ភ្នំពេញៈ បុគ្គលិក​ប្រុស​-​ស្រី​ចំនួន​ ៦ ​នាក់ នៃ​មជ្ឈមណ្ឌល​កែសម្ផស្ស​ផ្ការំដួល ត្រូវបាន​កម្លាំង​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ (គ.ប.ផ.ក) ​ឃាត់ខ្លួន កាលពី​យប់​ថ្ងៃទី​ ៥ ខែមករា ឆ្នាំ​ ២០២២ តាម​បណ្ដឹង​របស់​ជនរងគ្រោះ​មួយចំនួន​ដែល​បានទទួល​សេវា​កែសម្ផស្ស​ពី​មជ្ឈមណ្ឌល​នេះ​។

​មជ្ឈមណ្ឌល​នេះ​មាន​ទីតាំង​នៅក្នុង​តំបន់​បឹងកក់ ផ្លូវ​លេខ R8 សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។

លោក តាន់ សុខវិជ្ជា ប្រធាន​លេខាធិការដ្ឋាន គ.ប.ផ.ក បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ៦​ មករា​ថា ក្នុងចំណោម​ជនសង្ស័យ​ ៦​នាក់ ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ មាន​ ៤​ នាក់​ជា​ជនជាតិ​ចិន និង​ ២​នាក់​ទៀត​ជា​ជនជាតិខ្មែរ​។ ទោះ​យ៉ាងណា លោក សុខវិជ្ជា មិនបាន​លម្អិត​អំពី​អត្តសញ្ញាណ​របស់​ជនសង្ស័យ​ទាំង​នោះទេ ហើយក៏​មិនបាន​បញ្ជាក់​អំពី​ខ្លឹមសារ​នៃ​បណ្ដឹង​របស់​ជនរងគ្រោះ​ដែល​បាន​ទៅ​ទទួលយក​សេវា​កែ​សម្ផស្ស​ពី​មជ្ឈមណ្ឌល​នោះ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន​ពួកគេ​ [​ជនសង្ស័យ​] ​កំពុង​ស្ថិតក្រោម​នីតិវិធី​នៃ​ការស៊ើបសួរ​របស់​មន្ត្រី​ជំនាញ​នៃ គ.ប.ផ.ក នៅឡើយ​»​។

បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​ជុំវិញ​ទីតាំង​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ផ្ការំដួល ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅពេល​កម្លាំង​សមត្ថកិច្ច​ចុះទៅ​ត្រួតពិនិត្យ និង ឃាត់ខ្លួន​បុគ្គលិក​នៃ​មជ្ឈមណ្ឌល​កែ​សម្ផស្ស​នេះ មាន​ក្រុម​មេធាវី​ជាច្រើន​នាក់ ចុះមក​ធ្វើ​ការធានា​មិនឱ្យ​មានការ​នាំខ្លួន​បុគ្គលិក​ទាំង​នោះទេ តែ​សមត្ថកិច្ច​មិន​ព្រម ដោយ​បញ្ជាក់ថា មាន​បណ្ដឹង​ចោទប្រកាន់​មួយចំនួន​ពី​ជនរងគ្រោះ​ដែល​តម្រូវឱ្យមាន​ការនាំ​ខ្លួន​ទៅ​សាកសួរ នៅឯ​លេខាធិការដ្ឋាន គ.ប.ផ.ក។

ប្រភព​ដដែល​និយាយទៀតថា លុះដល់​វេលា​ម៉ោង​ ៧​ យប់ ក្រុម​មេធាវី​ការពារ​ឱ្យ​មជ្ឈមណ្ឌល​កែសម្ផស្ស​ផ្ការំដួល​ក៏បាន​យល់ព្រម​ឱ្យ​សមត្ថកិច្ច​នាំខ្លួន​មនុស្ស​ ៦ ​នាក់ ក្នុងនោះ​មាន​ម្នាក់​ជា​គ្រូពេទ្យ ឡើងលើ​រថយន្ត​បញ្ជូន​ទៅកាន់​ក្រសួងមហាផ្ទៃ ចំណែក​បុគ្គលិក​ ១០ ​នាក់​ទៀត ស្នើសុំ​ការអនុញ្ញាត​ពី​សមត្ថកិច្ច​ឱ្យ​ស្នាក់នៅ​ក្នុង​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ផ្ការំដួល​នោះ ជា​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ការអនុវត្ត​នីតិវិធី​បន្ត​។

នៅ​ថ្ងៃទី​ ៦ ខែមករា ឆ្នាំ ​២០២២ ភ្នំពេញ​ ប៉ុស្តិ៍​ បាន​ទាក់ទង​ទៅកាន់​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ផ្ការំដួល​ ប៉ុន្តែ​បុគ្គលិក​ម្នាក់​ដែល​ទទួល​ទូរស័ព្ទ​បាន​បដិសេធ​ធ្វើ​អធិប្បាយ​។

ចំណែក លោក សុខ សុមនោ អនុប្រធាន​លេខាធិការដ្ឋាន គ.ប.ផ.ក និង​ជា​ប្រធាន​ដឹកនាំ​ប្រតិបត្តិការ​លើ​ករណីនេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅពេលនេះ សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​នីតិវិធី​នៃ​ការស៊ើបសួរ ទៅលើ​បុគ្គលិក​នៃ​មជ្ឈមណ្ឌល​កែ​សម្ផស្ស​ផ្ការំដួល​ទាំង​ ៦ ​នាក់ ដោយ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ​៕

វីដេអូ៖