រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស ខេង បាន​ជំរុញ​ដល់​ក្រុមការងារ​នៅតាម​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ពង្រឹងស្មារតី​សហប្រតិបត្តិការ​ខ្ពស់​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ដើម្បី​ទប់ស្កាត់ ការបង្ការ និង​ការបង្ក្រាប បទល្មើស​សម្អាត​ប្រាក់ និង​បទល្មើស​ពាក់ព័ន្ធ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។

​ការជំរុញ​នេះ ធ្វើឡើង​ក្នុងឱកាស រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ ខ្លឹមសារ​អនុក្រឹត្យ និងសេចក្ដីសម្រេច​ស្ដីពី​គណៈកម្មាធិការ​សម្របសម្រួល​ថ្នាក់ជាតិ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ ហៅ​កាត់​ថា គ​.​ស​.​ហ កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ ២០២២​។​

​នាឱកាស​នោះ លោក ស ខេង បាន​ណែនាំ​ក្រុមការងារ​នៅតាម​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ឱ្យ​ពង្រឹងស្មារតី​សហប្រតិបត្តិការ​ខ្ពស់ និង​បំពេញភារកិច្ច​ក្នុង​ដែន​សមត្ថកិច្ច និង​ការទទួលខុសត្រូវ​រៀងៗ​ខ្លួន ដើម្បី​ធានា​ឱ្យបាន​នូវ​វឌ្ឍន​ភាពជា​គន្លឹះ​មួយចំនួន​នៃ​ការទប់ស្កាត់ ការបង្ការ និង​ការបង្ក្រាប បទល្មើស​សម្អាត​ប្រាក់ និង​បទល្មើស​ពាក់ព័ន្ធ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។

លោក​បន្តថា​៖«​ត្រូវ​បន្ត​ពង្រឹង​ប្រព័ន្ធ​ប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ សំដៅ​រក្សា​ស្ថិរភាព និង​សុចរិត​ភាព​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​កម្ពុជា​»​។

​អនុក្រឹត្យ​ដែល​បាន​ផ្សព្វផ្សាយ​នៅថ្ងៃនោះ បានកំណត់​អំពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ គ​.​ស​.​ហ​។

​គ​.​ស​.​ហ ដែលជា​យន្តការ​សម្របសម្រួល​ជាន់ខ្ពស់ ក្នុងការ​អនុវត្ត​ច្បាប់​ស្ដីពី​ការប្រឆាំង​ការសំអាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ច្បាប់​ស្ដីពី​ការប្រឆាំង​ហិរញ្ញប្បទាន​ដល់​ការរីក​សាយ​ភាព​អាវុធ​មហា​ប្រល័យ​។​

​សមាសភាព របស់ គ​.​ស​.​ហ រួមមាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង ជា​ប្រធាន អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា លោក ជា ចាន់តូ ជា​អនុប្រធាន​ប្រចាំការ រដ្ឋមន្ត្រីក្រសួង​យ​ត្តិ​ធម៌​លោក កើត រិ​ទ្ធ អនុប្រធាន និង​មាន​សមាជិក​មកពី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត​៕​