ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងហ្សឺណែវ បានបដិសេធចោលទាំងស្រុងនូវការលើកឡើងដោយគ្មានទំនួលខុសត្រូវនិងបង្កការភ័ន្តច្រឡំ ផ្អែកលើព័ត៌មានជ្រើសរើសតែមួយជ្រុង និងពុំបានផ្ទៀងផ្ទាត់ត្រឹមត្រូវរបស់ អ្នករាយការណ៍ពិសេសចំនួនបួនរូប ពាក់ព័ន្ធការអនុវត្តន៍ច្បាប់ ទៅលើសកម្មភាពកូដកម្មរបស់អតីតបុគ្គលិកណាហ្គាវើលដ៍ជាច្រើនសប្ដាហ៍។
សេចក្តីថ្លែងការណ៍ព័ត៌មានរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ ចុះថ្ងៃទី ៦ ខែមករា នេះ បានលើកឡើងថា ចំណាត់ការនានាដែលអាជ្ញាធរកម្ពុជាបានអនុវត្តគឺស្របទៅនឹងច្បាប់ និងមានលក្ខណៈសមាមាត្រ។
តាមរយៈសេចក្តីថ្លែងការណ៍នេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍ បានរំលេចនូវ តថភាពមួយចំនួន ដូចជា អ្នករាយការណ៍ពិសេសបាននិយាយយោងអំពីសិទ្ធិធ្វើកូដកម្ម ក៏ប៉ុន្តែពុំបានលើកឡើងទាល់តែសោះអំពីលក្ខខណ្ឌ តម្រូវចាំបាច់នានាដែលត្រូវបំពេញ មុនកូដកម្មអាចធ្វើឡើងដោយស្របច្បាប់។
សេចក្តីថ្លែងការណ៍បន្តថា ការពិត នៅថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២១ សាលាដំបូងរាជធានី ភ្នំពេញបានប្រកាសប្រាប់រួចមកហើយថា បាតុកម្មទាំងនោះពុំស្របច្បាប់ឡើយ។ ទង្វើបែបនេះរបស់អ្នករាយការណ៍ពិសេស គឺជាការជាន់ឈ្លី សមត្ថកិច្ចជំនាញរបស់គណៈកម្មាធិការទទួលបន្ទុកសេរីភាពបង្កើតសមាគមនៃអង្គការអន្តរជាតិខាងការងារ ដែលទទួលស្គាល់តួនាទីរបស់ ស្ថាប័នឯករាជ្យ (ក្រៅពីរដ្ឋាភិបាល) ក្នុងការប្រកាសភាពស្របច្បាប់នៃកូដកម្ម។
លើសពីនេះទៅទៀត ការអត្ថាធិប្បាយរបស់អ្នករាយការណ៍ ទាំងនោះបានលើកឡើងពុំត្រឹមត្រូវ ដែលថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាភាគីជម្លោះជាមួយបាតុករ។ ប៉ុន្តែ ធាតុពិត ក្រសួងការងារ គ្រាន់តែដើរតួនាទីជាអ្នកសម្រុះសម្រួលតែប៉ុណ្ណោះ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា៖« នៅមុនការអនុវត្តន៍ច្បាប់ អាជ្ញាធរមានសមត្ថកិច្ចបានអំពាវនាវយ៉ាងទទូច ស្នើឱ្យនយោជិតដែលធ្វើកូដកម្ម ងាកមកចរចាដោយសន្តិវិធី ត្រង់ទៅត្រង់មក និងបញ្ឈប់ការធ្វើបាតុកម្មខុសច្បាប់របស់ខ្លួន ដែលអូសបន្លាយ ពេលជាច្រើនសប្ដាហ៍ និងគំរាមគំហែងដល់សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ»។
ស្ថានបេសកកម្មអចិន្ត្រៃយ៍បានបន្តថា ការចោទប្រកាន់របស់អាជ្ញាធរបានធ្វើឡើងដោយផ្អែកលើមូលដ្ឋានភ័ស្ដុតាងរឹងមាំនិងគ្រប់គ្រាន់ រួមទាំងការឆ្លើយសារភាពរបស់កូដករខ្លះ និង ប្រភពហិរញ្ញវត្ថុចិញ្ចឹមចលនារបស់តួអង្គបរទេសមួយចំនួន និងដោយអនុលោមតាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ដែលត្រូវ បានតាក់តែងឡើងដោយមានជំនួយពីអ្នកជំនាញពីប្រទេសលោកខាងលិច។
ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា បន្តទៀតថា អ្នករាយការណ៍ពិសេសទាំងនេះ ពុំដែលសង្កត់ធ្ងន់ទាល់តែសោះថា ការអនុវត្តន៍សិទ្ធិសេរីភាពនៃការបញ្ចេញមតិ ការបង្កើតសមាគម និងការប្រមូលផ្ដុំដោយសន្តិវិធី ត្រូវភ្ជាប់ទៅនឹងករណីកិច្ច ការទទួលខុសត្រូវ និងការកំហិតជាពិសេស ដែលកំណត់ដោយច្បាប់ ដូចមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋនិងនយោបាយ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍សង្កត់ធ្ងន់ថា៖ «ការខកខានថ្លែងដោយចេតនាដូច្នេះ រឹតតែជំរុញផ្តល់កម្លាំងដល់ក្រុមជាក់លាក់ ដែលបានត្រៀមខ្លួនរួចជាស្រេច ទាញយកប្រយោជន៍ ពីស្ថានការណ៍ កាន់តែគឃ្លើន ដើម្បីបម្រើរបៀបវារៈលាក់ពុតរបស់ខ្លួន ដែលពួនជ្រកក្រោមផ្លាកនៃសិទ្ធិធ្វើបាតុកម្មដោយសន្តិវិធី»។
រីឯ បាតុកម្មខុសច្បាប់និងបាតុកម្មទទួលថវិកាឧបត្ថម្ភពីបរទេស ដែលបង្អាក់រំខានដល់សណ្ដាប់ធ្នាប់សាធារណៈ ឬធ្វើឱ្យមានភាពវឹកវរក្នុងសង្គម មិនមែនជាការអនុវត្តន៍សេរីភាពប្រមូលផ្ដុំដោយសន្តិវិធី ដែលស្របតាមរដ្ឋធម្មនុញ្ញនោះឡើយ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានក្រើនរំឭកអ្នករាយការណ៍ពិសេសឱ្យគោរព “ក្រមប្រតិបត្តិសម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេស” និងធ្វើការដោយផ្អែកលើមូលដ្ឋាននៃការពិត ជាជាងការបំភ្លៃព័ត៌មាន ត្រូវចៀសវាងពីការធ្វើអត្ថាធិប្បាយនានា ដែលគ្មានទំនួលខុសត្រូវ និងពីការចោទប្រកាន់ដែលគ្មានមូលដ្ឋាន ដោយពុំលើកឡើងពីការពិត និងពុំមានការផ្ទៀងផ្ទាត់ចំពោះរដ្ឋអធិបតេយ្យឡើយ៕
វីដេអូ៖