ភ្នំពេញៈ គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​ (គ.វ.ក-១៩) នៃ​ក្រសួងសុខាភិបាល ប្រកាស​ពី​ការចាប់​ផ្តើម​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ដូស​ទី​ ៤​ជូន​ក្រុម​គោលដៅ​ជម្រើស​នៅ​រាជធានី​ភ្នំពេញ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ១៤ មករា នៅតាម​មន្ទីរពេទ្យ​ជាតិ​មួយចំនួន​តាម​កាលបរិច្ឆេទ​ និង​ពេលវេលា ខុសៗ​គ្នា​នៃ​ក្រុម​គោលដៅ​ដែល​ត្រូវ​ទទួល​យក​វ៉ាក់សាំង​នេះ​។

លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន គ.វ.ក-១៩ បានចេញ​សេចក្តី​ជូន​ព័ត៌មាន​នា​ថ្ងៃទី​ ៨ មករា បញ្ជាក់ថា គ.វ.ក-១៩ នឹង​ផ្តល់​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដូស​ទី ​៤ ដោយ​ប្រើ​វ៉ាក់សាំង Pfizer ដល់​ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ក្រុមគ្រូពេទ្យ​ជួរមុខ​ទាំង​រដ្ឋ និង​ឯកជន មន្ត្រីរាជការ កងទ័ព នគរបាលជាតិ រហូតដល់​អាជ្ញាធរ​មូលដ្ឋាន និង​ជន​វ័យចាស់ ដែលមាន​អាយុ​ពី​ ៦០ ​ឆ្នាំ​ឡើង​។

លោកស្រី​បន្ថែមថា​៖ «​ក្នុងនោះ​ក៏មាន​បុគ្គលិក​ស្ថានទូត អង្គការ​ជាតិ អន្តរជាតិ អ្នកសារព័ត៌មាន និង​សមាជិក សមាជិកា នៃ​សមគម​សិល្បករ​កម្ពុជា​ក៏ត្រូវ​អនុញ្ញាត ឱ្យ​មាន​ការចាក់​វ៉ាក់សាំង​ដូស​ទី​ ៤ ​ផងដែរ ដែល​ក្រុម​គោលដៅ​ទាំងនេះ​បាន​ចាក់​វ៉ាក់សាំង​កូវីដ ​១៩ ដូស​ទី ​៣ ឬ​ដូ​ស​ជំរុញ​រួច ហើយ​មាន​គម្លាត​ចាប់ពី​ ៤ ​ខែ​ឡើង​»​។

សម្រាប់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​ជាប់កិច្ចសន្យា ដែល​កំពុង​បម្រើការ​នៅ​ថ្នាក់ជាតិ ត្រូវ​ចាក់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។ រីឯ​ឥស្សរជន​ដែលជា​អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឬ​មាន​ឋានៈ​ស្មើ ត្រូវ​ចាក់​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង ដែល​នឹងត្រូវ​ចាប់ផ្តើម​ចាក់​ពីថ្ងៃ​ទី​ ១៤ មករា ដល់​ថ្ងៃទី​ ២ កុម្ភៈ ឆ្នាំ​ ២០២២​។

មន្ទីរពេទ្យ​កុមារ​ជាតិ​នឹង​ទទួល​ចាក់​វ៉ាក់សាំង​ដូស​ទី ​៤ សម្រាប់​មន្ត្រីរាជការ ចាប់ពី​ថ្នាក់​ប្រធាន​នាយកដ្ឋាន​ចុះ និង​មន្ត្រី​ជាប់​កិច្ចសន្យា​នៃ​ក្រសួង​ស្ថាប័ន​ចំនួន​៦ រួមមាន ឧត្តម​ក្រុមប្រឹក្សា​ចៅក្រម ក្រសួងសុខាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធនាគារ​ជាតិ​នៃ​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួងពាណិជ្ជកម្ម ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១៤ មករា ដល់​ថ្ងៃទី​ ២ ​កុម្ភៈ ឆ្នាំ​ ២០២២​។

មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ជាទី​តាំង​ចាក់​វ៉ាក់សាំង​ដូស​ទី​ ៤ ដល់​មន្ត្រីរាជការ ពី​ថ្នាក់​ប្រធាន​នាយកដ្ឋាន​ចុះ និង​មន្ត្រី​ជាប់​កិច្ចសន្យា​នៃ​ក្រសួង​ស្ថាប័ន ចំនួន​ ២០ ចាប់ពី​ថ្ងៃទី​ ១៤ មករា ដល់​ថ្ងៃទី​ ៨ ខែកុម្ភៈ​។ ក្នុងនោះ​មាន ក្រសួងព្រះបរមរាជវាំង ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋសភា ទី​ស្តីការ​គណៈរដ្ឋមន្ត្រី តុលាការ​កំពូល សាលាឧទ្ធរណ៍​ភ្នំពេញ​។ ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច ក្រសួងការបរទេស ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្រសួង​រៀបចំ​ដែនដី គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(គ.ជ.ប) ក្រសួងផែនការ ក្រសួង​អភិវឌ្ឍន៍​ជនបទ អាជ្ញាធរ​សវនកម្ម​ជាតិ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្រសួង​សាធារណការ ក្រសួងបរិស្ថាន អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រសួង​កិច្ចការនារី​។

ក្រសួង​សុខាភិបាល បញ្ជាក់ថា មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក ជា​ទីតាំង​ចាក់​វ៉ាក់សាំង​កូវីដ​-១៩​ដូស​ទី​ ៤ ដល់​មន្ត្រីរាជការ​ចាប់​ពី​ថ្នាក់​ប្រធាន​នាយកដ្ឋាន​ចុះ និង​មន្ត្រី​ជាប់កិច្ចសន្យា នៃ​ក្រសួង​ស្ថាប័ន ចំនួន​ ១៤ ចាប់ពី​ថ្ងៃទី​ ១៤ មករា ដល់​ថ្ងៃទី​ ៦ កុម្ភៈ​។ ក្នុងនោះ​មាន​ក្រសួងកសិកម្ម ក្រសួង​មុខងារ​សាធារណៈ កាកបាទក្រហម​កម្ពុជា ក្រសួងទេសចរណ៍ ក្រសួង​ព័ត៌មាន ក្រសួងយុត្តិធម៌ ក្រសួង​ធម្មការ និង​សាសនា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ ក្រសួង​សង្គមកិច្ច​ក្រសួង​ធនធានទឹក ក្រសួង​រ៉ែ ក្រសួង​ប្រៃសណីយ៍ អាកាសចរ​ស៊ីវិល និង​អាជ្ញាធរ​ផ្សេងៗ​។

រីឯ​មន្ត្រី​អង្គការសហប្រជាជាតិ មន្ត្រី​បុគ្គលិក​ស្ថានទូត ស្ថាន​កុងស៊ុល ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​នានា មន្ត្រី និង​បុគ្គលិក​អង្គការ​ជាតិ អន្តរជាតិ និង​ដៃគូ​ផ្សេងៗ​ទៀត ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ទី​ ៣ ឬ​ដូស​ជំរុញ​រួចហើយ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ដូស​ទី ​៤ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ចាប់ពី​ថ្ងៃទី​ ៧ ដល់​ថ្ងៃទី ​១០ កុម្ភៈ​។

ចំពោះ​អ្នកសារព័ត៌មាន និង​សមាគម​សិល្បករ​កម្ពុជា ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ទី ​៤ នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង ចាប់ពី​ថ្ងៃទី​ ៣-១២ ​កុម្ភៈ​។ ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ទី​ ៤​សម្រាប់​មន្ត្រីនគរបាល​ជាតិ នៅ​ថ្នាក់ជាតិ ចាប់ពី​ថ្នាក់​ប្រធាន​នាយកដ្ឋាន​ចុះ និង​មន្ត្រី​ជាប់កិច្ចសន្យា​ (​នៅ​រាជធានី​ភ្នំពេញ​) នៃ​ក្រសួងមហាផ្ទៃ នឹងត្រូវ​រៀបចំ​ចាត់ចែង​ការចាក់​ដោយ​ក្រុមគ្រូពេទ្យ នៃ​មន្ទីរពេទ្យ​ ១៦ ឧសភា របស់​ក្រសួងមហាផ្ទៃ ចាប់ពី​ថ្ងៃទី ​១៤-២៧ ខែមករា​។

សម្រាប់​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ទី ​៤​ ដល់​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ការពារជាតិ និង​កងទ័ព​នៅ​ថ្នាក់ជាតិ​វិញ ចំពោះ​កងទ័ព គ្រួសារ​កងទ័ព និង​អតីតយុទ្ធជន ​(​នៅ​រាជធានី​ភ្នំពេញ​)​ នឹងត្រូវ​រៀបចំ​ចាក់​ដោយ​អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្រសួងការពារជាតិ ដែល​ក្រសួង​ការពារជាតិ​នឹង​ចេញ​សេចក្តី​ជូន​ព័ត៌មាន​ពី​ទីតាំង និង​ពេលវេលា​នៃ​ការចាក់​វ៉ាក់សាំង​នេះ​។

គ.វ.ក-១៩ បញ្ជាក់ថា សម្រាប់​មន្ត្រី​សុខាភិបាល​ជួរមុខ​ទាំង​រដ្ឋ និង​ឯកជន និង​មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​ជាប់កិច្ចសន្យា ព្រមទាំង​ប្រជាពលរដ្ឋ ដែលមាន​អាយុ​ពី​ ៦០ ​ឆ្នាំ​ឡើង ក្រោម​ឱវាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​ដូស​ទី ​៤ ដែល​រៀបចំ ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​នឹង​ជូន​ព័ត៌មាន​នៅពេល​ក្រោយ​។

លោកស្រី​ វណ្ណឌីន​ ថា​៖« ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ទី​ ៤ ដើម្បី​បង្កើន​ភាពស៊ាំ​ទប់ទល់​នឹង​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ជាពិសេស​វីរុស​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ ដែល​តា និង​ប្រភេទ​អូមី​ក្រុង ដើម្បី​បាន​វិលត្រឡប់​ទៅ​ដំណើរការ​ជា​ប្រក្រតី​នូវ​ការរស់នៅ​រួមទាំង​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​ផ្សេងៗ​ឡើងវិញ​ក្នុងពេល​ខាងមុខនេះ​»​។

គ.វ.ក-១៩ ក៏​អំពាវនាវ​ប្រជាពលរដ្ឋ​ឱ្យ​បន្ត​អនុវត្ត​វិធានការ​ ៣ ​ការពារ និង​ ៣ ​កុំ​ឱ្យបាន​ត្រឹមត្រូវ ទោះបីជា​បុគ្គល​ម្នាក់ៗ​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​រួចហើយ​ក្តី​៕