លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ព្រឹក​នេះ បានធ្វើ​ដំណើរ​ដល់​ទីក្រុង​ណៃពិដោ នៃ​ប្រទេស​មីយ៉ាន់ម៉ា ប្រកបដោយ​សុវត្ថិភាព ព្រមទាំង​បានប្រគល់​ម៉ាស់​ចំនួន​ ៣ ​លាន​ម៉ាស់ និង​សម្ភារ​បរិក្ខារ​ពេទ្យ​មួយចំនួន​ផងដែរ​។

ទន្ទឹមនឹង​ការទៅ​ដល់​នេះ នៅវេលា​ម៉ោង​ ១០:១០​ នាទី​ព្រឹក​ថ្ងៃទី ៧ ខែមករា ឆ្នាំ​ ២០២២ ​នេះ លោក ហ៊ុន សែន ក៏បាន​ប្រគល់​អំណោយ​មនុស្សធម៌​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ជូន​សាធារណរដ្ឋ​សហភាព​មីយ៉ាន់ម៉ា ដើម្បី​រួមចំណែក​ជួយ​ដល់​ប្រជាជន​មីយ៉ាន់ម៉ា​ក្នុង​ការទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

អំណោយ​ជា​បរិក្ខារ​ពេទ្យ​ទាំងនោះ​រួមមាន ម៉ាស់​ចំនួន​ ៣ ​លាន ម៉ាស់​ N95​ ចំនួន​ ២ ​សែន​វ៉ែនតា​ការពារ​ចំនួន​ ១​សែន សម្លៀកបំពាក់​សុវត្ថិភាព PPE ចំនួន​ ៣ ​ម៉ឺន របាំង​ការពារ​មុខ ចំនួន ​៣ ​ម៉ឺន ស្បែក​ជើងវែង ចំនួន​ ៣​ពាន់​គូ ម៉ាស៊ីន​ជំនួយ​ដល់​ការដកដង្ហើម ចំនួន​ ៥០ ​គ្រឿង ម៉ាស៊ីន​តាមដាន​សញ្ញា​ជីវិត ចំនួន​ ៥០ ​គ្រឿង និង​ម៉ាស៊ីន​ផលិត​អ៊ុកស៊ីហ្ស៊ែន​ស្វ័យប្រវត្តិ ចំនួន​ ៥០ ​គ្រឿង​ផងដែរ​។

សូម​ជម្រាប​ផង​ដដែរ ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏មាន​សារៈសំខាន់​នេះ លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​នាយ​ឧត្តមសេនីយ៍​ជាន់ខ្ពស់ មីន អ៊ុងឡាំង ដើម្បី​ពិភាក្សា និង​ផ្លាស់ប្តូរ​ទស្សនៈ​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី និង​ការវិវត្ត​ថ្មីៗ​នៅក្នុង​អាស៊ាន ខណៈ​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ ២០២២​។

នេះ​ជា​លើក​ទី​ ៣​ ហើយ ដែល​រដ្ឋាភិបាល​កម្ពុជា​បានផ្ដល់​ជំនួយ​ដល់​ប្រទេស​មីយ៉ាន់ម៉ា​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩៕