សៀមរាបៈ ផ្លូវ​ទាំង ៣៨ ខ្សែ នៅ​ក្រុង​សៀមរាប ដែលជា​គម្រោង​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ​ឱ្យមាន​ភាពល្អប្រសើរ​បាន​បញ្ចប់​ការស្ថាបនា ១០០ ​ភាគរយ​ហើយ ប៉ុន្តែ​ការតុបតែង​ដោយ​ដាក់​អំពូល​លម្អ​ផ្លូវ និង​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ទើប​សម្រេចបាន​ជាង ៧០ ​ភាគរយ​។ នេះ​បើតាម​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល​។

ក្នុង​អំឡុងពេល​ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​ ៣៨ ខ្សែ ក្នុង​ក្រុង​សៀមរាប នា​ថ្ងៃទី​ ៩ ខែមករា លោក ស៊ុន ចាន់ថុល ថ្លែងថា ជារួម​ការសាងសង់​ផ្លូវ​ទាំងអស់​ ៣៨ ខ្សែ​រួចរាល់​ ១០០ ​ភាគរយ​ហើយ និង​ត្រៀម​ដាក់​សម្ពោធ​ឱ្យប្រើប្រាស់​ជា​ផ្លូវការ​នាពេលខាងមុខ​។

លោក​ថា​៖ «​គិត​មកដល់​ថ្ងៃទី ​២៩ ខែធ្នូ ឆ្នាំ​ ២០២១ យើង​បានបញ្ចប់​ជា​ស្ថាពរ​ ១០០​ ភាគរយ​លើ​ការសាងសង់​ផ្លូវ​ទាំងអស់​ទាំង​ ៣៨​ ខ្សែ​។ ប៉ុន្តែ​ចំពោះ​ការដាក់​បរិក្ខារ​ផ្លូវថ្នល់ ដូចជា​បង្គោល​ភ្លើង ភ្លើងស្តុប​ចរាចរណ៍​ក៏ដូចជា​ដាក់​កាមេរ៉ា យើង​ធ្វើបាន​ ៧២​ ភាគរយ​ទេ ប៉ុន្តែ​ជារួម​ផ្លូវ​ធ្វើ​ហើយ ១០០ ​ភាគរយ​តាម​ការគ្រោងទុក​»​។

លោក​បន្តថា ពាក់ព័ន្ធ​ការ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នោះ មិនទាន់​អាច​កំណត់​កាលបរិច្ឆេទ​បាន​នៅឡើយ​ទេ ដោយ​រង់ចាំ​គោរព​ស្នើសុំ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​រក​ពេលវេលា​សមស្រប​។

ទន្ទឹម​នឹងមាន​ហេដ្ឋារចនាសម្ព័ន្ធ​ស្អាត​នេះដែរ លោក​ ស៊ុន ចាន់ថុល​ស្នើឱ្យ​ពលរដ្ឋ​ចូលរួម​ថែរក្សា​ទាំងអស់គ្នា​ដើម្បី​ប្រើ​ប្រាស់​ជា​ប្រយោជន៍​រួម​បានយូរ​។

លោក​បន្តថា ទន្ទឹមនឹង​ការសាងសង់​ផ្លូវ ៣៨​ខ្សែ ក៏មាន​សាងសង់​លូទឹក​ភ្លៀង និង​លូទឹកកខ្វក់​ប្រវែង ២៥០ ​គីឡូម៉ែត្រ ផងដែរ និង​ដាក់​កាមេរ៉ា​សុវត្ថិភាព ២០០ ​កន្លែង ភ្លើងស្តុប ២០ ​កន្លែង ដាក់​បង្គោល​ភ្លើង ៥ ៣០០ បង្គោល ដាំ​ដើមឈើ ៣ ១២៥ ដើម ដើម្បី​លើក​សោភណភាព​ផ្លូវ​ឱ្យ​កាន់តែ​ល្អ​បន្ថែមទៀត​។

លោក​បាន​ថ្លែង​ឱ្យដឹង​ដែរ​ថា ក្រៅពី​ផ្លូវ ៣៨ ​ខ្សែ​នេះ ក៏មាន​សង់​ផ្លូវ​ ២ ​ខ្សែ​ទៀត ចាប់ពី​ស្តុប​សណ្ឋាគារ​សុខា​ទៅ​ព្រលាន​យន្តហោះ​ប្រវែង ៥ ​គីឡូម៉ែត្រ ដែល​ពង្រីក​ដល់ ៨ ​គន្លង​ទៅ​ ៤​ មក​ ៤​ គន្លង ដែល​នឹង​បញ្ចប់​នៅ​ចុងខែ​មករា ឆ្នាំ​ ២០២២ ​នេះ ដោយ​ប្រើ​ថវិកា​បន្ថែម​ប្រមាណ ៩ ​លាន​ដុល្លារ​អាមេរិក​។ ចំណែក​ ១ ​ខ្សែ​ទៀត ពី​ស្តុប​សណ្ឋាគារ​សុខា ទៅ​ផ្លូវ​ស៊ីវត្ថា ប្រវែង​ជាង ១ ៥០០ ​ម៉ែត្រ​ត្រូវបាន​ស្ថាបនា​ចប់សព្វគ្រប់​ហើយ​។

លោក ​គង់ រតនៈ ប្រធាន​វិទ្យា​ស្ថាន​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​មិនអាច​ធ្វើការ​វាយតម្លៃ​បាន​ចំពោះ​ដំណើរការ​ទាំងស្រុង នៃ​ការសាងសង់​ផ្លូវ​ទាំង​ ៣៨ ខ្សែ​នេះ​ស្ថិតក្នុង​កម្រិតណា​នោះទេ​។ ប៉ុន្តែ​លោក​មើលឃើញថា ការចុះ​ត្រួតពិនិត្យ​របស់​ថ្នាក់​ដឹកនាំ​ទាំងនេះ បង្ហាញ​ពី​ការយក​ចិត្ត​ទុកដាក់ ក្នុង​ការពង្រឹង​គុណភាព​នៃ​ការសាងសង់ ចៀសវាង​ការធ្វេសប្រហែស ជាពិសេស​ការសាងសង់​ដែល​មិន​គោរព​ទៅតាម​ស្តង់ដា​បច្ចេកទេស​។

លោក​បញ្ជាក់ថា​៖ «​សម្រាប់​ខ្ញុំ រាល់​ការអភិវឌ្ឍ​ដែលមាន​ការចូលរួម​លើកទឹកចិត្ត និង​គាំទ្រ គឺជា​រឿង​ដែល​ប្រសើរ ដើម្បី​ផ្តល់​គំរូ​ទាំងនេះ​ទៅដល់​កន្លែង​ផ្សេងៗ​ទៀត​នៃ​ស្ថាប័ន​សាធារណៈ​ហ្នឹង គឺ​សូមឱ្យ​គាត់​បង្ហាញ​តម្លាភាព តាមរយៈ​ឱ្យមាន​ការចូលរួម​នៅក្នុង​ការត្រួត​ពិនិត្យ​សមិទ្ធផល​នានា ក៏ដូចជា​ឱ្យ​ប្រជាពលរដ្ឋ​បានដឹង​»​។

ក្រៅពី​ចូលរួម​សាទរ លោក​ គង់ រតនៈ ថ្លែងថា គម្រោង​នេះ វា​នឹង​ផ្តល់​ផល​ដ៏​ធំធេង​ដល់​ប្រជាពលរដ្ឋ និង​សង្គមជាតិ ក្នុង​រយៈពេល​វែង​។

សូមជម្រាបថា គម្រោង​សាងសង់​ផ្លូវ​ទាំង​ ៣៨ ​ខ្សែ​ក្នុង​ក្រុង​សៀមរាប​នេះ គឺមាន​ប្រវែង​សរុប ១០៦,៤២៤ ​គីឡូម៉ែត្រ ប្រើប្រាស់​ថវិកាជាតិ​សរុប​ជាង ១៤៩ ២១៦ ៥៩៥ ​ដុល្លារ ដោយ​ក្នុងនោះ​ចំនួន ៩​ លាន​ដុល្លារ ចំណាយ​លើ​ការងារ​ចាំបាច់​ក្នុង​ការរៀបចំ​ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹកកខ្វក់​ស្ថិត​ក្រៅក្នុង​គម្រោង​សាងសង់​ផ្លូវ​ទាំង ៣៨ ​ខ្សែ​នេះ​៕