
កុមារា ២ នាក់ មើលទូរស័ព្ទនៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ កាលពីឆ្នាំមុន។ ហុង មិនា
ភ្នំពេញៈ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២២ បានបង្ហាញពីរបៀបគ្រប់គ្រងដោយមាតាបិតាលើ iPhone, iPad និង iPod touch របស់កូនៗ ដើម្បីការពារសុវត្ថិភាពកុមារ លើបណ្តាញអ៊ីនធឺណិត។
តាមរយៈហ្វេសប៊ុកនាយកដ្ឋានព័ត៌មានវិទ្យា នៅថ្ងៃទី ៨ ខែមករា ឱ្យដឹងថា ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការចែករំលែកនូវវិធីសាស្ត្រដែលជាមុខងារការពារសុវត្ថិភាពបន្ថែមចំនួន ៨ របស់ Screen Time ដែលមានស្រាប់លើប្រព័ន្ធប្រតិបត្តិការ iOS (iPhone, iPad, iPod Touch) ជូនដល់អាណាព្យាបាល។
នាយកដ្ឋានព័ត៌មានវិទ្យា បានបញ្ជាក់ថា ជាមួយនឹងការរឹតបន្តឹងខ្លឹមសារ និងឯកជនភាពនៅក្នុង Screen Time លោកអ្នកអាចទប់ស្កាត់ ឬកម្រិតកម្មវិធី និងមុខងារជាក់លាក់ណាមួយ នៅលើឧបករណ៍របស់កូនៗលោកអ្នក។ ក្នុងនោះលោកអ្នកក៏អាចដាក់កម្រិតលើការកំណត់នៅលើ iPhone, iPad ឬ iPod touch របស់កូនៗលោកអ្នក សម្រាប់មាតិកាមិនសមរម្យ ការទិញ ការទាញយក និងភាពឯកជន ជាដើម។
លោក សុខ ភាក់ ប្រជាពលរដ្ឋម្នាក់រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៩ ខែមករាថា លោកគាំទ្រពេញទំហឹងចំពោះការចែករំលែកចំណេះដឹងផ្នែកបច្ចេកវិទ្យាថ្មីនេះ។ ក្មេងៗសម័យឌីជីថលនេះ មិនបាច់បង្រៀនក៏ពួកគេចេះធ្វើការទាញយកកម្មវិធីផ្សេងៗ តាមប្រព័ន្ធអ៊ីនធឺណិតបានដែរ ប៉ុន្តែយ៉ាងណា ក្មេងៗអាចនឹងមិនសូវមានការយល់ដឹងជ្រៅជ្រះបានឡើយ ដែលជាហេតុនាំឱ្យបាត់បង់ទិន្នន័យតាមរយៈការចុចផ្តេសផ្តាសនៅលើទូរស័ព្ទ។
លោកថ្លែងថា៖ «ពេលខ្លះយើងមិនបានចាប់អារម្មណ៍ទេ ទោះបីជាក្នុងទូរស័ព្ទយើងមានស្រាប់ ប៉ុន្តែនៅពេលមានការផ្សព្វផ្សាយបែបនេះ ខ្ញុំក្តី ឬក៏អ្នកអាណាព្យាបាលណាផ្សេងក្តី ដែលចាប់អារម្មណ៍យកចិត្តទុកដាក់លើការប្រើប្រាស់ទូរស័ព្ទរបស់កូនៗ និងធ្វើការចូលទៅកំណត់តាមការណែនាំ ដើម្បីសុវត្ថិភាព»។
លោក ស៊ុន ឆេកូ ប្រជាពលរដ្ឋម្នាក់ទៀត ដែលរស់នៅរាជធានីភ្នំពេញ ថ្លែងនៅថ្ងៃទី ៩ ខែមករាថា ជាការកត់សម្គាល់របស់លោកផ្ទាល់គឺមានកម្មវិធីស្រដៀងនេះ ដែលក្រុមហ៊ុនហ្គូហ្គលបានដាក់ឱ្យប្រើប្រាស់ជាយូរមកហើយ ទាក់ទងជាមួយនឹងអាខោនរបស់កូន។ មានន័យថា អាណាព្យាបាលអាចបង្កើតអាខោនមួយ បន្ទាប់មកទៀត យើងមានអាខោន ១ ទៀត គឺជាអាខោនកូន (Account children) ដែលយើងអាចគ្រប់គ្រងជាមួយនឹង App ផ្សេងៗ ក៏ដូចជា កម្មវិធីផ្សេងៗទៀត ដែលនៅលើទូរស័ព្ទដែលកូនប្រើប្រាស់នោះ។
លោកថ្លែងថា៖ «និយាយទៅ គោលបំណងនៃការធ្វើហ្នឹង គឺយើងទទួលស្គាល់ថាល្អសម្រាប់ទប់ស្កាត់បញ្ហាផ្សេងៗជាមួយនឹងការប្រើប្រាស់ App ដែលមិនសមរម្យសម្រាប់កុមារ សម្រាប់ក្មេងៗក្រោមអាយុ ហើយដែលគាត់មិនគួរដឹង»។
អ្នកស្រី ស៊ីម ស្រីណាវ ប្រជាពលរដ្ឋរស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ថ្លែងនៅថ្ងៃទី ៩ ខែមករាថា ជុំវិញបញ្ហាបច្ចេកវិទ្យានេះ អ្នកស្រីមិនសូវមានការយល់ដឹងបានជ្រៅជ្រះឡើយ។ ហេតុនេះ ការប្រើប្រាស់ និងការកំណត់សុវត្ថិភាព នៅលើទូរស័ព្ទ អ្នកស្រីបញ្ជាក់ថា អ្នកស្រីបណ្តោយទៅតាមការលេង និងការប្រើប្រាស់របស់កូនៗ ហើយអ្វីដែលអ្នកស្រីអាចកំណត់បាន គឺមិនអនុញ្ញាតឱ្យកូនៗប្រើទូរស័ព្ទលេងហ្គេម ឬមើលវីដេអូតាមយូធូប ក្នុងរយៈពេលយូរឡើយ។
អ្នកស្រីបានថ្លែងថា៖ «ខ្ញុំអរគុណចំពោះព័ត៌មាននេះ ប៉ុន្តែមែនទែនទៅ ខ្ញុំមិនសូវចេះ ប្រើប្រាស់អីច្រើនទេ ចំពោះការកំណត់លើទូរស័ព្ទទំនើបក្នុងសម័យបច្ចុប្បន្ន។ ខ្ញុំគ្រាន់តែដឹងថា ធ្វើម៉េចគ្រប់គ្រងកុំឱ្យកូនវាលេងយូរពេក ខ្លាចខូចភ្នែកតែប៉ុណ្ណឹង»។ អ្នកស្រីបញ្ជាក់ថាចំពោះការកំណត់តាមបច្ចេកវិទ្យានោះ ទោះមានការណែនាំជាភាសាខ្មែរក្តី ក៏ខ្ញុំមិនយល់ពីពាក្យបច្ចេកវិទ្យាគេដែរ»៕