កំពង់ចាមៈ សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ចាម​កំពុង​រៀបចំ​កសាង​សំណុំរឿង​អ្នក​លេងល្បែង​ភ្នាល់​ជល់​មាន់​ចំនួន​១២​នាក់​បញ្ជូនទៅ​សាលា​ដំបូង​ខេត្តកំពង់ចាម បន្ទាប់ពី​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ៧ ខែមករា នៅ​ភូមិ​ទី​ ៧ ឃុំ-​ស្រុក កោះសូទិន ខេត្តកំពង់ចាម​ជាមួយ​វត្ថុតាង​ម៉ូតូ​ ៣៦ ​គ្រឿង​។

លោក អ៊ឹម ឃឿន អធិការ​នគរបាល​ស្រុក កោះសូទិន ឱ្យដឹង​នៅ​ថ្ងៃទី​ ៩ មករា​ថា អ្នកលេង​ភ្នាល់​ជល់​មាន់​ទាំងនោះ​ជា​បុរស និង​មាន​ចំនួន​ ១២ ​នាក់​ដែល​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ខេត្តកំពង់ចាម​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​របស់លោក​ចុះបង្ក្រាប​គឺ​លោក​បានប្រគល់​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តហើយ​កាលពីថ្ងៃ​ទី ​៧ ខែមករា​។ ​ក្រុម​បុរស​សង្ស័យ​ទាំង​ ១២ ​នាក់​កំពុង​ត្រូវបាន​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​សាកសួរ​។

លោក​ថា​៖ «​ករណីនេះ​យើង​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​ជំនាញ​នគរបាល​ខេត្ត​អស់ហើយ ហើយ​ខាង​ខ្ញុំ​គ្រាន់តែ​សហការ​បង្ក្រាប​បទល្មើស​នោះ​ជាមួយ​នគរបាល​ខេត្ត​ទេ​។ ​ដូច្នេះ​សមត្ថកិច្ច​ខេត្ត​ជា​អ្នកមាន​ចំណាត់​ការបន្ត​»​។

ពាក់ព័ន្ធ​បញ្ហា​នេះ ភ្នំពេញ-ប៉ុស្តិ៍​មិនអាច​ទាក់ទង លោក ហេង វុទ្ធី ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្ម​ទណ្ឌ​ខេត្តកំពង់ចាម​បានទេ​នៅ​ថ្ងៃទី​ ៩ មករា​។​ប៉ុន្តែ​បើតាម​មន្ត្រីនគរបាល​ ១ ​រូប​បាន​ប្រាប់​នៅ​ថ្ងៃទី​ ៩ ខែមករា ថា ក្រុម​ជនសង្ស័យ​ទាំង ​១២​ នាក់​នោះ​កំពុង​ត្រូវបាន​សមត្ថកិច្ច​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនមក​សាលាដំបូង​ខេត្តកំពង់ចាម​បន្តទៀត​ហើយ​។

មន្ត្រី​បន្តថា ក្រៅពី​មានការ​ឃាត់ខ្លួន​ជនសង្ស័យ​ហើយ​សមត្ថកិច្ច​រឹបអូស​ម៉ូតូ​គ្រប់​ប្រភេទ​បាន​ចំនួន​ ៣៦ ​គ្រឿង មាន់​ងាប់​ចំនួន​ ៤ ​ក្បាល ទូរស័ព្ទ​ចំនួន​ ១១ ​គ្រឿង ប្រាក់រៀល​បាន​ចំនួន​ជាង​ ១ ​លាន​រៀល និង​ប្រាក់​ដុល្លារ​បាន​ជាង ​២ ​ពាន់​ដុល្លារ​ផង​។

ជុំវិញ​ការឃាត់ខ្លួន​នេះដែរ​ក៏ត្រូវ​បាន​មន្ត្រី​នៃ​តុលាការខេត្ត​កំពង់ចាម​ ១​ រូប​ស្នើសុំ​មិនឱ្យ​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៩ មករា​ថា ក្រុម​ជនសង្ស័យ​ទាំង ​១២​ នាក់​នោះ​កំពុង​ត្រូវ​សមត្ថកិច្ច​នគរបាល​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូនមក​សាលាដំបូង​ខេត្ត​កំពង់ចាម​ ដើម្បី​បន្ត​នីតិវិធី​ស៊ើបសួរ​ទៀត​។ ​ចំពោះ​ការបង្ក្រាប​ក្រុម​ជនសង្ស័យ​លេងល្បែង​ភ្នាល់​ជល់​មាន់​នេះ​គឺ​សមត្ថកិច្ច​មូលដ្ឋាន​បានទទួល​សេចក្តីរាយការណ៍​ថា នៅក្នុង​ភូមិ​ ៧ ឃុំ​កោះសូទិន ក្នុងស្រុក​កោះសូទិន​មាន​ការបើក​សង្វៀន​ជល់​មាន់​លួចលាក់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​មួយកន្លែង​។ ​បន្ទាប់ពី​ទទួលបាន​សេចក្តី​រាយការណ៍​ពី​ពលរដ្ឋ​មក នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​បាន​រាយការណ៍​បន្តទៅ​លោក​អភិបាលខេត្ត អ៊ុន ចាន់ដា និង​សុំ​គោលការណ៍​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​ដើម្បី​ចុះបង្ក្រាប​។

លោក​បន្តថា ការ​លួចលាក់​ល្បែងភ្នាល់​ជល់​មាន់​ទ្រង់ទ្រាយ​ធំ​នេះ មាន​អ្នកលេង​ទាំងអស់​ជាង ​៤០ ​នាក់​ប៉ុន្តែ​ដោយសារ​អ្នកលេង​មាន​ចំនួន​ច្រើនជាង​សមត្ថកិច្ច ទើប​ធ្វើឱ្យ​អ្នកលេង​ល្បែង​មួយចំនួនធំ​រត់​រួច និង​ឃាត់ខ្លួន​បានតែ​ជាង​ ១០ ​នាក់​ប៉ុណ្ណោះ​។ ​ចំពោះ​នៅ​ដំណាក់កាល​សមត្ថកិច្ច​នគរបាល​វិញ​ដោយសារ​ក្រុម​ជនសង្ស័យ​មាន​ចំនួន​ច្រើន ដូច្នេះហើយ​ទើប​ការសួរចម្លើយ​ត្រូវ​ប្រើ​ពេល​យូរ​។ ថ្ងៃទី​ ៩ ​មករា​នគរបាល​យុត្តិធម៌​គាត់​កំពុង​សាកសួរ​ជនសង្ស័យ​ ដើម្បី​កសាង​របាយ​-​ការណ៍ ហើយ​បើ​ហួស​នីតិវិធី​ឃុំខ្លួន​៤៨​ម៉ោង​ទើប​បញ្ជូនមក​តំណាង​អយ្យការ​សាកសួរ​បន្តទៀត​។ ​ពេលនោះ​តំណាង​អយ្យការ​នឹង​យក​ច្បាប់​ល្បែង​ស៊ីសង​មក​អនុវត្ត ថា​តើ​ត្រូវ​អប់រំ​ឬ​យ៉ាងណា​។ លោក​ថា​៖ «​យើង​អនុវត្ត​ក្រុម​ជនសង្ស័យ​នេះ​ដោយយោង​លើ​ច្បាប់​ស្តីពី​ល្បែងស៊ីសង អ្នកណា​ជា​អ្នកលេង អ្នកណា​ជា​អ្នកចាត់ចែង និង​ជា​អ្នកផ្តល់​ទីតាំង តើ​ត្រូវ​ផ្តន្ទាទោស​ពី​ប៉ុន្មាន​ឆ្នាំទៅ​ប៉ុន្មាន​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ប៉ុន្មាន​?»៕