
រដ្ឋបាលខេត្តកោះកុង រៀបចំពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ចំនួន ៥០០នាក់ ដើម្បីអបអរសាទរខួបទី៤៣ នៃទិវាជ័យជម្នះ ៧ មករា។ រដ្ឋបាលខេត្តកោះកុង
កោះកុងៈ រដ្ឋបាលខេត្តកោះកុង សហការជាមួយរដ្ឋបាលស្រុក បុទុមសាគរ រៀបចំពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ចំនួន ៥០០នាក់ ដើម្បីអបអរសាទរខួបទី៤៣ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ នៅបរិវេណសាលា ស្រុកបុទុមសាគរ ស្ថិតក្នុងឃុំអណ្តូងទឹក ស្រុកបុទុមសាគរ នៅវេលាម៉ោង ៨ ព្រឹក ថ្ងៃទី៨ ខែមករា នេះ។
លោកស្រី ឈី វ៉ា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង សម្តែងនូវការសាទរ និងអរគុណជាពិសេសចំពោះ សប្បុរសជន ទាំងអស់ដែលបានស្ម័គ្រចិត្តបរិច្ចាគឈាមក្នុងឱកាសនោះ ដើម្បីរួមចំណែកប្រើប្រាស់ឈាមបានទាន់ពេលវេលាក្នុងការជួយសង្គ្រោះអាយុជីវិតជនរងគ្រោះ និងជនងាយរងគ្រោះដោយការខ្វះឈាម។
លោកស្រីលើកឡើងថា ផ្អែកតាមការសិក្សាផ្នែកជីវសាស្ត្រ បានបង្ហាញថា ឈាម គឺជាសារធាតុដែលមានសារៈសំខាន់ និងចាំបាច់ បំផុតសម្រាប់រាងកាយរបស់មនុស្សម្នាក់ៗ ដែលវាមានតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំអុកស៊ីហ្ស៊ែន និងសារធាតុចិញ្ចឹម និងគ្រប់គ្រងសីតុណ្ហភាពក្នុងរាងកាយបានទៀតផង។
លោកស្រីថ្លែងថា ៖«វាត្រូវបានផលិតចេញពីខួរឆ្អឹង រួចបញ្ចេញចូលទៅក្នុងចរន្តឈាម ហើយអាចរស់រានមានជីវិតជាមធ្យមត្រឹមតែ ១២០ថ្ងៃតែប៉ុណ្ណោះ ហើយវានឹងត្រូវបានបំផ្លាញចោល និងផលិតថ្មី យ៉ាងឆាប់រហ័សមកវិញ»។
លោកស្រីគូសបញ្ជាក់ថា ការបរិច្ចាគឈាម មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិច្ចាគឡើយ។ នៅមុនពេលធ្វើការបរិច្ចាគ អ្នកស្ម័គ្រចិត្តគឺសុទ្ធតែទទួលបានការត្រួតពិនិត្យសុខភាព ត្រឹមត្រូវ។ ក្នុងករណីដែលគ្រូពេទ្យពិនិត្យឃើញថា សុខភាពមិនបរិបូរទេនោះ គ្រូពេទ្យនឹងមិនអនុញ្ញាតឱ្យធ្វើការបរិច្ចាគនោះឡើយ។
ម៉្យាងទៀត ការបរិច្ចាគឈាមគឺជាគុណធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ជាទឹកចិត្តមនុស្សធម៌ដ៏ធំធេង ក្នុងការជួយសង្គ្រោះជីវិតមនុស្ស បើនិយាយតាមធម៌ព្រះពុទ្ធ ការបរិច្ចាគនេះជាសទ្ធាដ៏ថ្លៃថ្លា ដែលទទួលបានបុណ្យកុសលយ៉ាងច្រើនលើសលប់ ព្រោះជាអំពើល្អ អំពើកុសលដែលអាចជួយសង្គ្រោះជីវិតមនុស្ស។
ឈាម របស់សប្បុរសជនទាំងអស់ នឹងក្លាយជាឱសថទិព្វ អាចជួយសង្គ្រោះដល់អាយុជីវិត របស់មនុស្សជាច្រើន ដែលកំពុងបាត់បង់ឈាម ដោយសារមូលហេតុផ្សេងៗដូចជា គ្រោះថ្នាក់ចរាចរណ៍ អ្នកដែលត្រូវវះកាត់ធ្ងន់ធ្ងរ ម្ដាយដែលកំពុងឆ្លងទន្លេ និងអ្នកជំងឺផ្សេងៗជាច្រើនទៀត។
លោកស្រី ឈី វ៉ា បានលើកឡើងថា នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង តម្រូវការប្រើប្រាស់ឈាមប្រហែល ១៥ ទៅ ២០ប្លោកក្នុង ១ខែ ដែលចំនួនប្រើប្រាស់ នេះមិនសមាមាត្រទៅនឹងការបរិច្ចាគរបស់សប្បុរសជននោះទេ ហេតុដូចនេះ ដើម្បីឱ្យឆ្លើយតបនឹងការជួយសង្គ្រោះជីវិតអ្នកជំងឺឱ្យបានទាន់ពេលវេលា ជាគោលការណ៍ គឺតម្រូវឱ្យសាច់ញាតិ ឬមិត្តភក្ដិអ្នកជំងឺ បរិច្ចាគឈាមប្រសិនបើអ្នកជំងឺត្រូវការបញ្ចូលឈាម។ ប៉ុន្តែ រាល់ឈាមដែលបានបូមចេញមក មិនសុទ្ធតែមានសុវត្ថិភាព ប្រើប្រាស់បានទាំងអស់នោះទេ ជាទូទៅក្នុងចំណោមឈាមដែលបានមក ១០ប្លោក មានសុវត្ថិភាពប្រើប្រាស់បានតែ ៨ ទៅ៩ ប្លោកតែប៉ុណ្ណោះ ហេតុដូចនេះ តម្រូវការឈាមមានការខ្វះខាតនៅឡើយ សម្រាប់ខេត្តកោះកុង។
លោកស្រីបានធ្វើការអំពាវនាវ និងលើកទឹកចិត្តឱ្យសប្បុរសជនទាំងអស់ ចូលរួមបរិច្ចាគឈាមដោយស្ម័គចិត្រ និងដោយមិនមានការបង្ខិតបង្ខំ ឬភ័យខ្លាចឡើយ។ តាមរយៈការបរិច្ចាគនេះផងដែរ ក៏បានបង្ហាញពីទឹកចិត្តដ៏ថ្លៃថ្លា ការយកចិត្តទុកដាក់ និងការចេះជួយគ្នាទៅវិញទៅមករបស់ប្រជាជនកម្ពុជា ដែលជាវប្បធម៌ដ៏ល្អប្រពៃរបស់ប្រជាជនខ្មែរតាំងពីបុរាណកាលមក។
លោកស្រីថ្លែងថា៖«នាងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ចាប់ពីពេលនេះតទៅ និងមិនមានប្រជាជនកម្ពុជាណាម្នាក់ស្លាប់ដោយសារខ្វះឈាមទៀតឡើយ ៖ មានឈាម មានជីវិត មានជីវិតរស់នៅជាមួយគ្នា គឺត្រូវផ្តល់ឈាម បរិច្ចាគឈាម គឺសង្គ្រោះជីវិត»៕