ភ្នំពេញៈ នាយិកា​ក្រុមហ៊ុន​រោងចក្រ​បារី ហុង អន្តរជាតិ អ្នកស្រី ង៉ូវ ម៉ុក ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កេត សុជាតិ សម្រេច​ឱ្យ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស​ (​ម២) ​ពាក់ព័ន្ធ​នឹង​ការផលិត​​បារី​ក្លែងក្លាយ​ដោយ​បន្លំ​ពាណិជ្ជ​សញ្ញា​សហគ្រាស​ផ្សេង ចំណែក​អ្នកបើកបរ​រថយន្ត ឈ្មោះ នៀ ណារិន ត្រូវបាន​ដោះលែង​វិញ​។ នេះ​បើតាម​មន្ត្រីនគរបាល​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​។

អ្នកស្រី ង៉ូវ ម៉ុក អាយុ​ ៧០ ​ឆ្នាំ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​កម្មសិទ្ធិ​បញ្ញា​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ៤ ខែមករា ឆ្នាំ​ ២០២២​ នៅ​ចំណុច​ក្រុមហ៊ុន​រោងចក្រ​បារី ហុង អន្តរជាតិ​ (Hong International Co., Ltd) ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ បន្ទាប់ពី​សមត្ថកិច្ច​បាន​ចុះ​ឆែកឆេរ​ក្នុង​ក្រុមហ៊ុន​រោងចក្រ​របស់គាត់ ហើយ​បាន​រកឃើញ​វត្ថុតាង​បារី​ម៉ាក​ JET ​និង ​555 ក្លែងក្លាយ​ព្រមទាំង​ឧបករណ៍​សម្ភារ​ដែល​បម្រើ​​ឱ្យ​ការផលិត វេច​ខ្ចប់ និង​ចែកចាយ​បារី​ក្លែងក្លាយ​មួយចំនួនធំ​។

លោក​ ឡុង ស្រេង អនុប្រធាន​​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៩ ខែមករា ឆ្នាំ​ ២០២២ ​ថា នៅពេលនេះ អ្នកស្រី ង៉ូវ ម៉ុក នាយិកា​ក្រុមហ៊ុន​រោងចក្រ​បារី ហុង អន្តរជាតិ​ត្រូវបាន​លោក កេត សុជាតិ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ «​ក្លែងបន្លំ ពាណិជ្ជសញ្ញា សេវា​សញ្ញា ម៉ាក​សមូហភាព ឬ​ពាណិជ្ជ​នាម​របស់​សហគ្រាស​មួយ​ផ្សេងទៀត ដែល​បាន​ចុះបញ្ជី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​តាម​មាត្រា​ ៦៤ ​នៃ​ច្បាប់​ស្ដីពី​ម៉ាក​ពាណិជ្ជនាម​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់​» និង​បាន​បង្គាប់​ឱ្យ​នាំយកទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស​ (​ម​ ២) កាលពី​ព្រលប់​ថ្ងៃទី​ ៦ ខែមករា ឆ្នាំ​ ២០២២​។

លោក​បាន​បន្តថា ចំណែក​បុរស​ជា​អ្នកបើកបរ​រថយន្ត​ឈ្មោះ នៀ ណារិន អាយុ​ ៣៧ ​ឆ្នាំ​ត្រូវបាន​ដោះលែង​ឱ្យទៅ​ផ្ទះ​វិញ​ដោយ​សំអាងថា អ្នកបើកបរ​រូបនេះ មិនដឹង​ថៅកែ​រោងចក្រ​លួច​ផលិត​បារី​ក្លែងបន្លំ​ម៉ាក​ ឬ​ពាណិជ្ជសញ្ញា​បែប​​នេះឡើយ​។ ​ម្យ៉ាងទៀត គាត់​បាន​សហការ​ជាមួយ​សមត្ថកិច្ច​រហូត​ឈានដល់​ការចាប់​ខ្លួន​ម្ចាស់​រោងចក្រ ដែល​រកស៊ី​ក្លែងបន្លំ​លើ​ពាណិជ្ជសញ្ញា​សេវា​សញ្ញា ម៉ាក​សមូហភាព ឬ​ពាណិជ្ជ​នាម​របស់​សហគ្រាស​មួយ​ផ្សេងទៀត​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​កម្ពុជា​។

យោងតាម​បទ​ចោទ​ និង​មាត្រា ៦៤ នៃ​ច្បាប់​ស្ដីពី​ម៉ាក​ពាណិជ្ជនាម​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ អ្នកស្រី ង៉ូវ ម៉ុក នឹង​ប្រឈម​ការផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​ ១ ​លាន​រៀល​ដល់​ ២០​ លាន​រៀល និង​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ១ ​ឆ្នាំ​ដល់ ៥ ​ឆ្នាំ​។

កាលពី​ថ្ងៃទី​ ៣ ខែមករា ឆ្នាំ​ ២០២២ មុនពេល​ឈានទៅដល់​ការចាប់​ឃាត់ខ្លួន អ្នកស្រី ង៉ូវ ម៉ុក កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ម្នាក់​ឈ្មោះ នៀ ណារិន អាយុ​ ៣៧ ​ឆ្នាំ ខណៈ​កំពុង​ចែកចាយ​បារី​ម៉ាក ​JET​ ក្លែងក្លាយ​យ៉ាង​ច្រើនសន្ធឹក​សន្ធាប់​នៅ​ចំណុច​ចំណតរថយន្ត​ដឹកទំនិញ ១ ​កន្លែង​ក្នុង​សង្កាត់​បឹង​សាឡាង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

តាមរយៈ​អ្នកបើកបរ​រថយន្ត​រូបនោះ សមត្ថកិច្ច​ជំនាញ​បាន​ឈានទៅ​ត្រួតពិនិត្យ និង​ឆែកឆេរ​រោងចក្រ​បារី ហុង អន្តរជាតិ នៅ​ថ្ងៃទី ​៤ ខែមករា ឆ្នាំ​ ២០២២ ហើយ​បាន​រកឃើញ​ ​និង​រឹបអូស​វត្ថុតាង ជា​សម្ភារ​សម្រាប់​បម្រើឱ្យ​ការផលិត វេចខ្ចប់ ចែកចាយ​បារី​ម៉ាក​ JET និង​ 555 ​ក្លែងក្លាយ រួមមាន ថង់​រុំបារី​, ក្រដាស​រុំ​កន្ទុយបារី​, ​កន្ទុយ​ស្នោ​បារី​,​សម្បក​កញ្ចប់​បារី​, សម្បក​សុង​បារី​,​សម្បក​អាលុយមីញ៉ូម និង​បារី​មូរ​រួច​មិនទាន់​វេច​ខ្ចប់ សរុប​ចំនួន​ ១០៨ ០៥៣​គីឡូក្រាម​។ ​ផលិតផល​បារី​ម៉ាក​ JET​ ដែល​បាន​​វេចខ្ចប់​រួច​មាន​ចំនួន ២៣ ៦៤០ ​កញ្ចប់​, តែមប្រិ៍ BAT និង​ VN DUTY NOT PAID ​សរុប​ចំនួន ៤ ៨៦៦ ​សន្លឹក​,​ម៉ាស៊ីន​វេចខ្ចប់​បារី​ចំនួន​ ៧​ គ្រឿង​,​ម៉ាស៊ីន​មូរកន្ទុយបារី​ចំនួន ​២ ​គ្រឿង និង​រថយន្ត ១ ​គ្រឿង ម៉ាក HYUNDAI ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2J-5938៕