កំពង់ធំៈ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​មន្ត្រី​គម្រោង រ៉េដបូកទំរីង បាន​ចាប់​ឃាត់​ការ​ធ្វើ​សន្និធិ​ឈើហ៊ុប​មូល​ប្រភេទ សុក្រំ និង​ស្វាយព្រៃ ចំនួន ៨​កំណាត់ ស្មើ​នឹង​ប្រមាណ​ជាង ៤ ម៉ែត្រគុប កាល​ពី​ថ្ងៃទី៧ ខែ​មករា នៅ​ក្នុង​តំបន់​បុស្សស្បូវ ស្ថិត​ក្នុង​ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ។

មន្ត្រី​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្រយា មន្ត្រី​នៃ​ផ្នែក​រដ្ឋបាល​ព្រៃឈ​កំពង់ថ្ម សហការ​ជាមួយ​មន្ត្រី​គម្រោង​រ៉េដបូក​ទំរីង និង​កម្លាំង​តំបន់​ប្រតិបត្តិការសឹក​រង​កំពង់ធំ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​បុស្សស្បូវ ស្ថិត​ក្នុង​ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ ២០២២។

ក្នុង​ប្រតិបត្តិការ​នោះ​មន្ត្រី​ជំនាញ បាន​ចាប់​ឃាត់​ការ​ធ្វើ​សន្និធិ​ឈើ​ហ៊ុប​មូល​ប្រភេទ សុក្រំ និង​ស្វាយព្រៃ ចំនួន ០៨​កំណាត់ ស្មើ​នឹង​ជាង​៤ ម៉ែត្រ​គុប ហើយ​បាន​ជួប​ប្រទះ​ទីតាំង​កាប់រាន​ចំនួន ០១​កន្លែង និង​បាន​ដកហូត​បាន​រណារយន្ត​ចំនួន ០២គ្រឿង។

វត្ថុតាង​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ទីស្នាក់ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ក្រយា (អូរកំពប់អំបិល) ស្ថិត​នៅ​ភូមិ​កំពប់អំបិល ឃុំបឹងល្វា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ។ ចំណែក​ជនល្មើស​ដែល​រត់​គេច​ខ្លួនបាត់ សមត្ថកិច្ច​កំពុងស្រាវជ្រាវ៕