ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គជប) ប្រកាស​អនុម័ត​បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ​២០២២ បន្ទាប់ពី​បាន​បើក​កិច្ចប្រជុំ ដើម្បី​ពិនិត្យ និង​សម្រេច​ជុំវិញ​ការ​ផ្តល់យោបល់​លើ​សេចក្តីព្រាង​បទបញ្ជា​នេះ ដែល​ភាគី​ពាក់ព័ន្ធ​បានផ្តល់​ត្រឡប់មកវិញ​។

សេចក្តី​ប្រកាស​ព័ត៌មាន គជប នៅ​ថ្ងៃទី​ ៧ ខែមករា ឱ្យដឹងថា សេចក្តីព្រាង​បទបញ្ជា និង​នីតិវិធី​ដែលមាន ១៤ ជំពូក និង ១៨៧ ​ប្រការ ព្រមទាំង​មាន ៩ ​ឧបសម្ព័ន្ធ ត្រូវបាន គជប បញ្ជូនទៅឱ្យ​ភាគី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ដើម្បី​សុំ​ផ្តល់យោបល់​រួមមាន​ក្រសួង ស្ថាប័ន​រាជរដ្ឋាភិបាល ចំនួន​ ៩ គណបក្ស​នយោបាយ​ចំនួន​ ២៦ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​ ២​។

បន្ទាប់ពី​បាន​ពិនិត្យ និង​ពិភាក្សា​លើ​អនុសាសន៍​របស់​ភាគី​ពាក់ព័ន្ធ​រួចមក គជប បានសម្រេច​អនុម័ត​កែសម្រួល​នូវ​ចំណុច​មួយចំនួន​។ គជប បញ្ជាក់ថា​៖ «​ចំណុច​ដែលមាន​ការចាប់អារម្មណ៍​របស់​ភាគី​ពាក់ព័ន្ធ​នោះ គឺ​ការបំពេញ និង​ប្រើប្រាស់ កំណត់ហេតុ​នៃ​ការរាប់​សន្លឹកឆ្នោត (​ទម្រង់​បែបបទ ១១០២)​។ ទាក់ទង​នឹង​ចំណុច​នេះ គជប បានចេញ​សេចក្តីបំភ្លឺ​រួចហើយ​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​ ៦ ខែមករា ឆ្នាំ​ ២០២២»​។

លោក ឡឹក សុធារ អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ថ្លែង​នៅ​ថ្ងៃទី​ ៩ ខែមករា​ថា ក្រោយពី​មានការ​ទាមទារ គជប បាន​បន្ត​រក្សាទុក​ចំណុច​មួយ ដែល​ទាក់ទង​ការបិទ​ផ្សាយ​លទ្ធផល​សន្លឹកឆ្នោត​នៅតាម​ការិយាល័យ​បោះឆ្នោត​។ ប៉ុន្តែ​យ៉ាងណា គជប នៅតែ​មិន​ព្រម​ចែកចាយ​លទ្ធផល​បោះឆ្នោត​ចម្លង​នៃ​លទ្ធផល​បោះឆ្នោត​ទៅកាន់​គណបក្ស​នយោបាយ​ដដែល ហេតុនេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅតែ​បន្ត​ការតស៊ូ​ទាមទារ​ទៀត ព្រោះ​បើសិន គជប មិន​ចម្លង​លទ្ធផល​បោះឆ្នោត​ឱ្យទៅ​ភ្នាក់ងារ​គណបក្សនយោបាយ គឺ​គ្មាន​ឯកសារ​ណា​ជា​តឹកតាង​សម្រាប់ធ្វើ​ការប្រៀបធៀប​ឡើយ​។

លោក​ថ្លែងថា៖ «​គជប ថា នឹងដាក់​បញ្ចូល​លទ្ធផល​ទៅក្នុង system ហើយ​ថត​ជូន​ពួកយើង​ទាំងអស់​គ្នា ហេតុនេះ អ្វីដែល​ពួកយើង​បារម្ភ​គឺ យើង​មិនដឹងថា ដាក់ចូល​ក្នុង system ទៅ​វា​យ៉ាងម៉េច​។ អ៊ីចឹង​យើង​ចង់ឱ្យ​ពួកគាត់​ចម្លង​ឱ្យ​យើង​ទៅ ហើយ​ចាំ​គាត់​យកទៅ upload ចូល system ទៅ បើសិន​ជាមាន​បញ្ហា​អីយើ​ង​អាច​ផ្ទៀង​គ្នា​បាន រវាង​ឯកសារ​នៅក្នុង system និង​ឯកសារ​នៅក្នុង​ដៃ​របស់​យើង​» ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប ថ្លែង​នៅ​ថ្ងៃទី​ ៩ ខែមករា​ថា ការដែល​មានការ​ស្នើសុំ​ទាមទារ​របស់​គណបក្ស​នយោបាយ គឺជា​សិទ្ធិ​របស់គេ ប៉ុន្តែ​អ្វី​ដែលជា​នីតិវិធី គឺ គជប បាន​ប្រជុំ និង​អនុម័ត​រួចរាល់​ហើយ​។ មិន​ត្រឹមតែ​មតិយោបល់​របស់​គណបក្ស​នយោបាយ​មួយ ឬ​ស្ថាប័ន​អង្គភាព​មួយ​ទេ គឺ គជប ប្រមូលយក​ទាំងអស់​ហេតុ​នេះ​បទបញ្ជា​ និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​ ២០២២ នឹង​ប្រព្រឹត្ត​ទៅតាម​អ្វីដែល​ជាការ​អនុម័ត​ចុងក្រោយ​របស់​ គជប ដោយ​មិនមាន​ការកែប្រែ​ទៀត​ទេ​។ នីតិវិធី​ដែល​នឹងត្រូវ​អនុវត្ត​ក្នុងពេល​ខាងមុខនេះ​មិនមាន​អ្វី​ខុសប្លែក​ពី​ការបោះ​-​ឆ្នោត​លើក​មុន​ទេ គ្រាន់តែ​ថា ទម្រង់​កំណត់ហេតុ​ស្តីពី​ការរាប់​សន្លឹកឆ្នោត​គឺ​អត់​មាន​ការចែក​ផ្សាយ​នៅតាម​ការិយាល័យ​បោះឆ្នោត ប៉ុន្តែ​គ្រប់​គណបក្សនយោបាយ និង​ភាគី​ពាក់ព័ន្ធ​អាច​ទៅ​ស្នើសុំ​នៅ​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត​។ លោក​បន្ថែមថា នេះ​គ្រាន់តែ​ជាការ​កែសម្រួល​បច្ចេកទេស​ដើម្បី​ឱ្យមាន​លក្ខណៈ​កាន់តែ​ល្អប្រសើរ ព្រោះ​ពីមុន​ទម្រង់ ១១០២ ​នេះ គឺ​បិទ​ផ្សាយ​នៅមុខ​ការិយាល័យ​រាប់​សន្លឹកឆ្នោត ហើយ​ឥឡូវ​ក៏​នៅតែ​បន្ត​បិទ​ផ្សាយ​ដដែល​ទេ គ្រាន់តែ​ថា ប្រសិនបើ គណបក្សនយោបាយ​ចង់បាន គឺអាច​ថត​យក​ពី​ក្រដាស​ដែល​បាន​បិទ​នោះ​។ អ្វីដែល គជប កែប្រែ​នេះ​គឺ​ត្រង់​ថា កន្លងមក​ដើម្បី​ផ្សព្វ​ផ្សាយបាន​គឺ​នៅតាម​ការិយាល័យ​អត់​មាន​ឧបករណ៍​ទំនើប ឬក៏​ម៉ាស៊ីន​កុំព្យូទ័រ ព្រីនធ័រ​ ឬ​ស្គែន័រ​នោះទេ ហេតុនេះ​ការចម្លង​ដោយ​ដៃ​អាចមាន​ការខុសឆ្គង បង្កឱ្យមាន​ការ​ប្រកែក​រក​ខុសត្រូវ​។ លោក​ថា​៖ «​នៅពេលដែល​ទម្រង់​នេះ​ត្រូវបាន​បញ្ជូនមក​ដល់គ​ណៈ​-​កម្ម​ការឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត​ហើយ គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត លោក​នឹង​ធ្វើការ​ស្គែន​អ៊ីចឹង​គឺ​រូបភាព​ ១០០% ពី​ការិយាល័យ​បោះឆ្នោត លទ្ធផល​នៃ​ការរាប់​សន្លឹកឆ្នោត ១០០% គឺ​ត្រូវបាន​ស្គែន​ដោយ​ឧបករណ៍​ស្វ័យប្រវត្តិ​ហើយ ទោះបីជា​ព្រីន​ប៉ុន្មាន ក៏​នៅតែ​ប៉ុណ្ណឹង​មិនមាន​បញ្ហា​ដូច​ការចម្លង​ដៃ​ធ្វើ​ការចែក​ផ្សព្វផ្សាយ​នោះទេ​»៕