បាត់ដំបងៈ នៅ​ព្រឹក​ថ្ងៃទី​ ១០ ខែមករា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ធ្វើជា​អធិបតី សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កំណាត់​ផ្លូវជាតិ​លេខ ៥ ពី​ខេត្តបាត់ដំបង ទៅ​ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ​ប្រវែង ៨៤,៧៤ គ.ម​។

សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្តបាត់ដំបង​បានឱ្យដឹងថា​ ដើម្បី​សម្រួល​ដល់​ការសម្ពោធ​ផ្លូវ និង​ចៀសវាង​ការកកស្ទះ​ចរាចរណ៍ រដ្ឋបាលខេត្ត បានសម្រេច​បិទ​ចរាចរណ៍​ជា​បណ្តោះអាសន្ន​លើ​កំណាត់​ផ្លូវ​វាង​ក្រុង​បាត់ដំបង ចាប់ពី​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ ៥ ភូមិ​ស្វាយ​ជុំ ឃុំ​ជ្រៃ ស្រុក​ថ្មគោល រហូតដល់​ចំណុចប្រសព្វ​ជាមួយ​ផ្លូវ ស្រប​អាង​ម៉ាឈិត​ឆ្ពោះទៅ​អាង​កំពីងពួយ​ចាប់ពី​ម៉ោង​ ៤:០០ ព្រឹក ដល់​ម៉ោង ១២:០០ ថ្ងៃត្រង់​។

អភិបាលខេត្ត​បាត់ដំបង​លោក សុខ លូ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រុមការងារ បាន​ត្រៀមលក្ខណៈ​រួចជាស្រេច​ចំពោះ​ការរៀបចំ​ដាក់ឱ្យ​សម្ពោធ​ផ្លូវ​នេះ​។ បន្ថែម​ពីនេះ​លោក​គូសបញ្ជាក់ថា កំណាត់​ផ្លូវ​នេះ​ប្រាកដ​ណាស់​ពិតជា​មាន​សារៈសំខាន់​សម្រាប់​ការធ្វើ​ដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ សម្រួល​ដល់​ការដឹកទំនិញ​ផ្សេងៗ ហើយ​ជា​ខ្សែផ្លូវ​ដ៏​មាន​សារៈសំខាន់​ចំពោះ​សេដ្ឋកិច្ច​ថែមទៀត​។ លោក​ថា​៖ «​ផ្លូវ​នេះ​កាលពី​មិនទាន់​ធ្វើ​វិញ គឺមាន​ខូចខាត​ខ្លាំង ដែល​ធ្វើឱ្យ​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​មានការ​លំបាក​ណាស់ គឺ​ចំណាយ​ថវិកា​ច្រើន​ពេលវេលា​ក៏ច្រើន ដល់ពេល​ផ្លូវ​នេះ​ធ្វើ​ហើយ​គឺ​កាត់បន្ថយ​ពេលវេលា​និង​ថវិកា ហើយ​ការដឹកជញ្ជូន​ទំនិញ​គឺ​ស្រួល​ជាង​មុន​ឆ្ងាយ​»​។

គម្រោង​ផ្លូវ​នេះ​ក៏ធ្លាប់​ត្រូវបាន រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល ចុះ​ពិនិត្យ​គុណភាព​ផងដែរ កាលពី​ខែមិថុនា ឆ្នាំ​ ២០២១ កន្លងមក​។ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បាន​បញ្ជាក់ថា ផ្លូវជាតិ​លេខ ៥ ​នេះ គឺជា​ផ្លូវ​សំខាន់ និង​ជា​សរសៃឈាម​ដ៏ធំ​មួយ ដើម្បី​ធ្វើឱ្យ​សេដ្ឋកិច្ចជាតិ មាន​ការរីកចម្រើន​ថែមទៀត​។

លោក​ថា​៖ «​ផ្លូវជាតិ​លេខ​ ៥ ​នេះ គឺ​សំខាន់​ណាស់ វា​ជា​ចំណែក​ផ្លូវ​របស់​អាស៊ាន​ហាយ​វេលេខ​ ១ ដែល​បាន​តភ្ជាប់​តាំងពី​មីយ៉ាន់ម៉ា មក​ថៃ កម្ពុជា និង វៀតណាម​សម្រាប់​ដឹកទំនិញ​។ យើង មាន​កសិផល​ក៏​ច្រើន​នៅ​ប៉ៃលិន បាត់ដំបង រួម​នឹង​ខេត្ត​ផ្សេងទៀត​អាច​ដឹក​មក​តាមផ្លូវ​នេះ​ចុះទៅ​កំពង់ផែ​ហើយ​បន្តិច ទៀត​អាច​តភ្ជាប់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះសីហនុ​»​។ កំណាត់​ផ្លូវ​នេះ​មាន​ដាំ​លម្អ​ដើម​ត្របែកព្រៃ​នៅ​ចំ​កណ្ដាល​ទ្រូងផ្លូវ​ប្រមាណ ១២ ០០០ ដើម ចាប់ពី​ក្រុង​បាត់ដំបង​រហូតដល់​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។ ដោយឡែក ផ្លូវ​វាង​ក្រុង​បាត់ដំបង និង​ផ្លូវ​វាង​ក្រុង​សិរីសោភ័ណ មាន​ដាំ​លម្អ​ដើម​ក្ងោក​នៅ​អម​សងខាង​ផ្លូវ​ប្រមាណ ​៦ ៤០០ ដើម ដើម្បី​ការពារ​ការទន្ទ្រាន​ដី​ចំណីផ្លូវ បង្កើន​សោភណភាព និង​ជួយ​ទាក់ទាញ​អ្នកបើកបរ ក៏ដូចជា​អ្នកធ្វើដំណើរ​ឱ្យទទួល​បាន​នូវ​អារម្មណ៍​ស្រស់ស្រាយ​ផងដែរ​។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឱ្យដឹងថា គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ នូវ​កំណាត់​ផ្លូវជាតិ​លេខ​ ៥ គឺជា​គម្រោង​ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន​តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ប្រចាំ​កម្ពុជា (JICA)​។

ពាក់ព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នេះដែរ រាជរដ្ឋាភិបាល បានអនុម័ត​កញ្ចប់​ថវិកា​សាងសង់​ផ្លូវ​រាប់រយ​លាន​ដុល្លារ នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​សៀមរាប ហើយ​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នាពេល​កន្ល​ង​ទៅក្នុង​នោះ​កសាង​ផ្លូវ ៣៤ ខ្សែ​ និង​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ចំនួន​ ៣ ​នៅ​ខេត្ត​ព្រះសីហនុ​ដោយ​ចំណាយ​ថវិកា​សរុប​ប្រមាណ​ ៣០០​ លាន​ដុល្លារ​អាមេរិក​។ រីឯ​ការកសាង​ផ្លូវ​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប មាន​ចំនួន ៣៨ ខ្សែ ចំណាយ​ថវិកា​សរុប​ប្រមាណ ១៥០ លាន​ដុល្លារ​។

ជាមួយ​នឹង​សមិទ្ធផល​ដែល​សម្រេចបាន​ថ្មីៗ​ទាំងនេះ លោក ហ៊ុន សែន ធ្លាប់បាន​ថ្លែងថា លោក​ពិតជា​មាន​មោទនភាព ចំពោះ​ការសាងសង់​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ក្រុងព្រះសីហនុ ហើយ​ប្រើប្រាស់​ថវិកាជាតិ​សម្រាប់​ការវិនិយោគ​ជា​លើកដំបូង​៕