ក្រចេះ: លោក​ ម៉ុក ពន្លក នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៩ ខែមករា​ថា សត្វ​ផ្សោត​ ១​ ក្បាល​ដែល​ងាប់​លើ​ឆ្នេរ​ខ្សាច់​នៅ​ភូមិ​ក្បាលកោះ សង្កាត់​កោះ​ទ្រង់ ក្រុង​ក្រចេះ ត្រូវ​បានប្រគល់​ទៅឱ្យ​ក្រុម​ស្រាវជ្រាវ​នៃ​អង្គការ WWF ហើយ​ប៉ុន្តែ​នៅ​មិនទាន់មាន​របាយការណ៍​បញ្ជាក់​យ៉ាងណា​នៅឡើយ​ទេ​។

លោក ម៉ុក ពន្លក ថ្លែងថា បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ពី​ពលរដ្ឋ​នៅ​មូលដ្ឋាន​សង្កាត់​កោះ​ទ្រង់​ថា បានឃើញ​ផ្សោត​បណ្តែត​ទឹក​ ១​ ក្បាល នៅ​ក្បាលកោះ​ទ្រង់ កម្លាំង​ក្រុម​ឆ្មាំ​នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​បាន​ចុះ​ស្រាវជ្រាវ​ឃើញ​នៅ​ថ្ងៃទី​ ៨ ខែមករា និង​បាន​យកទៅ​ប្រគល់ជូន​ក្រុម​ស្រាវជ្រាវ​នៃ​អង្គការ​ WWF រួចហើយ ដើម្បី​ស្រាវជ្រាវ ប៉ុន្តែ​មកទល់​ថ្ងៃទី​ ៩ មករា នៅ​មិនទាន់​ទទួលបាន​របាយការណ៍​យ៉ាងណាទេ​។

លោក​ថ្លែងថា​៖ «​មិនទាន់​ដឹងថា​ប្រភេទ​ឈ្មោល ឬ​ញី ហើយ​មាន​ទម្ងន់​ប៉ុន្មាន បណ្តោយ​ប៉ុន្មាន ទទឹង​ប៉ុន្មាន រស់នៅក្នុង​អន្លង់​ណា វា​អត់​ទាន់​មាន​របាយការណ៍​។

ម្សិលមិញ​ហ្នឹង ពួកគាត់​អត់​ទាន់​បានធ្វើ​របាយការណ៍​ជាក់លាក់​មួយ​ ដើម្បី​ផ្តល់ឱ្យ​ខាង​ខ្ញុំ អ៊ីចឹង ខ្ញុំ​អត់​ទាន់​បានទទួល​ព័ត៌មាន​ហើយ​ណាមួយ​ផ្សោត​ហ្នឹង​ងាប់​រយៈពេល​ជាច្រើន​ថ្ងៃ​មកហើយ​វា​បាន​ស្អុយរលួយ​មាន​ដង្កូវ​ ១​ ៗ​ទៀតហើយ​ហ្នឹង​»​។

ជាការ​កត់សម្គាល់ សម្រាប់​ខេត្តក្រចេះ សត្វ​ផ្សោត​គឺជា​គោលដៅ​ទេសចរណ៍​ដ៏សំខាន់​ដើម្បី​ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​កម្សាន្ត តែ​ប្រសិនបើ​សត្វ​​ផ្សោត​នៅតែ​បន្ត​ងាប់ ខេត្ត​នេះ​អាច​នឹង​ប៉ះពាល់​ដល់​កំណើន​ភ្ញៀវទេសចរ​ផងដែរ​។

យ៉ាងណាក្ដី កាលពី​ថ្មីៗ​នេះ កូន​សត្វផ្សោត​អ៊ីរ៉ាវ៉ាឌី​ ១ ​ក្បាល​ថ្មី​ទៀត ត្រូវបាន​ក្រុម​អ្នកស្រាវជ្រាវ​នៃ​រដ្ឋបាល​ជលផល និង​អង្គការ WWF ​កត់ត្រា​ទុក​ថា ជា​កូន​ទី​ ៦ ​ដែល​បានកើត​នៅ​ឆ្នាំ​ ២០២១ បន្ទាប់ពី​ឆ្នាំ​ ២០២០ ​មានកូន​ផ្សោត​កើត​ថ្មី​ចំនួន​ ៩​ ក្បាល​​នៅក្នុង​ទីជម្រក​ធម្មជាតិ​នៃ​អន្លង់​សត្វផ្សោត​កាំ​ពី​ក្នុង​ខេត្តក្រចេះ​។ នេះ​បើ​យោងតាម​អង្គការ WWF កម្ពុជា​។

អង្គការ​អភិរក្ស​នេះ​បានសរសេរ​ថា​៖ «​ឆ្នាំ​ ២០២១ ​បាន​បិទ​បញ្ចប់​ជាមួយនឹង​ដំណឹង​ដែល​ពោរពេញ​ដោយ​ក្តីរំភើប​ជាពិសេស​សម្រាប់​ហ្វូង​សត្វ​ផ្សោត​អ៊ីរ៉ាវ៉ាឌី និង​ប្រព័ន្ធ​ទន្លេមេគង្គ​ទាំងមូល​ព្រោះ​កូន​សត្វផ្សោត​ ១​ក្បាល​ថ្មី ដែលជា​កូន​ទី​ ៦ សម្រាប់​ឆ្នាំ​ ២០២១ ត្រូវបាន​ក្រុម​អ្នកស្រាវជ្រាវ​នៃ​រដ្ឋបាល​ជលផល និង​អង្គការ WWF កត់ត្រាទុក​កាលពី​ថ្ងៃទី​ ៣១ ខែធ្នូ​» ។

អង្គការ​ដដែល​នេះ​ក៏បាន​ឱ្យដឹង​ផងដែរ​ថា នៅក្នុង​ឆ្នាំ​ ២០២០ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​កត់​ត្រាទុក​សត្វ​ផ្សោត​កើត​ថ្មី​សរុប​ចំនួន​ ៩ ​ក្បាល​។ ​ជំរឿន​សត្វ​ផ្សោត​ទន្លេមេគង្គ​បាន​ប៉ាន់ប្រមាណ​ថា មាន​សរុប​ត្រឹមតែ​ ៨៩​ ក្បាល​ប៉ុណ្ណោះ ដែល​កំពុង​រស់នៅក្នុង​ទន្លេមេគង្គ​កម្ពុជា​។ ស្ថានភាព​នេះ​ចាំបាច់​ទាមទារ​នូវ​វិធានការ​រួមគ្នា និង​ខ្លាំងក្លា​ជាង​មុន​ដើម្បី​ការពារ​ប្រភេទ​សត្វ​ផ្សោត​ទឹកសាប​ដែលមាន​សារៈសំខាន់​ជាសកល​ទាំងនេះ ដើម្បីឱ្យ​ចៀស​ផុតពី​ការឈានទៅរក​ការផុត​ពូជ​។

អង្គការ​បាន​បញ្ជាក់ថា «​មិនតែប៉ុណ្ណោះ​យើង​ត្រូវ​រួមគ្នា​ការពារ​ទន្លេមេគង្គ និង​ថែរក្សា​រំហូរ​បែប​ធម្មជាតិ​របស់​វា​ឱ្យ​គង់វង្ស នាពេល​ឥឡូវនេះ មុន​វា​យឺត​ពេល​»​។

ទន្លេមេគង្គ​ក្នុងប្រទេស​កម្ពុជា​គឺជា​ទីជម្រក​ដ៏សំខាន់​របស់​សត្វ​ផ្សោត​អ៊ីរ៉ាវ៉ាឌី​ដែល​ប្រភេទ​សត្វ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត​។ ​វា​ជាស​ត្វ​ផ្សោត​ដែល​ស្ថិតក្នុង​ចំណោម​ប្រភេទ​សត្វ​ផ្សោត​ទឹកសាប​ទាំងអស់​ចំនួន​តែ​ ៦ ប៉ុណ្ណោះ នៅលើ​ពិភពលោក​៕