
លោកស្រី ទ្រី ដាណា។ រូបថត ហ្វេសប៊ុក
មណ្ឌលគិរីៈ អ្នកស្រី ទ្រី ដាណា បានសុំទោសជាសាធារណៈលើបណ្តាញសង្គមហ្វេសប៊ុកចំពោះជនជាតិដើមភាគតិចព្នង កាលពីថ្ងៃទី ៦ ខែមករា ដោយអះអាងថា មិនមានចេតនាសំដៅជះកំហឹងប្រមាថមើលងាយលើបងប្អូនជនជាតិព្នងទេ។ ចំពោះការសុំទោសជាសាធារណៈនេះ តំណាងជនជាតិដើមភាគតិចព្នងថា មិនអាចយកជាផ្លូវការបានឡើយអ្នកស្រី ទ្រី ដាណា ត្រូវមកសុំទោសផ្ទាល់ដល់កន្លែង។
អ្នកស្រី ទ្រី ដាណា បានសរសេរបង្ហោះសុំទោសជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី ៦ ខែមករា ថា អ្នកស្រីមិនមានចេតនាប្រមាថមើលងាយចំពោះជនជាតិសាសន៍ណាឡើយ គឺមានតែការគោរពស្រឡាញ់ និងផ្ដល់ស្នាមញញឹមជូនពួកគាត់ បន្តែការនិយាយពេលខឹង តែងមានលើសលស់ ឬកំហុសមួយពេល។ អ្នកស្រីអះអាងថា ពេលនោះអ្នកស្រីមិនបាននិយាយសំដៅលើជនជាតិដើមភាគតិចព្នងទេ គឺសំដៅតែលើអតីតប្ដីអ្នកស្រីប៉ុណ្ណោះ។
អ្នកស្រីសរសេរថា៖ «ដោយសារខឹងពេក នាងខ្ញុំសុំទោស ចំពោះការប្រើពាក្យព្នងចុងស្រុក តែការនិយាយនោះមិនមានចេតនា ប្រមាថមើលងាយលើបងប្អូនជនជាតិព្នងទេ។ នាងខ្ញុំគោរពស្រឡាញ់ ចូលចិត្តវប្បធម៌បងប្អូនជនជាតិដើមភាគតិច។ ខ្ញុំស្រឡាញ់ទឹកដីមណ្ឌលគិរី ហើយថែមទាំងទិញដីសង់ផ្ទះនៅទីនោះឆាប់ៗផង (កំពុងសង់)»។
តាមរយៈការបង្ហោះពាក្យសុំទោសអមដោយរូបភាពក្នុងសម្លៀកបំពាក់ប្រពៃណីជនជាតិដើមភាគតិចព្នង អ្នកស្រី ទ្រីដាណា លើកឡើងទៀតថា៖ «បងប្អូនសាកចូលមើលក្នុងផេចនាងខ្ញុំបន្តិចទៅមើល នាងខ្ញុំធ្វើបុណ្យ មិនដែលរើសអើងជាតិសាសន៍ ឬអ្នកណា មកពីណានោះទេ។ នាងខ្ញុំសូមសំណូមពរ កុំឱ្យមានការរើសអើងជាតិសាសន៍ ជាពិសេសគោរពស្រឡាញ់ ជនរួមជាតិលើទឹកដីខ្មែរតែមួយ»។
អ្នកស្រី ទ្រី ដាណា លើកឡើងទៀតថា មួយរយៈនេះអ្នកស្រីមានការរវល់ខ្លាំងទើបមិនបានតាមដានរឿងនេះឡើយ។ តាមពិតជនជាតិដើមភាគតិចព្នង គាត់គ្រាន់តែចង់ឱ្យឈប់ប្រើពាក្យមិនល្អទៀតប៉ុណ្ណោះ។ បន្ថែមលើនោះ អ្នកស្រីថា នឹងទៅនៅខេត្តមណ្ឌលគិរី នៅពេលផ្ទះរបស់អ្នកស្រីធ្វើរួច ដោយមានបំណងសុំសាកម្ហូបឆ្ងាញ់ៗរបស់ជនជាតិដើមភាគតិចព្នងទៀតផង។
អ្នកស្រី ភ្លឹក ភីរុំ តំណាងជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរី ថ្លែងនៅថ្ងៃទី ៩ ខែមករាថា ការសុំទោសជាសាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុកពីសំណាក់អ្នកស្រី ទ្រីដាណា គឺមិនអាចយកជាការបានឡើយ។ ក្នុងករណីនេះ ជនជាតិដើមភាគតិចព្នងក៏មិនអាចដកពាក្យបណ្តឹងចេញបានដែរ។
អ្នកស្រីថា ក្នុងគោលការណ៍ និងការពិភាក្សារបស់បងប្អូនជនជាតិដើមភាគតិចព្នង បានចាត់ទុកថា នោះជាការមើលងាយម្តងហើយម្តងទៀត ព្រោះចាស់ទុំជាជនជាតិដើមភាគតិចព្នង ដែលមិនបានប្រើទូរស័ព្ទគឺមិនបានដឹងឡើយ ហេតុនេះពួកគាត់ចង់ជួបផ្ទាល់ដោយឱ្យធ្វើពិធីសុំទោសជាសាធារណៈនៅមជ្ឈមណ្ឌលជនជាតិដើមភាគតិចព្នង លើភ្នំដោះក្រមុំ។
អ្នកស្រីបានថ្លែងថា៖ «ពួកខ្ញុំពិភាក្សាថា អ្នកស្រី ទ្រី ដាណា គាត់ត្រូវតែមកខេត្តមណ្ឌលគិរី ធ្វើការសុំទោសពួកខ្ញុំជាសាធារណៈ ដើម្បីឱ្យពួកបងប្អូនខ្ញុំបានដឹងបានឮ ហើយឥឡូវហ្នឹងពួកខ្ញុំទន្ទឹងរង់ចាំថា គាត់នឹងមកសុំទោសពួកខ្ញុំនៅថ្ងៃណាមួយ ហើយពួកខ្ញុំនឹងពិន័យគាត់ទៅតាមប្រពៃណីទំនៀមទម្លាប់របស់ជនជាតិពួកខ្ញុំ។ យើងមិនអាចចរចាជាមួយគាត់បានឡើយ បើគាត់មិនមកជួបពួកយើង»។
អ្នកស្រី ភ្លឹក ភីរុំ បញ្ជាក់ថា អ្នកស្រី ទ្រី ដាណា មានការមមាញឹកច្រើនចំពោះបញ្ហាចែកអំណោយ និងការផ្សាយលក់ផលិតផលរបស់ខ្លួន ប៉ុន្តែចំពោះការរើសអើងពូជសាសន៍ដែលជាបញ្ហាធំបែរជាមិនសូវអើពើ ធ្វើព្រងើយកន្តើយ និងសរសេរលេងៗនៅលើបណ្តាញសង្គមហ្វេសប៊ុកទៅវិញ។
អ្នកស្រី ភ្លឹក ភីរុំ បញ្ជាក់ថា ឱ្យដឹងផងដែរថា៖ «ជនជាតិព្នងច្រើនខេត្ត មិនមែនតែខ្ញុំម្នាក់ឯងទេ»។
អ្នកស្រី ភ្លឹក ភីរុំ បញ្ជាក់ថា៖ «បើថាគាត់ធ្វើខុសចំពោះខ្ញុំតែម្នាក់ឯង គាត់អាចធ្វើការសុំទោសជាសាធារណៈនៅលើបណ្តាញសង្គមហ្វេសប៊ុកបាន ប៉ុន្តែ នេះគឺជនជាតិដើមភាគតិចព្នងទូទាំងប្រទេស គឺគាត់មិនអាចធ្វើអ៊ីចឹងបានទេ»៕
វីដេអូ៖