The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទំព័រ​ថ្មី​នៃ​ការសិក្សា​របស់​កុមារ​តូច ចាប់ផ្តើម​នា​ថ្ងៃទី​ ១០ មករា ចំ​ថ្ងៃ​បវេសនកាល​នៃ​សិស្ស​ទូទៅ

ទំព័រ​ថ្មី​នៃ​ការសិក្សា​របស់​កុមារ​តូច ចាប់ផ្តើម​នា​ថ្ងៃទី​ ១០ មករា ចំ​ថ្ងៃ​បវេសនកាល​នៃ​សិស្ស​ទូទៅ

Content image - Phnom Penh Post
សិស្ស​ឡើង​ថ្លែង​នៅក្នុង​ទិវា​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​នៅ​សាលាបឋមសិក្សា​ជ័យជំនះ រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ​។ ហេង ជីវ័ន

ទំព័រ​ថ្មី​នៃ​ការសិក្សា​របស់​កុមារ​តូច ចាប់ផ្តើម​នា​ថ្ងៃទី​ ១០ មករា ចំ​ថ្ងៃ​បវេសនកាល​នៃ​សិស្ស​ទូទៅ

ភ្នំពេញៈ ថ្ងៃទី​ ១០ ខែមករា ជា​ថ្ងៃ​បើក​ទំព័រ​ថ្មី​នៃ​ឆ្នាំ​សិក្សា ២០២១-២០២២ ក្នុងការ​ចាប់ផ្តើម​ជីវិត​សិក្សា​ដំបូង​របស់​កុមារ​ដែល​ដល់​អាយុ​ត្រូវ​ចូល​សាលារៀន និង​ជា​ថ្ងៃ​របស់​សិស្សានុសិស្ស​នៅ​ទូទាំង​ប្រទេស​ចូលរៀន​ដោយផ្ទាល់​ក្នុង​ថ្នាក់​ឡើងវិញ តាម «​គន្លង​ប្រក្រតីភាព​ថ្មី​នៃ​វិស័យ​អប់រំ​» បន្ទាប់ពី​ថ្នាក់រៀន​ត្រូវបាន​ជំនួស​ដោយ​ការរៀន​ពី​ចម្ងាយ​អស់​រយៈពេល​ជិត​ ២​ ឆ្នាំ​មក​។ តាមរយៈ​សារលិខិត​ក្នុងឱកាស​បើកប​វេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២១-២០២២ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងថា ចាប់តាំងពី​មានការ​រាតត្បាត​នៃ​ជំងឺ​កូវីដ ​១៩ នៅ​ខែមីនា ឆ្នាំ​ ២០២០ រហូតមកទល់​បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​អប់រំ យុវជន និង​កីឡា បានដាក់​ចេញ​នូវ​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព និង​ប្រយ័ត្ន​ប្រយែង ព្រមទាំង​អាច​កត់ត្រាទុក និង​រៀនសូត្រ​ជា​មេរៀន​បទពិសោធ សម្រាប់​ការអនុវត្ត​ «​គន្លង​ប្រក្រតីភាព​ថ្មី​នៃ​វិស័យ​អប់រំ​»​។

ក្នុងនោះ រួមមាន ការយកចិត្ត​ទុកដាក់​ដល់​អាយុជីវិត​របស់​បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស​ជា​កត្តា​អាទិភាព​។ ការអនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ​សុវត្ថិភាព សុខភាព​សម្រាប់​បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស នៅតាម​គ្រឹះស្ថានសិក្សា​ស្រប​​តាម​គោលការណ៍ «៣​ កុំ ៣ ​ការពារ​» តាមរយៈ​ការអប់រំ ការផ្សព្វផ្សាយ និង​ការជួយ​គាំទ្រ​អំពី​វិធានការ​ការពារ​ខ្លួន​ពី​ការឆ្លង​កូវីដ​ ១៩​។ ការអនុវត្ត​វិធានការ​គ្រប់គ្រង និង​រដ្ឋបាល​តាម​ប្រព័ន្ធ​ឌីជីថល​ដែលមាន​ប្រសិទ្ធភាព និង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ជូន​បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស​ឱ្យបាន​គ្រប់គ្នា​ជាដើម​។

លោក​បាន​ថ្លែងថា​៖ «​វិធានការ​ខាងលើនេះ​បាន​ធានា​ឱ្យ​បុគ្គលិក​អប់រំ​អាច​បន្ត​បំពេញ​ការងារ និង​សិស្សានុសិស្ស​នៅ​គ្រប់​ភូមិ​សិក្សា​អាច​ទទួលបាន​សេវា​អប់រំ​តាម​គ្រប់​រូបភាព និង​ខ្ញុំ​នៅតែ​សង្កត់ធ្ងន់ថា វិធានការ​ទាំងនេះ​នៅតែមាន​សុពលភាព​បន្តទៀត​ក្នុង​បរិបទ​ដែល​កូវីដ ​១៩ ឬ​មេរោគ​បំប្លែង​ថ្មី​មិនទាន់​រលាយបាត់​»​។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​មើលឃើញថា នៅ​ខែកញ្ញា ឆ្នាំ​ ២០២១ ក្រសួង​អប់រំ បាន​អនុញ្ញាត​ឱ្យ​ចាប់ផ្តើម​ដំណើរការ​រៀន និង​បង្រៀន​ជា​លក្ខណៈ​បណ្ដុះ​នៅតាម​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ និង​ការបើក​ដំណើរការ​ឡើង​វិញ​នៃ​គ្រឹះស្ថាន​ឧត្តមសិក្សា​ដោយ​រលូន​។ ពុំមាន​ហេតុការណ៍​អ្វី​កើតឡើង​គួរកត់សម្គាល់ ពាក់ព័ន្ធ​នឹង​កត្តា​សុខភាព​របស់​បុគ្គលិក​អប់រំ និង​សិស្សានុសិស្ស​ឡើយ​។ ជាពិសេស ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​ ២០២១​ បាន​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​សុវត្ថិភាព និង​ជោគជ័យ​។ នេះ​ជាការ​បន្ថែម​របស់លោក​ ហ៊ុន សែន​។

លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា ក្នុង​ខែធ្នូ ឆ្នាំ​ ២០២១ លោក​បាន​ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​ ២០​ កុម្ភៈ​ ២០២១ និង​បានសម្រេច​ដាក់ឱ្យ​ប្រើប្រាស់​នូវ «​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើន សេដ្ឋកិច្ចកម្ពុជា​ក្នុង​ការរស់នៅ​ជាមួយ​កូវីដ ​១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​ឆ្នាំ​ ២០២១-២០២៣» ជាមួយនឹង​ទស្សន​វិស័យ​នៃ​ការចាកចេញ​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ ​១៩ ក្នុង​ភាពរឹងមាំ និង​ការវិលត្រឡប់​ទៅរក​មាគ៌ា​នៃ​កំណើន និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ឡើងវិញ​។

Content image - Phnom Penh Post
សាលាបឋមសិក្សា​ភ្នំ​ដូនពេញ​នៅ​ថ្ងៃទី​ ១០ ​មករា​។ ហុង មិនា

លោក​បញ្ជាក់ថា កត្តា​ទាំងនេះ​ហើយ​បានផ្ដល់​លទ្ធភាព​ឱ្យ​កម្ពុជា អាច​ប្រារព្ធ​ពិធី​បើកប​វេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ ២០២១-២០២២ ដ៏​មាន​សារៈសំខាន់​នា​ថ្ងៃនេះ សម្រាប់​គ្រឹះស្ថានសិក្សា​នៅ​ទូទាំងប្រទេស​ក្រោម​ទស្សនទាន​ថ្មី​គឺ «​គន្លង​ប្រក្រតីភាព​ថ្មី​ក្នុង​វិស័យ​អប់រំ​»​។ ក្រសួង​អប់រំ​បានកំណត់​យក​ថ្ងៃទី​ ១០ ខែមករា ឆ្នាំ​ ២០២២ គឺជា​ថ្ងៃ​បើក​ទំព័រ​ថ្មី នៃ​ការចាប់ផ្តើម​ជីវិត​សិក្សា​ដំបូង​របស់​ក្មួយៗ ដែល​ទើបនឹង​ដល់​អាយុ​ត្រូវ​ចូល​សាលារៀន និង​ជា​ថ្ងៃ​ចូលរៀន​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​របស់​ក្មួយៗ​ជា​សិស្សានុសិស្ស​ជា​កុលបុត្រ​កុលធីតា​ជា​ទីស្រឡាញ់​គ្រប់ៗ​គ្នា​។

ក្រសួង​អប់រំ ឱ្យដឹងថា ដោយ​អនុវត្ដ​តាម​អនុសាសន៍​ណែនាំ​របស់​លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន គ្រប់​គ្រឹះស្ថានសិក្សា​សាធារណៈ​ទាំងអស់​នៅ​ទូទាំងប្រទេស​បានធ្វើ​ពិធី​អបអរសាទរ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២១-២០២២ នៅ​ថ្ងៃទី​ ១០ ខែមករា ក្នុង​មនោសញ្ចេតនា រីករាយ​កក់ក្ដៅ និង​មោទនភាព​បំផុត​។ ក្នុងនោះ​លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​បវេសនកាល ឆ្នាំ​សិក្សា​ថ្មី​នេះ នៅ​វិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ស្ថិតក្នុង​ខេត្ដ​សៀមរាប​។

លោក ហង់ជួន ណារ៉ុន បាន​ថ្លែងថា ការអប់រំ​ប្រកប​ដោយ​ចីរភាព ពិត​ជាមាន​សារៈសំខាន់ ដើម្បី​ធានា​ការផ្ដល់សេវា​អប់រំ​ប្រកបដោយ​គុណភាព និង​បរិយាប័ន្ន ដែល​ផ្ដល់ឱកាស​ស្មើៗ​គ្នា​ដល់​កុមារ និង​យុវជន​កម្ពុជា​ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ​នៅ​ទូទាំងប្រទេស​។

លោក​បន្តថា​៖ «​ពេលនេះ​រាជរដ្ឋាភិបាល​បាននិង​កំពុង​ខិតខំ​ប្រឹងប្រែង​ក្នុងការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​បន្តទៀត និង​បាន​ចាត់ទុក​ការអភិវឌ្ឍ​ធនធានមនុស្ស គឺជា អាទិភាព​ទី​ ១ រួមជាមួយ​នឹង​ការប្ដេជ្ញា​ឱ្យបាន​នូវ​មុំ​ទី​ ១ គឺ​ការពង្រឹង គុណភាព​អប់រំ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា តាមរយៈ​ការ​ទាញ​យក​ផលប្រយោជន៍​ពី​ការអនុវត្ត​នៅក្នុង​តំបន់ និង​អន្តរជាតិ​ ដើម្បី​ធានាបាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​ចីរភាព​»​។

លោក​ ហ៊ុន ម៉ានី ប្រធាន​គណៈកម្មការ​ទី​ ៧ នៃ​រដ្ឋសភា​ (​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ ទេសចរណ៍​នៃ​រដ្ឋសភា​) ​ថ្លែង​អបអរសាទរ​ជាមួយ​ក្រសួង​អប់រំ ក្នុង​ថ្ងៃ​បើក​បវេសនកាល​សម្រាប់​ឆ្នាំ​សិក្សា​ ២០២១-២០២២ ​ដែល​សិស្សានុសិស្ស​គ្រប់​ថ្នាក់ និង​គ្រប់​ភូមិ​សិក្សា​នៅ​ទូទាំង​ប្រទេស​បាន​ចូលរៀន​ដោយផ្ទាល់ ឡើងវិញ​បន្ទាប់ពី​ថ្នាក់រៀន​ត្រូវបាន​ជំនួស​ដោយ​ការរៀន​ពី​ចម្ងាយ​អស់​រយៈពេល​ជិត ២ ​ឆ្នាំ​។

លោក​ថ្លែងថា​៖ «​ឆ្លៀត​ក្នុងឱកាស​នេះ​ក្នុងនាម​ជា​ប្រជាពលរដ្ឋ និង​ជា​អាណាព្យាបាល ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្រសួង​អប់រំ ជាពិសេស លោកគ្រូ អ្នកគ្រូ ដែល​ក្នុង​រយៈកាល​កន្លងមក​នេះ បាន​ខិតខំ​ប្រឹងប្រែង​តស៊ូ​ជម្នះ​ការលំបាក​សព្វបែបយ៉ាង ដើម្បី​ធានាបាន​នូវ​ការបន្ត​ការផ្តល់​ការអប់រំ​ដល់​សិស្សានុសិស្ស​ក្នុង​ដំណាក់កាល​ដ៏លំបាក​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ​១៩»​។

លោក​ថា ឆ្នាំ​ ២០២២ បាន​បង្ហាញ​ពី​ការបើក​ឡើងវិញ​នៃ​សង្គម សេដ្ឋកិច្ច ក្នុង​ប្រក្រតីភាព​នៃ​គន្លង​ថ្មី ដែល​ទាំងអស់គ្នា​ត្រូវ​រៀន​រស់នៅ​ជាមួយ​វា​ក្នុង​លក្ខណៈ យូរអង្វែង​។ លោក​បាន​អំពាវនាវ​ដល់​គណៈ​គ្រប់គ្រង​សាលា លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និង​ជាពិសេស​សិស្សានុសិស្ស​ទាំង​អស់​បន្ត​ចូលរួម​អនុវត្តតាម​វិធានការ​សុខាភិបាល​នានា​ ដើម្បី​សាលារៀន​ក្លាយជា​ទីកន្លែង​ដែល ផ្តល់​ការអប់រំ​ប្រកប​ដោយ​សុវត្ថិភាព និង​មិនមែនជា​កន្លែង​ចម្លង​មេរោគ​កូវីដ​ ១៩ ​ចូល​សហគមន៍​។

ដើម្បីឱ្យ​ដំណើរការ​ឆ្នាំ​សិក្សា​ថ្មី ២០២១-២០២២ ទទួលបាន​លទ្ធផល​ល្អប្រសើរ​តាម​ការរំពឹងទុក លោកនាយក​រដ្ឋមន្ដ្រី​បាន​ណែនាំ​ឱ្យ​ក្រសួង​អប់រំ ត្រូវ​បន្ត​ដឹកនាំ និង​អនុវត្ត​នូវ​ទស្សនទាន ថ្មី «​គន្លង​ប្រក្រតីភាព​ថ្មី ក្នុង​វិស័យ​អប់រំ​» ដោយ​គិតគូរ​អំពី​ជម្រើស និង​អភិវឌ្ឍ​ធនធាន​បង្រៀន និង​រៀន​ឱ្យបាន​ច្រើន សម្បូរបែប ដើម្បី​ធានា​ផ្តល់​សេវា​អប់រំ ដែលមាន​ការឆ្លើយតប និង​រស់​រវើក ជាពិសេស​ដំណើរការ​បង្រៀន និង​រៀន​ដែលមាន​ភាពទន់ភ្លន់ និង​តាម​ទម្រង់​នៃ​វិមជ្ឈការ និង​វិសហមជ្ឈការ​នៃ​សេវា​អប់រំ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍