តុក​ទឹក និង​ការផ្គត់ផ្គង់​ទឹក​។

ប៉ុន្តែ​លោក​ថា ក្នុង​ករណីនេះ ក៏​អាច​នឹង​មិនមាន​ភាពប្រសើរ​ឡើង​ផងដែរ ប្រសិនបើ​គម្រោង​នោះ អនុវត្ត​ដោយ​ខ្វះ​តម្លាភាព និង​មិនមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ ដែល​ជួប​បញ្ហា​ប្រឈម​នាពេល​បច្ចុប្បន្ន​។

លោក​បញ្ជាក់ថា​៖ «​សម្រាប់ ខ្ញុំ ដំណើរការ​នៃ​ការរៀបចំ​ការអភិវឌ្ឍ​ប្រព័ន្ធធារាសាស្ត្រ​នៅ​កម្ពុជា គួរតែ​ត្រូវបាន​ធ្វើឡើង​ដោយ​បើកចំហ ហើយ​គម្រោង​នីមួយៗ ត្រូវតែមាន​ការជជែក​ជាមួយ​ពលរដ្ឋ​ឱ្យបាន​ទូលំទូលាយ ចៀសវាង​ការស្តារ​ប្រព័ន្ធ​ធារាសាស្ត្រ ឬ​អភិវឌ្ឍ​ទៅ​​មិន​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​ពលរដ្ឋ​ដែល​អាច​បង្ក​ទៅជា​ផលប៉ះពាល់​ទៅវិញ​»​។

លោក​មើលឃើញថា បញ្ហា​ប្រឈម​នៃ​ប្រព័ន្ធធារាសាស្ត្រ​នាពេល​បច្ចុប្បន្ន គឺ​ដោយសារ​ផ្លូវទឹក និង​កង្វះ​ទឹក ដោយ​លោក​ស្នើ​ក្រសួង​គួរតែ​ប្រើ​សក្តានុពល​បែប​ធនធាន​ជា​យុទ្ធសាស្ត្រ និង​ពិនិត្យមើល​តំបន់​ដែលមាន​សក្តានុពល​។

ក្រសួង​ធនធានទឹក​បានឱ្យដឹងថា ទន្ទឹមនឹង​សមិទ្ធផល​ដែល​សម្រេចបាន​គួរឱ្យ​កត់សម្គាល់​នា​ឆ្នាំកន្លងមក ដែល​បាន​គាំទ្រ​ដល់​ការបង្កើន​ផលិតភាព​កសិកម្ម​តាមរយៈ​ការជួស​ជុល និង​ការសាងសង់​ប្រព័ន្ធ​ធារាសាស្ត្រ​ក៏ដោយ ក៏​ស្ថិរភាព​ក្នុងការ​ផ្គត់ផ្គង់​ទឹក​គឺ​គ្រប់គ្រាន់​។ លើសពីនេះ តម្រូវការ​ដើម្បី​ធានាបាន​នូវ​ស្ថិរភាព​ និង​ទឹក​គ្រប់គ្រាន់​សម្រាប់​ការស្រោច​ស្រព មានការ​កើនឡើង​ខ្លាំង​នៅពេលដែល​វិស័យ​កសិកម្ម​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ជីវភាព​រស់នៅ​នៅ​បណ្តា​ប្រទេស​ជាច្រើន​ក្នុងអំឡុងពេល​នៃ​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។ ក្រសួង​បាន​គូសបញ្ជាក់ថា ការធ្វើ​ទំនើបកម្ម​កសិកម្ម ចាំបាច់​ត្រូវ​លើកកម្ពស់ ដែល​ក្នុងនោះ​ប្រព័ន្ធធារាសាស្ត្រ​ក៏​នៅតែ​ដើរ​តួយ៉ាង​សំខាន់​ក្នុង​ការធានា​​ស្ថិរភាព និង​ប្រសិទ្ធភាព​ទឹក​សម្រាប់​ការស្រោចស្រព​៕