ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បានចេញ​ការណែនាំ​ឱ្យ​អ្នកប្រើប្រាស់​កម្មវិធី​តេឡេក្រាម​ក្នុង​ក្រុម​ដែលមាន​ឈ្មោះថា «​សុវត្ថិភាព​ចរាចរណ៍​យើង OUR ROAD SAFETY» កុំ​ផ្តល់ព័ត៌មាន​ក្លែងក្លាយ ឬ​ព័ត៌មាន​ដែលមាន​ចរិត​ញុះញង់ មួលបង្កាច់ បង្ខូច​កិត្តិ​យស និង​សេចក្តីថ្លៃថ្នូរ​របស់​អ្នក​-​ដទៃ ដែល​អំពើ​ទាំងនេះ នឹងត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន​។

គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​បង្កើត​ក្រុម​តេឡេក្រាម ឈ្មោះ «​សុវត្ថិភាព​ចរាចរណ៍​យើង OUR ROAD SAFETY» ជូន​សាធារណជន​គ្រប់រូប​ប្រើប្រាស់​ដោយ​សេរី ដើម្បី​ផ្តល់ព័ត៌មាន​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ទាន់​ហេតុការណ៍ បន្ថែម​លើ​បណ្តាញ​សង្គម កម្មវិធី​ផ្តល់​ព័ត៌មាន​នានា​ដែល​គណៈកម្មាធិការ​ជាតិ​មួយ​នេះ​កំពុង​ទំនាក់ទំនង​ជាមួយ​សាធារណជន សំដៅ​បង្ការ​ទប់ស្កាត់​កាត់បន្ថយ​គ្រោះថ្នាក់ និង​បង្ការ ទប់ស្កាត់​អំពើ​ល្មើសច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក​ដែលមាន​នៅលើ​ផ្លូវថ្នល់​។

ការបង្កើត​ក្រុម​តេឡេក្រាម​ថ្មី​នេះ គឺ​អនុវត្តតាម​អនុសាសន៍ ណែនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ ៤៨ កាលពី​ថ្ងៃទី​ ៣ ខែមករា ឆ្នាំ ២០២២​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅ​ថ្ងៃទី​ ៦ ខែមករា​។

តាមរយៈ​សេចក្តីជូនដំណឹង​នេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានធ្វើ​ការណែនាំ ដូច​ជាទី​ ១ សូម​ផ្តល់ព័ត៌មាន ទីតាំង និង​ពេលវេលា នៃ​ហេតុការណ៍​ពិតប្រាកដ និង​ច្បាស់លាស់​។ ទី​ ២ សូម​ផ្តល់​រូបភាព ឬ​វីដេអូ​ខ្លីៗ នៃ​ហេតុ​ការណ៍ ពិតៗ​ជាក់ស្តែង​។ ទី​ ៣ សូម​ផ្តល់​ខ្លឹមសារ​ព័ត៌មាន​ដោយ​ប្រកាន់ខ្ជាប់​តាម​ក្រមសីលធម៌​។

ទី​ ៤ សូមកុំ​ផ្តល់ព័ត៌មាន​ក្លែងក្លាយ ឬ​ព័ត៌មាន​ដែលមាន​ចរិត​ញុះញង់ មួលបង្កាច់ បង្ខូច​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​អ្នកដទៃ ឬ​ប្រើ​ពាក្យពេចន៍​អសុរោះ ឬ​រូបភាព​អាសអាភាស ដែល​អំពើ​ទាំងនេះ​នឹងត្រូវ​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន និង​ទី​ ៥ សុំ​កុំ​ផ្តល់ព័ត៌មាន​ដែល​ខុសពី​ព័ត៌មាន​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។

សេចក្តី​ជូនដំណឹង​សរសេរថា បន្ថែម​ពីនេះ សាធារណជន ក៏​អាច​រាយការណ៍ តាមរយៈ​កម្មវិធី​លើ​ទូរស័ព្ទដៃ ថែទាំ​ផ្លូវ ROAD CARE Mobile App ដែល​អាច​ទាញយក​ពី App Sotore ឬ Play Store​។ កម្មវិធី​នេះ​នឹង​បញ្ជូន​ព័ត៌មាន​ទៅ​ក្រុម​តេឡេក្រាម​ «​សុវត្ថិភាព​ចរាចរណ៍​យើង OUR ROAD SAFETY» ដោយ​ភ្ជាប់​ព័ត៌មាន​ទីតាំង និង​ពេលវេលា​ដោយ​ស្វ័យប្រវត្តិ​។

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សង្ឃឹម​យ៉ាង​មុតមាំ​ចំពោះ​ស្មារតី​ចូលរួម​ប្រកបដោយ​ការស្ថាបនា ក្នុង​បំណង​កែលម្អ​ស្ថានភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ដោយ​ផ្តល់​សុវត្ថិភាព​ជូន​អ្នកប្រើប្រាស់​ផ្លូវ​ទាំងឡាយ​តាមរយៈ​ការផ្តល់​ព័ត៌មាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ទាន់​ហេតុការណ៍ នៃ​កម្មវិធី​តេឡេក្រាម «​សុវត្ថិភាព​ចរាចរណ៍​យើង​» នេះ​។

លោក លុយ ហុក ប្រជាពលរដ្ឋ​ម្នាក់​ដែល​ចូលរួម​ក្នុង​ក្រុម​តេឡេក្រាម​ «​សុវត្ថិភាព​ចរាចរណ៍​យើង​» ថ្លែង​នៅ​ថ្ងៃទី​ ៩ ខែមករា​ថា លោក​គាំទ្រ​ចំពោះ​ការបង្កើតឱ្យមាន​ក្រុម​នេះ​ឡើង ដើម្បី​អាចឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​ងាយស្រួល​ក្នុងការ​ធ្វើការ​រាយការណ៍​ព័ត៌មាន​ទាក់ទង​នឹង​សុវត្ថិភាព​ចរាចរណ៍​នៅលើ​ដងផ្លូវ​។

លោក​បញ្ជាក់ថា ការ​ផ្តល់ព័ត៌មាន ក្នុង​ក្រុម​នេះ មាន​ការបើកចំហ​ទូលំទូលាយ ហេតុនេះ អ្នកចូលរួម​ផ្តល់ព័ត៌មាន​គួរតែ មាន​ក្រមសីលធម៌ និង​ផ្តល់ព័ត៌មាន​ពិត​ត្រឹមត្រូវ​ទើប​ជា​ការល្អ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​យល់ថា មាន​ប្រយោជន៍​សម្រាប់​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ បើ​ការបញ្ចេញមតិ​ប្រកបដោយ​ក្រមសីលធម៌​គោរព​គ្នា​ទៅវិញ​ទៅមក ជាពិសេស​កុំ​មាន​ការលាប​ពណ៌​រឿង​នយោបាយ​ចូលក្នុង​ការអនុវត្ត​ច្បាប់​»​។

ស្រដៀង​គ្នា​នេះ លោក ផាន់ សេរីវង្សស័ក្តិ ប្រជាពលរដ្ឋ​ម្នាក់ទៀត ដែល​ទើប​បានដឹង​ពី​ការបង្កើត​ក្រុម​សុវត្ថិភាព​ចរាចរណ៍​តាម​ប្រព័ន្ធ​តេឡេក្រាម​ថ្លែង​នៅ​ថ្ងៃទី​ ៩ ខែមករា​ថា ការបង្កើតឱ្យមាន​ក្រុម​នេះ មាន​ប្រយោជន៍​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ជាពិសេស​ក្រៅពី​ផ្តល់ព័ត៌មាន អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ទាន់​ហេតុការណ៍ ក៏​អាចជា​ប្រភព​ក្នុងការ​ទទួលបាន​ព័ត៌មាន​ទាក់ទង​ការកកស្ទះ ឬ​ទីកន្លែង​ដែលមាន​ការជួសជុល​ផ្លូវ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ទើប​ដឹង និង​ឃើញ ខ្ញុំ​ស្ថិតនៅក្នុង​គ្រុប​សុវត្ថិភាព​ចរាចរណ៍​។ បើតាម​ការយល់ឃើញ​របស់ខ្ញុំ ដោយ​ទើប​បង្កើត​គ្រុប​នេះ​ខ្ញុំ​បាន​ចូល​មើល​ម្តងម្កាល​ដែរ ឃើញ​បងៗ​បាន​ប្រាប់​អំពី​ផ្លូវ​មាន​ភាពកកស្ទះ ឱ្យធ្វើ​ដំណើរ​វាង​ផ្លូវ​មួយចំនួន​ជួសជុល សរុបមក​ខ្ញុំ​គិតថា មាន​អត្ថប្រយោជន៍​ដែរ​»៕