ភ្នំពេញៈ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត និង​ក្រុមគ្រូពេទ្យ​មកពី​សហរដ្ឋអាមេរិក​បាន​សហការ​ការ​គ្នា ដើម្បី​ធ្វើការ​ពិនិត្យ ពិគ្រោះ និង​ព្យាបាល​ជំងឺ​វះកាត់​ជំងឺ​មួយចំនួន​ជូន​ពលរដ្ឋ​ចាប់ពី​ថ្ងៃទី ១៦ ដល់​ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ ខាងមុខនេះ។

សេចក្តីជូនដំណឹង​របស់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត​ដល់​មន្ត្រីរាជការ មន្ទីរពេទ្យ និង​ប្រជាពលរដ្ឋ​ថា មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត រួម​សហប្រតិបត្តិការ​ជាមួយ​ក្រុមគ្រូពេទ្យ​មកពី​សហរដ្ឋ អាមេរិក​(Surgeons for Cambodia) ធ្វើការ​ពិនិត្យ​-​ពិគ្រោះ និង​ព្យាបាល​ជំងឺ​វះកាត់​ពោះវៀន ឬសដូង​បាត បូស​អន្ទង់ វះកាត់​ដុំ​ពក ក មុខ មាត់ សម្ភព និង​រោគ​ស្ត្រី ចាប់ពី​ថ្ងៃទី ១៦ ដល់​ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ នេះ។

សេចក្តីជូនដំណឹង​បាន​បញ្ជាក់ថា នៅ​បន្ទប់​ពិគ្រោះ​ជំងឺ​ក្រៅ​គឺមាន​ទទួល​ពី​ពេលព្រឹក ចាប់ពី​ម៉ោង ០៨:០០ ដល់​ម៉ោង ១១:៣០ និង​ពេល​ល្ងាច ចាប់ពី​ម៉ោង ១៤:០០ ដល់​ម៉ោង ១៧:០០។ អ្នក​ដែល​ចង់ដឹង​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​តាម​លេខ​ទូរស័ព្ទ​លេខ​០១២ ៨៥២ ៥២០, ០២៣ ២១១ ៤០៥, ០១៥ ៨៤២ ៥២០ និង​០៦៨ ៨៤២ ៥២០។

មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត កាលពី​ខែធ្នូ​កន្លងមក​ក៏បាន​រៀបចំ​កិច្ចប្រជុំ​មួយ ស្តីអំពី​ការពង្រឹង​បច្ចេកទេស​ពិនិត្យ​ព្យាបាល ការ​ផ្តល់​សេវា​ជូន​អតិថិជន ពង្រឹង​ការ​គោរព​ក្រមសីលធម៌ វិជ្ជាជីវៈ និង បន្ត​ការ​យកចិត្ត​ទុកដាក់​អនុវត្ត​វិធានការណ៍​សុខាភិបាល​ក្នុងការ​បង្ការ ការពារ ទប់ស្កាត់​ការចម្លង​ជំងឺ​កូវីត ១៩ ផងដែរ​។ កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព ឯកឧត្តម​សាស្ត្រាចារ្យ ងី ម៉េង នាយក​មន្ទីរពេទ្យ រួមទាំង​ថ្នាក់ដឹកនាំ ប្រធានការិយាល័យ និង នាយផ្នែក គ្រប់ផ្នែក៕

វីដេអូ៖