ព្រះវិហារៈ CMAC បាន​ដោះមីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ សម្អាត​​ផ្ទៃដី​បាន​ទំហំ​ជាង​ ៤០ ​ហិកតា នៅក្នុង​តំបន់​ប្រាសាទ​ចំនួន​ ២ នៅក្នុង​ខេត្តព្រះវិហារ និង​កំពុង​បន្តសកម្មភាព​នេះ​តាម​ការស្នើសុំ​របស់​អាជ្ញា​ធរ​ជាតិ​ព្រះវិហារ​។ យោងតាម​ទំព័រ​ហ្វេសប៊ុក​របស់​អាជ្ញាធរ​ព្រះវិហារ​។

អាជ្ញាធរ​នេះ បានឱ្យដឹងថា កាលពី​ខែកញ្ញា ឆ្នាំ​ ២០២១​ កន្លងទៅ បានចាប់ផ្ដើម​បោសសម្អាត​លើក​ទី​ ១ ហើយ​ចំពោះ​ការ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​លើក​នេះ គឺ CMAC បាន​ចុះ​ប្រតិបត្តិ​ការចាប់​តាំងពីថ្ងៃ​ទី ​១ ខែមករា ឆ្នាំ​ ២០២២ កន្លងមក នៅ​ទីតាំង​ចំនួន​ ២ ដើម្បី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ និង​កិច្ចការ​អភិរក្ស​ប្រាសាទ​។

អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​បញ្ជាក់ថា​៖ «​ការ​បោសសម្អាត​លើក​នេះ គឺ​នៅ​តំបន់​ប្រាសាទតាម៉ែន​លើ​ផ្ទៃដី​ប្រមាណ ៣០​ ហិកតា និង​នៅ​ច្រកចូល​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​ដែលមាន​ផ្ទៃដី​ប្រមាណ​ ១៤ ហិកតា​»​។

កាលពី​ខែកញ្ញា ឆ្នាំ ២០២១ ​កន្លងទៅ ការ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ក្នុង​រយៈពេល​ខ្លី​នេះ គឺ​ទី​តាំងទី ​១ នៅ​ប្រាសាទតាម៉ែន និង​តំបន់​ការពារ​ទី​ ១ និង​តំបន់​ការពារ​ទី​ ២ នៃ​រមណីយដ្ឋាន​ប្រាសាទ​កោះកេរ សរុប​បាន​ជាង ៦០ ​ហិកតា​។

លោក គង់ ពុទ្ធិការ អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះវិហារ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៩ មករា​ថា តាម​ការចុះ​ស្រាវជ្រាវ និង​ផែនទី​របស់​ CMAC ក្នុង​តំបន់​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ គឺ​នៅមាន​ផ្ទៃដី​ប្រមាណ ២០០ ​ហិកតា​ទៀត ដែល​នឹងត្រូវ​ធ្វើការ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​។

លោក​ថ្លែងថា​៖ «​ផ្ទៃដី​ដែល​នៅ​សេសសល់​មីន​នេះ គឺ​ស្ថិតនៅ​ផ្នែក​ខាងជើង​នៃ​ប្រាសាទ ដោយ​យើង​មិនទាន់​អនុញ្ញាតឱ្យ​ភ្ញៀវទេសចរ ចូលក្នុង​តំបន់​នោះទេ ព្រោះ​តំបន់​នេះ យើង​ទើបតែ​ពង្រីក​ទៅខាង​ហ្នឹង ដើម្បី​រៀបចំ​ប្រព័ន្ធ​អភិរក្ស​ការពារ​អ្វីដែល​មាននៅ​ក្នុង​តំបន់​ពី​បុរាណ​ហ្នឹង​»​។

លោក​បន្ថែមថា​៖ «​យើង​កំពុង​ដោះស្រាយ​តំបន់​ហ្នឹង នៅពេល​បញ្ចប់​កិច្ចការ​ហើយ បាន​យើង​អាច​អនុញ្ញាតឱ្យ​ភ្ញៀវ​ទៅ​តំបន់​ហ្នឹង​បាន​។ តំបន់​ដែល​យើង​ពង្រីក​បន្ថែម​នេះ គឺមាន​ទំនប់​បុរាណ​មួយ ដែលជា​ប្រព័ន្ធ​ធារាសាស្ត្រ​បុរាណ ភ្ជាប់​ជាមួយ​ប្រាសាទ​តាម៉ែន ភ្ជាប់​ទៅ​ផ្លូវ​អង្គរ​មក​កោះកេរ ហើយ​បន្ត​ទៅដល់​ប្រាសាទ​វត្តភូ ប្រទេស​ឡាវ​»​។

បើតាម​លោក គង់ ពុទ្ធិការ តំបន់​រមណីយដ្ឋាន​ប្រាសាទ​កោះកេរ​ទាំងមូល គឺមាន​ផ្ទៃដី​សរុប ៨ ៧៨៩ ហិកតា ដោយ​លោក​រំពឹងថា ផ្ទៃដី​ដែល​បាន​ពង្រីក​បន្ថែម​នេះ​នឹង​ត្រូវបាន​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ឱ្យបាន​ឆាប់រហ័ស ដើម្បី​ក្រុមការងារ​អាច​បន្ត​កិច្ចការពារ​អភិរក្ស និង​ស្រាវជ្រាវ ជាពិសេស​គឺ​ការផ្តល់​ឱកាស​ដល់​ភ្ញៀវទេសចរ​ទៅ​ទស្សនា​ដោយ​ភាពកក់ក្តៅ​។

លោក ហេង រតនា ប្រធាន​ CMAC បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៩ មករា​ថា CMAC គឺមាន​កិច្ចសហការ ជាមួយ​អាជ្ញាធរ​ជាតិ​ព្រះវិហារ ក្នុងការ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅតាម​តំបន់​ប្រាសាទ​នានា​ទូទាំងប្រទេស ចាប់តាំងពី​ឆ្នាំ ២០០១​។ សម្រាប់​ការ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​តំបន់​ប្រាសាទ​កោះ​កេរ​នេះ គឺ​ភាគី​ទាំង​ ២ មានការ​ប្តេជ្ញា​ក្នុងការ​បញ្ចប់​កិច្ចការងារ​នេះ​ឱ្យបាន​ឆាប់​បំផុត តាម​ដែល​អាចធ្វើ​ទៅបាន​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្នុង​យុទ្ធសាស្ត្រ​របស់​យើង​នៅ​ឆ្នាំ​ ២០២២ ​នេះ យើង​បង្កើន​កម្លាំង​បោសសម្អាត​ប្រាង្គប្រាសាទ​ដែលជា​តំបន់​ទេសចរណ៍​របស់​យើង​ឱ្យបាន​ច្រើន​តាម​លទ្ធភាព​ដែល​យើង​ធ្វើការ​បាន នៅក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​។ ដោយឡែក ការ​បោសសម្អាត​នៅ​ប្រាសាទ​កោះ​កេរ​នេះ យើង​កំពុង​បន្ត​ដាក់​កម្លាំង​បន្តធ្វើ​ការងារ​នេះ ដែល​យើង​មាន​ផែនការ​បញ្ចប់​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​»៕