ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា លោកហង់ជួន ណារ៉ុនស្នើសាលារៀនរដ្ឋ និងឯកជនជំរុញសិស្ស និងនិស្សិតអាយុចាប់ពី ១២ ឆ្នាំឡើងទៅ ទទួលការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសទី ៣ ឬដូសជំរុញ ឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩ ខណៈមានការរីករាលដាលនៃមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង(Omicron)។
ក្នុងលិខិតផ្សព្វផ្សាយនាថ្ងៃទី ៧ មករា លោកហង់ជួន ណារ៉ុនស្នើគ្រឹះស្ថានឧត្តមសិក្សា គ្រឹះស្ថាន បណ្តុះបណ្តាលគ្រូ និងមន្ទីរអប់រំរាជធានី ខេត្តធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់សិស្ស និងនិស្សិតទាំងអស់ដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងឱ្យទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដូសទី ៣ ឬដូសជំរុញ ចាប់ពីថ្ងៃទី ៣ មករា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទដែលតា និងវីរុសបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ដែលកំពុងចរាចរយ៉ាងសកម្មនៅលើសកលលោក។
លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ «សូមឯកឧត្តម លោកជំទាវ លោក លោកស្រី ផ្សព្វផ្សាយឱ្យ បានទូលំទូលាយដល់សិស្ស និស្សិត គ្រប់គ្រឹះស្ថានឧត្តមសិក្សា គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន ដើម្បីទៅទទួលវ៉ាក់សាំងបង្ការ ជំងឺកូវីដ ១៩ ដូសទី ៣ ឬដូសជំរុញឱ្យបានគ្រប់ៗគ្នា»៕