ស្ទឹងត្រែងៈ​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​ស្ទឹងត្រែង​នៅ​ថ្ងៃទី​ ១០ ​ខែមករា ​បាន​ប្រាប់​ទៅ​កម្លាំង​ឆ្មាំ​ទន្លេ៦​នាក់​ឱ្យ​ប្តូរ​វេន​គ្នា​ល្បាត​ដើម្បី​តាម​ឃ្លាំមើ​ល​សត្វ​ផ្សោត​ ១ ក្បាល ​ដែល​កន្ទុយ​ជាប់​មង។ការ​ប្រាប់​នេះ​ធ្វើឡើង​ក្រោយពី​អ្នក​ជំនាញ​អង្គការ WWF និង​រដ្ឋ​បាល​ជលផ​ល​ថ្នាក់​ជាតិ​ហាម​មិន​ឲ្យ​ព្យា​យាម​ប្រើ​វិធី​ផ្សេងៗចូល​ចាប់ ​ព្រោះ​អាច​នាំ​ឲ្យ​សត្វ​ផ្សោត​ងាប់​បាន​។

លោក ​ស្រី សំ​វិចិត្រ នាយ​ខណ្ឌ​ជល​ផល​ស្ទឹង​ត្រែង​ឱ្យដឹង​នៅ​ថ្ងៃទី​១០​ ខែមករា​ថា សត្វ​ផ្សោត​១ក្បាលមា​ន​វ័យចាស់​បន្តិច​ត្រូវ​បាន​ឆ្មាំ​ទន្លេ​ប្រ​ទះឃើញ​កន្ទុយ​ជាប់​មក​តាំងពី​ថ្ងៃទី៦ ​ខែមករា នៅក្នុង​អន្លង់​ឈើ​ទាល តំបន់​ទេស​ចរណ៍​ព្រះ​រំកិល។ ក្រោយ​ពី​ឃើញ​សត្វ​ផ្សោត​នោះ​ជាប់​មង​កម្លាំង​ឆ្នាំ​ទន្លេ​និង​ភាគី​ឡាវបាន​ប្រាប់​ពី​មធ្យោ​បាយ​ផ្សេងៗដើម្បី​ជួយ​សង្គ្រោះ​ដូចជា ​ដាក់​យុថ្កា​ទាញ​ផ្សោត​ឬ​ឲ្យ​សត្វ​ផ្សោត​ហែល​មក​ជិត​ហើយ​យក​កណ្តៀវ​កាត់​មង​ចេញ​ជា​ដើម​។

ក៏ប៉ុន្តែ​លោក​ប្រាប់​ថា មធ្យោ​បាយ​ទាំង​អស់​នោះ​ ត្រូវបា​ន​មន្ត្រី​ជំនាញ​អង្គការ WWF និង​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​ជាតិ​ប្រាប់​ថា​នឹង​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សត្វ​ផ្សោត​ដែល​អាច​បណ្តាល​ឲ្យ​វា​ងាប់​បាន។លោក​ថ្លែងថា៖«យើង​មិន​អា​ចមាន​វិធាន​ការ​អី​ផ្សេង​ក្រៅពី​គ្រាន់​តែ​ចុះ​ល្បាត​តាមដាន​មើល​វា​ទេ​ អ៊ីចឹង​យើង​មាន​កម្លាំង​ឆ្មាំ​ទន្លេ​យើង​ធ្វើ​ការ​នៅ​ទី​ហ្នឹងមើល​វា​ហែល​យើង​ចែកវេន​គ្នា​ទៅ​ព្រោះ​វា​ហែល​មាន​តែ​ឡើង​ទៅលើ​ចុះ​ម​កក្រោម​ប្រហែល​ជា​៤ទៅ​៥គីឡូ ចុះ​ឡើងៗ​ហ្នឹង​» ។

លោក​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​បញ្ជាក់​ថា សត្វ​ផ្សោត​នោះបាន​ជាប់​មង ប៉ុន្តែ​មិនមែន​ជាប់​មង​នៅនឹង​កន្លែង​ដែល​ធ្វើ​ឲ្យ​វា​ហែល​មិន​បាន​នោះ​ទេ។វា​អាច​ហែល​ទៅមក​បាន​ធម្មតា​គ្រាន់​តែ​កន្ទុយ​របស់​វា​ជាប់​មង​ ហេតុនេះ​វា​មិន​មាន​បញ្ហា​ចំពោះ​ការស្វែង​រក​អា​ហារ​ឡើយ។​លោក​ថា មង​ដែល​ជាប់​នៅ​កន្ទុយ​សត្វ​ផ្សោត​នោះ មាន​ប្រវែង​ប្រមាណ​១​ម៉ែត្រដែល​មានការ​ដាច់​ចេញខ្លះៗ​ហើយ​គិត​មក​ដល់​ថ្ងៃទី​១០ ​ខែមក​រា​។

លោក​​ថ្លែង​ថា៖«វា​ជាប់​មង​នៅ​កន្ទុយ​អត់​មាន​ពាក់​ព័ន្ធ​អី​នឹង​ការ​អត់​ចំណី​ទេ វា​ហែល​ធម្មតា​បាន។ ដែល​អត់​ចំណី​ហ្នឹង​លុះត្រា​តែ​វា​អត់​ធ្មេញ​វាចា​ស់​ស្លាប់​ដោយ​ពិបាក​និង​ចាប់​ចំណី​វា​ខ្សោយ​អាហ្នឹង​វា​អត់​មាន​អាហារ​នៅក្នុង​ក្រពះ​របស់​វា​អាហ្នឹង​វា​អាច​ស្លាប់​មែន»។

លោក​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ប្រាប់ថា នៅ​អន្លង់​ឈើទា​លគឺ​​រួមគ្នា​ជាមួយ​ប្រទេស​ឡាវដោ​យ​ខណ្ឌ​ចែក​ព្រំ​គ្នា។លោ​កថា កន្លងមក លោក​តែងតែ​បាន​ផ្សព្វ​ផ្សាយ ក៏ដូចជា​អប់រំ​ដល់​ប្រជា​នេសាទ​នៅ​តំបន់​នោះ ឲ្យ​នាំគ្នា​ជួយ​អភិរ​ក្ស និង​បញ្ឈប់​ការ​ដាក់​មង នៅ​តាម​តំបន់​ហាម​ឃាត់។ដោយឡែក​ សត្វ​ផ្សោត​ដែល​ជាប់​មងនេះអាច​បណ្តាល​មកពី​វា​ហែល​ចូលទៅ​ដែនទឹក​​របស់​ប្រទេស​ឡាវ ព្រោះ​ខាង​ឡាវ​មិន​មាន​កា​រហាម​ឃាត់​រឿង​ដាក់​មង​​នោះទេ ​។

លោក​ថ្លែង​ថា៖«ព្រំ​ទឹក​របស់​យើង​ក៏មានព្រំ​ទឹក​របស់​ឡាវ​ក៏មាន​ដល់​អ៊ីចឹង​យើង​មិន​អាច​ហាម​ផ្សោត​មិន​ឲ្យ​ហែល​ទៅ​ដី​ឡាវ​បានទេ អាហ្នឹង​ហើយ​ដែលជា​បញ្ហា​ប្រឈម​កន្លង​មក​ដែល​យើង​តែង​លើក​ប្រាប់​អ្នក​ពាក់​ព័ន្ធ​ដើម្បី​ជួយ​រក​វិធាន​ការ។ខាងយើង​មាន​ឆ្នាំ​ទន្លេ សហ​គមន៍​និង​អាជ្ញាធរ​ចូលរួម​ណាស់​ក្នុង​ការ​ការ​ពារ​ផ្សោត។ដោយ​ឡែក​ខាង​ឡាវ​គេ​ដាក់​មង​ដាក់​អី​បាន​ធម្មតា» ​៕ ​