ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ ​ប្រកាស​ជ្រើសរើស​អ្នកជំនាញ​បច្ចេកវិទ្យា​ចំនួន​ ១២៥ នាក់ ​ដើម្បី​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស ​ក៏ដូចជា​ដើម្បី​ពង្រឹង ​និង​ពង្រីក​ការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ការផ្តល់​សេវា​សាធារណៈ​ជូន​សាធារណ​ជន​ឱ្យ​កាន់តែ​ល្អ​ប្រសើរ។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ ​ឱ្យដឹង​ថា ​ការជ្រើសរើស​អ្នកជំនាញ​ចំនួន​១២៥​នាក់ ​សម្រាប់​បម្រើ​ការងារ​នៅ​ទីស្ដីការ​ក្រសួង ​ដើម្បី​ពង្រឹង ​និង​ពង្រីក​ការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​ការផ្តល់​សេវា​សា​ធារណៈ​ឱ្យ​កាន់តែ​ល្អប្រសើរ ​ក្នុង​ទិសដៅ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ​និង​សង្គម។ ជាពិសេស​ដើម្បី​ធានា​ឱ្យ​បាន​ភាព​ជោគ​ជ័យ​នៃ​ការអនុវត្ត​គោល​នយោបាយ​រដ្ឋាភិបាល​ឌីជីថល​នៅ​កម្ពុជា។

បើ​តាម​សេចក្តី​ជូនដំណឹង ​ជំនាញ​ដែល​ក្រសួង​ប្រកាស​ជ្រើសរើស​ចំនួន​១២៥នាក់​នោះ ​រួមមាន ​អ្នកជំនាញ​បច្ចេក​វិទ្យា​ក្លោដ ​(Cloud Technology)​ចំនួន​១៥នាក់ ​អ្នកជំនាញ​មជ្ឈមណ្ឌល​ទិន្នន័យ​(Data Center) ​ចំនួន​ ១៥​នាក់។ អ្នកជំនាញ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​(Artificial Intelligence–AI)​ចំនួន​១៥នាក់​និង ​អ្នកជំនាញ​អភិវឌ្ឍ​សុសវែ​(Software Development)​ចំនួន​១៥នាក់។ អ្នកជំនាញ​វិទ្យាសាស្ត្រ​ទិន្នន័យ​(Data Science)​ ចំនួន​១៥នាក់ ​អ្នកជំនាញ​សន្តិសុខ​សាយប័រ ​(Cybersecurity) ​ចំនួន​១៥នាក់ ​អ្នកជំនាញ​បច្ចេកវិទ្យា​ប្លុកជេន​ (Blockchain Technology)​ចំនួន​១៥នាក់ ​និង​អ្នកជំនាញ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​(Telecom​mu​ni​cations Infrastructure)​ចំនួន​២០នាក់។

ក្រសួង​បន្តថា ​ចំពោះ​លក្ខខណ្ឌ​នៃ​ការជ្រើសរើស ​បេក្ខជន​ត្រូវមាន​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ឡើង​ទៅ ​ស្រប​តាម​ជំនាញ​ជ្រើស​រើស។ ត្រូវ​មាន​ចំណេះដឹង​ភាសា​អង់​គ្លេស​អាច​ប្រើការ​បាន​ មាន​ឆន្ទៈ​និង​ក្រមសីលធម៌​បំពេញ​ការងារ​ មាន​ភាព​ស្មោះត្រង់​និង​យកចិត្ត​ទុកដាក់​ចំពោះ​ការងារ​មាន​ភាពអត់ធ្មត់​តស៊ូ​និង​ឧស្សាហ៍​ព្យាយាម​ មាន​សមត្ថ​ភាព​បំពេញ​ការងារ​ដោយ​ឯករាជ្យ​និង​ការងារ​ជាក្រុម ​មាន​គំនិត​ផ្តួចផ្តើម​និង​ច្នៃ​ប្រឌិត។ ទទួល​យក​ការបណ្តុះ​បណ្តាល​ចំណេះ​ដឹង​បន្ថែម​និង​គុណវុឌ្ឍិ​ផ្សេង​ទៀត​តាម​ជំនាញ​នីមួយៗ​ដែល​ភ្ជាប់​មក​ជាមួយ​សេចក្តី​ជូនដំ​ណឹង​នេះ។

តាម​រយៈ​សេចក្តី​ជូន​ដំណឹង​នេះ ​ក្រសួង​បញ្ជាក់ថា ​ប្រាក់បៀវត្យរ៍ ​និង​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ ​ស្របតាម​មុខ​តំណែង​ សមត្ថភាព ​បទពិសោធ ​ទទួលបាន​ចំណេះដឹង ​និង​ជំនាញ​ឯកទេស​វិជ្ជាជីវៈ​បន្ថែម​តាមរយៈ​ការបណ្តុះ​បណ្តាល​ ការអនុវត្ត​ការងារ ​និង​គុណវុឌ្ឍិ​របស់​បេក្ខជន​ជាក្រុម ​និង​ការបង្ហាញ​ភាព​ជាអ្នក​ដឹកនាំ​ក្នុង​វិស័យ​សាធារណៈ ​និង​ឱកាស​ក្លាយ​ជាមន្ត្រី​រាជការ​ដោយ​ផ្អែក​លើ​សមត្ថភាព ​និង​សមិទ្ធកម្ម​ការងារ។

អនុរដ្ឋ​លេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ​លោក​លីវ សុផាណារិទ្ធ ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា ​ការជ្រើស​នេះ ​ដើម្បី​បណ្តុះបណ្តាល​ធនធាន​មនុស្ស ​ដែលជា​ចលករ​មួយ​ដ៏សំខាន់ ​ក្នុង​វិស័យ​បច្ចេកវិទ្យា។

លោក​ថ្លែងថា​៖«អ៊ីចឹង ​ក្រសួង​ធ្វើ​យ៉ាងណា​ប្រមូល​ធនធាន​មនុស្ស ​ដែលមាន​ចំណេះដឹង​ក្នុង​ផ្នែក​នេះ ​ដើម្បី​ជួយ​អភិវឌ្ឍ​កិច្ចការ​ក្នុង​ផ្នែក​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​រីក​ម្រើន​ទៅ​មុខ​ទៀត»។

លោក​ថា ​ផែនការ​របស់​ក្រសួង ​មាន​ច្រើន​ក្នុង​ការអភិវឌ្ឍ​ទាំង​វិស័យ​ទូរគមនាគមន៍ ​វិស័យ​បច្ចេកវិទ្យា ​ជាពិសេស​ចង់​ជំរុញ​ផ្នែក​ឌីជីថល។ លោក​ថា​៖«ព្រោះ​វិស័យ​ឌីជីថល​ដើរ​តួ​សំខាន់​ណាស់​សម្រាប់​ជួយ​ដល់​សេដ្ឋកិច្ច​ផង ​និង​ជួយ​ដល់​កិច្ចការ​សង្គម​ផ្សេងៗ។ ជាពិសេស ​យើង​ឃើញថា ​នៅ​ក្នុង​ដំណាក់កាល​នៃ​ជំងឺ​កូវីដ១៩ ​ប្រព័ន្ធប​ច្ចេក​វិទ្យា​ក៏ដូចជា​ប្រព័ន្ធ​ឌីជីថល​ជួយ​សម្រួល​កិច្ចការ​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ការងារ​ប្រសើរ​ជាង​មុន»។

សម្រាប់​កាលបរិច្ឆេ​ទទទួល​ពាក្យ ​និង​នីតិវិធី​នៃ​ការជ្រើសរើស​បេក្ខជន​ទាំង​២ភេទ​ ត្រូវ​បំពេញ​ពាក្យ​ស្នើសុំ​តាម​អាសយ​ដ្ឋាន ​www.mptc.gov.kh/careers ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​រហូត​ដល់​ថ្ងៃទី២៨​ ខែមករា ​ឆ្នាំ២០២២​ វេលា​ម៉ោង​១៧:០០នាទី។ បេក្ខជន​ត្រូវ​ប្រឡង​ប្រជែង​តាមរយៈ​វិញ្ញាសា​សរសេរ ​ឬ​អនុវត្ត​កិច្ចការ ​ICT(ICT Assignment)។ បេក្ខជន​ដែល​ទទួលបាន​លទ្ធផល​ជាប់​លើ​វិញ្ញាសា​សរសេរ ​ត្រូវ​មក​ធ្វើ​បទបង្ហាញ​ ឬ​មក​សម្ភាស​ ដោយ​គណៈកម្មការ​រៀបចំ​ការប្រឡង​ជ្រើសរើស​អ្នក​ជំនាញ។

សម្រាប់​ព័ត៌មាន​បន្ថែម ​សូម​ទាក់ទង​មក​នាយកដ្ឋាន​បុគ្គលិក ​និង​បណ្តុះបណ្តាល ​នៃ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ ​តាមរយៈ​លេខ​ទូរសព្ទ​០៩៦ ៧០០ ៦៦៦៦, ០១២ ៩២៥ ៩៣៥ ​និង​ ០៩២ ៨៨៦ ២៤២៕