The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោកនាយក​រដ្ឋមន្ត្រី​ឱ្យ​ពន្លឿន​ការចាក់​វ៉ាក់សាំងដូស​ជំរុញ និង​អនុញ្ញាតឱ្យ​អ្នក​ចង់​ចាក់​ដូស​ទី​៤ ​អាចមក​ចាក់​នៅ​ភ្នំពេញ

លោកនាយក​រដ្ឋមន្ត្រី​ឱ្យ​ពន្លឿន​ការចាក់​វ៉ាក់សាំងដូស​ជំរុញ និង​អនុញ្ញាតឱ្យ​អ្នក​ចង់​ចាក់​ដូស​ទី​៤ ​អាចមក​ចាក់​នៅ​ភ្នំពេញ

Content image - Phnom Penh Post
សកម្មភាព​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ នៅ​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំមុន​។ ហ៊ាន រង្សី

លោកនាយក​រដ្ឋមន្ត្រី​ឱ្យ​ពន្លឿន​ការចាក់​វ៉ាក់សាំងដូស​ជំរុញ និង​អនុញ្ញាតឱ្យ​អ្នក​ចង់​ចាក់​ដូស​ទី​៤ ​អាចមក​ចាក់​នៅ​ភ្នំពេញ

ភ្នំពេញៈ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជំរុញ​ឱ្យ​ក្រសួង​សុខាភិបាល​ និង​អាជ្ញាធរ​ទូទាំង​រាជធានី ខេត្ត ពន្លឿន​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ ឬ​ដូស​ទី​ ៣ ​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួន ដើម្បី​ដើរ​ឱ្យទាន់​នៃ​ការឆ្លង​ចូល​នូវ​វីរុស​ប្រភេទ​ថ្មី​អូមីក្រុង​ដែល​កំពុង​ឆ្លង​ចូលក្នុង​សហគមន៍ ខណៈ​លោក​​ក៏បាន​អនុញ្ញាត​ផងដែរ ឱ្យ​ប្រជាពលរដ្ឋ​ដែល​ចង់​ចាក់​វ៉ាក់សាំង​​ដូស​ទី ​៤ អាចមក​ទទួល​វ៉ាក់សាំង​នេះ​បាន​នៅ​រាជធានី​ភ្នំពេញ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​ដូចនេះ​នៅ​ព្រឹក​ថ្ងៃទី​ ១០ ខែមករា ឆ្នាំ​ ២០២២ ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កំណាត់​ផ្លូវជាតិ​លេខ​ ៥ ​ពី​ខេត្តបាត់ដំបង​ទៅ​ក្រុង​សិរីសោភ័ណ ដោយ​លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា លោក​បាន​បញ្ជា​ឱ្យ​ទិញ​វ៉ាក់សាំង​​បង្ការ​កូវីដ​ ១៩​ បន្ថែមទៀត​រហូត​​ដល់​ ៥ ​លាន​ដូស សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។

លោក​បាន​ថ្លែងថា ៖ «​ខ្ញុំ​សុំ​ស្នើឱ្យ​ខេត្ត​នីមួយៗ ត្រូវតែ​ធ្វើការ​ខិតខំ​ក្នុង​ដំណើរ​ការចាក់​ដូស​ជំរុញ ឬ​ដូស​ទី​ ៣ ​ទៅដល់​ប្រជាពលរដ្ឋ​របស់ខ្លួន ដើម្បី​ដើរ​ឱ្យ​​ទាន់​នៃ​ការឆ្លង​ចូល​នូវ​វីរុស​អូមីក្រុង​ដែល​កំពុង​ឈានចូល​ក្នុង​សហគមន៍​។ ​យើង​គ្មាន​ជម្រើស​ណា​ដែល​ល្អ​ជាង​នេះ​ទេ ដូចនេះ​គ្រប់​ខេត្ត​ទាំងអស់​ត្រូវខិតខំ​ ដើម្បី​ជំរុញ​ល្បឿន​នៃ​ការចាក់​ដូស​ទី​ ៣​នេះ ហើយ​យើង​ក៏​នៅតែ​បន្ត​ការចាក់​ដូស​ទី​ ១ ដល់​អ្នកខ្លះ​មិនទាន់បាន​ចាក់​ផងដែរ​»​។

ជាមួយ​គ្នានេះដែរ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ចេញ​នូវ​បទបញ្ជា​ទៅដល់​ក្រសួង​​សុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​មកពី​គ្រប់​ទីកន្លែង​ ឬ​តាម​បណ្តា​ខេត្ត​នា​នានា​អាចមក​ចាក់​វ៉ាក់សាំង​ដូស​ទី​ ៤ ​បាន​ដោយ​ប្រើប្រាស់​វ៉ាក់សាំង​កូវីដ​ ១៩ Pfizer​។

លោក​មានប្រសាសន៍​ថា​៖ «​វ៉ាក់សាំង​ Pfizer​ យក​ចេញទៅ​ក្រៅ​មិន​រួច​ទេ ដោយសារតែ​វ៉ាក់សាំង​នេះ​ត្រូវ​រក្សា​នៅក្នុង​សីតុណ្ហភាព​ ៨០ ​អង្សា ក្រោម​សូន្យ ​(-៨០)​។ ខ្ញុំ​បានដាក់​បទបញ្ជា​រួចហើយ គឺ​ចាក់​ទៅដល់​គ្រប់​ប្រជាពលរដ្ឋ​ដែល​មកពី​គ្រប់កន្លែង​ណា​ក៏បាន​ដែរ​។ បើ​អ្នកណា​ចង់​ចាក់​វ៉ាក់សាំង​ Pfizer គឺ​ចាក់ឱ្យ​ពួកគាត់​បាន ដោយសារ​វ៉ាក់សាំង​នេះ​ដឹកចេញទៅ​ខេត្ត​មិនមាន​ប្រព័ន្ធ​ត្រជាក់ -៨០ ​អង្សា​វា​នឹង​ខូច​។ ​សំខាន់​ត្រូវឱ្យ​វ៉ាក់សាំង​បាន​ចូលទៅក្នុង​ខ្លួន​មនុស្ស​»​។

លោក ហ៊ុន សែន ក៏បាន​បន្ថែមទៀតថា អ្វី​ដែលជា​បញ្ហា​មិនមែន​ខ្លាច​ការដណ្តើម​វ៉ាក់សាំង​គ្នា​ចាក់​ទេ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​ការមកដល់​របស់​វីរុស​កូវីដ​ ១៩ ប្រភេទ​អូមីក្រុង ហើយ​លោក​ខ្លាច​ថា ប្រជាពលរដ្ឋ​របស់លោក​មិន​ចាក់​វ៉ាក់សាំង​។

លោក​បាន​បញ្ជាក់ទៀតថា​៖ «​ខ្ញុំ​នឹង​ចាក់​វ៉ាក់សាំង​ដូស​ទី​ ៤ នៅ​ថ្ងៃទី​ ១៤ ខែមករា ដោយសារ​នៅ​ថ្ងៃទី​ ២៣ ខែមករា​ខ្ញុំ​នឹង​ចេញ​​ទៅ​អារ៉ាប់ អេម៉ារ៉ាត់​។ អ៊ីចឹង ខ្ញុំ​មាន​ស្បែក​ការពារ​ខ្លួន ក្រែងលោ​អូមីក្រុង​លេង​ខ្ញុំ​នៅឯ​ឌូបៃ គ្មាន​អ្នកណា​មើលឃើញ​ទេ​»​។

មុនពេល លោក ហ៊ុន សែន ចេញទៅ​ប្រទេស​មីយ៉ាន់ម៉ា លោក​បានធ្វើ​សំណាក​តេស្ត​កូវីដ-១៩ ហើយ​ពេលនោះ​លោក​ក៏​​បាន​ឆ្លៀត​ជួស​ឈាម​ ដើម្បី​ពិនិត្យ​​ពី​អង់ទីគ័រ​របស់​វា​ផងដែរ​។

លោក​បាន​ថ្លែងថា​៖ «​អង់ទីគ័រ​ខ្ញុំ​នៅសល់​ជាង​ ៧០០ ចំណែក​ប្រពន្ធ​ខ្ញុំ​នៅសល់​ទាប គឺ​ប្រមាណ​ជា​ ៤០០ ​ទេ​។ អ៊ីចឹង​ត្រូវ​ថែម​ Pfizer​ ដែល​ប្រទេស​អូស្ត្រាលី​ឱ្យ​មកនេះ​ទៀត​»​។

ដោយឡែក​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ចេញ​បទបញ្ជា​ឱ្យ​ទិញ​វ៉ាក់សាំង​កូវីដ​ ១៩ ​ចំនួន​ ៥​ លាន​ដូស បន្ថែមទៀត​ផងដែរ បើទោះបី​កម្ពុជា​មាន​វ៉ាក់សាំង​ក្នុង​ឃ្លាំង​ចំនួន​ជាង​ ១០ ​លាន​ដូស​ក៏ដោយ​។

លោក​បាន​លើកឡើងថា​៖ «​ប្រសិនបើ​យើង​គិត​ឱ្យ​គ្រប់​សម្រាប់​ដូស​ជំរុញ​ជា​បន្តបន្ទាប់​ទៀត​យើង​នៅ​ខ្វះ​វ៉ាក់សាំង​ចំនួន​ ៨​ លាន​ដូស​ទៀតហើយ​ម្សិលមិញ​នេះ ខ្ញុំ​ឱ្យ​រក​ទិញ​បន្ថែមចំនួន​ ៥​ លាន​ដូ​ស​បញ្ចូល​ក្នុង​ឃ្លាំង​បន្ថែមទៀត ហើយ​នៅពេលដែល​វ៉ាក់សាំង​ ៥ ​លាន​ដូ​ស​នេះ​មកដល់​ហើយ ត្រូវ​ថែម​ ៥​ លាន​ដូស​ទៀត ដោយសារ​យើង​មិន​​ដឹងថា តើ​ពេលណា​វា​ចប់​នោះទេ និង​ដើម្បី​ធានាថា ប្រជាជន​កម្ពុជា​នឹងមាន​វ៉ាក់សាំង​គ្រប់គ្រាន់​ ដើម្បី​ចាក់​ដូស​ជំរុញ​»​។

ទាក់ទង នឹង​ការចាក់​វ៉ាក់សាំង​ដូស​ទី​ ៤ ដោយ​ប្រើប្រាស់​វ៉ាក់សាំង​ប្រភេទ Pfizer​ នេះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​បាន​ពន្យល់​ថា ដោយសារ​វីរុស​កូវីដ​ ១៩ ​នេះ​​មាន​ការ​បំប្លែង​ជា​បន្តបន្ទាប់ អ្នកស្រាវជ្រាវ​វេជ្ជសាស្ត្រ​ក៏បាន​ធ្វើការ​ជា​បន្តបន្ទាប់​ដូច​គ្នា​ផងដែរ​។

​លោកស្រី​មានប្រសាសន៍ថា៖ «​ការស្រាវជ្រាវ​នេះ​ក៏មាន​លទ្ធផល​បង្ហាញ​ផងដែរ​ថា ការដែល​យើង​ចាក់​ដូស​ទី​ ៣ ឬ​ដូស​ជំរុញ​នេះ គឺ​ដើម្បី​បង្កើន​កងការពារ​ឱ្យបាន​រឹងមាំ ហើយ​បើ​យោងតាម​​បទពិសោធ​និង​ការសិក្សា​ជាក់ស្តែង​គឺ​គេ​សង្កេតឃើញថា ការប្រើ​វ៉ាក់សាំង​ប្រភេទ​ខុសគ្នា​នូវ​​ដូស​មូលដ្ឋាន ​(​ដូស​ទី​ ១ និង​ទី​ ២)​ និង​ដូស​ទី​ ៣​ គឺ​បាន​ជំរុញឱ្យមាន​កងការពា​រ​បាន​ខ្ពស់​ និង​ល្អប្រសើរ​»​។

នៅក្នុង​បរិបទ​នៃ​ការវាយលុក​របស់​ពពួក​វីរុស​អូមីក្រុង ការ​សិក្សា​ក៏បាន​បង្ហាញ​ទៀតថា​ប្រសិនបើ​បន្ត​ការចាក់​វ៉ាក់សាំង​នៅ​ប្រភេទ​ណាមួយ​ទៀត​ដែល​វា​ដូចគ្នា​ ឬ​ផ្ទុយគ្នា​ពី​ដូស​ទី​ ១ ទី​ ២ និង​ដូស​ទី​ ៣ ​នេះ វា​នឹង​បង្កើន​ថែមទៀត​នូវ​ភាពរឹងមាំ​នូវ​កងការពារ ដើម្បី​ទប់ស្កាត់​នូវ​ការវាយលុក​ពី​ប្រភេទ​វីរុស​អូមីក្រុង​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​ពី​លោកស្រី ឱ វណ្ណឌីន​។

លោកស្រី​ថា​៖ «​វ៉ាក់សាំង​ទាំងអស់​ដែល​ស្ថិតនៅក្នុង​បញ្ជី​ប្រើប្រាស់​បន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោក​សុទ្ធតែជា​ប្រភេទ​វ៉ាក់សាំង​ដែលមាន​ប្រសិទ្ធភាព​ និង​គុណភាព​សម្រាប់​ប្រើប្រាស់​នៅលើ​សរីរាង្គ​របស់​មនុស្ស​។

ដូចនេះ​មិនមាន​ការរើសអើង​ ឬក៏​ថា វ៉ាក់សាំង​នេះ​ល្អ​ ឬ​មិនល្អ​នោះ​​ទេ​តែ​មានន័យថា ការប្រើប្រាស់​វ៉ាក់សាំង​នេះ​គឺ​ប្រើប្រាស់​ទៅតាម​ដំណាក់កាល​»​។

អ្នកនាំពាក្យ​រូបនេះ​បាន​បន្តថា​​វា​ក៏​បង្ហាញ​ពី​ប្រសិទ្ធភាព​បន្ថែម​នៃ​វ៉ាក់សាំង​ក៏ដូចជា បង្កើន​នូវ​អង់ទីគ័រ​សម្រាប់​សរីរាង្គ​របស់​មនុស្ស​នៅក្នុង​ការទប់ទល់​ជាមួយ​នឹង​វីរុស​អូមីក្រុង​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍