ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ស្នើ​បណ្តា​ប្រទេស​អាស៊ាន​បង្កើត​យន្តការ​ត្រយកា ​(Troika) ដែលមាន​ភាគី​ ៣ ​ប្រទេស​ចូលរួម គឺ​ប្រ៊ុយណេ កម្ពុជា​និង​ឥណ្ឌូនេស៊ី ដើម្បី​ធ្វើការ​សម្របសម្រួល​លើ​បទ​ឈប់​បាញ់ នៅ​មីយ៉ាន់ម៉ា បន្ទាប់ពី​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា បានប្រកាស​ពន្យារពេល​បទ​ឈប់​បាញ់​រហូតដល់​ចុងឆ្នាំ​ ២០២២​។

លោក​ថ្លែង​ដូច្នេះ​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កំណាត់​ផ្លូវជាតិ​លេខ​ ៥ ពី​ខេត្តបាត់ដំបង​ទៅ​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​ ១០ មករា​។

លោក​ ហ៊ុន សែន ថ្លែងថា​៖ «​ហោចណាស់​យើង​បង្កើតឱ្យមាន​ត្រយកា​។ ត្រយកា​នេះ​មាន​អតីត​ប្រធាន គឺ​ប្រ៊ុយណេ ប្រធាន​បច្ចុប្បន្ន គឺ​កម្ពុជា អនាគត​ប្រធាន គឺ​ឥណ្ឌូនេស៊ី បូក​ជាមួយនឹង​លេខាធិការដ្ឋាន​អាស៊ាន ដើម្បី​ធ្វើការ​សម្របសម្រួល​ជាមួយនឹង​ការឈប់​បាញ់​»​។

លោក​បន្ថែមថា​៖ «​វា​ទាល់​តែមាន​យន្តការ​អនុវត្ត​ទើប​អាចអនុវត្ត​បាន​។ អ៊ីចឹង​នៅពេល​មានការ​អនុវត្ត​នេះ​គឺ​ក្នុង​ហ្នឹង​ខាង​ភាគី​មីយ៉ាន់ម៉ា​បាន​ស្វាគមន៍​ការចូលរួម​របស់​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​មីយ៉ាន់ម៉ា ដើម្បី​ចូលរួម​ក្នុង​កិច្ចពិភាក្សា​អំពី​បទ​ឈប់បាញ់​ជាមួយ​អង្គការ​ប្រដាប់អាវុធ​ជនជាតិ​ភាគតិច​»​។

ក្នុងជំនួប​រវាង​លោក​ ហ៊ុន សែន និង​មេដឹកនាំ​យោធា លោក​ មីន អ៊ុងឡាំង (Min Aung Hlaing) កាលពី​ថ្ងៃទី​ ៧ មករា ភាគី​ទាំង​ ២​បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួមមួយ ដោយ​ក្នុងនោះ​លោក​ មីន អ៊ុងឡាំង ​បានសម្រេច​ពន្យារពេល​បទ​ឈប់​បាញ់​រហូតដល់​ចុង​ឆ្នាំ​ ២០២២ និង​បានប្រកាស​គាំទ្រ​ឱ្យមាន​កិច្ចប្រជុំ​រវាង​ភាគី​ពាក់ព័ន្ធ រួមមាន​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​មីយ៉ាន់ម៉ា អគ្គលេខាធិការ​អាស៊ាន តំណាង​មជ្ឈមណ្ឌល​អាស៊ាន​ ដើម្បី​សម្របសម្រួល​ជំនួយ​មនុស្សធម៌ និង​គ្រប់គ្រង​គ្រោះមហន្តរាយ​ (AHA Centre) និង​ក្រុមការងារ​ថ្នាក់ជាតិ​ ដើម្បី​សម្រប​សម្រួលការ​ផ្តល់ជំនួយ​មនុស្សធម៌​។

លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា ដើម្បីឱ្យ​មានការ​ជឿទុកចិត្ត​សម្រាប់​ភាគី​ទាំងអស់ នៅ​មីយ៉ាន់ម៉ា អាស៊ាន​គប្បី​ដើរតួនាទី​ចូលទៅ​ធ្វើការ​សម្របសម្រួល​ភាគី​ដែលមាន​ជម្លោះ​ឱ្យមាន​ការឈប់​បាញ់​។ វា​គឺជា​ការល្អប្រសើរ​ណាស់​ជាមួយនឹង​ការមិន​មាន​អំពើហិង្សា និង​មិនមាន​សង្គ្រាម​ប្រដាប់អាវុធ នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដែល​វា​នឹង​បង្ក​បរិយាកាស​អំណោយផល​សម្រាប់​ឈានឆ្ពោះ​ទៅរក​ការសន្ទនា ក្នុងន័យ​ស្ថាបនា ហើយ​សម្រាប់​ឈានឆ្ពោះ​ទៅរក​ការបោះឆ្នោត ដែល​មីយ៉ាន់ម៉ា កំណត់ថា​នឹងធ្វើ​ក្នុង​ខែសីហា ឆ្នាំ​ ២០២៣​។ បើ​មិន​ដូច្នេះ​ទេ ការបោះឆ្នោត​នេះ​ក៏​មិនអាច​ធ្វើទៅ​រួច​នោះទេ​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង ខ្ញុំ​សង្ឃឹមថា ដៃគូ​ទាំងអស់​ក្នុង​អាស៊ាន​របស់​យើង នឹង​ខិតខំ ដើម្បី​បង្កើតឱ្យមាន​យន្តការ​មួយ ហើយ​យន្តការ​នេះ វា​មិនមែនជា​យន្តការ​របស់​កម្ពុជា​ទេ គ្រាន់តែ​កម្ពុជា​ជា​ប្រធាន​នៅពេលនេះ​។ តែ​រឿងនេះ​វា​មិនអាច​ចប់​ត្រឹម​ក្នុង​ឆ្នាំ​ ២០២២ ​ទេ​។ រឿងនេះ​វា​នឹង​ទៅ​ដល់ដៃ​អាស៊ាន​ប្រធាន​ថ្មី គឺ​ឥណ្ឌូនេស៊ី ហើយ​ពេលនោះ​ [២០២៣] ​ត្រយកា​នឹង​ទៅជា​កម្ពុជា​អតីត​ប្រធាន​ [​អាស៊ាន​វិញ​]​។ ឆ្នាំ ២០២៣ ឥណ្ឌូនេស៊ី [​ជា​ប្រធាន​អាស៊ាន​] ហើយ​និង​អនាគត​ [២០២៤] ​ប្រធាន​ដូចជា​ទៅ​ឡាវ​»​។

លោក​ ហ៊ុន សែន បន្ថែមថា​៖ «​អ៊ីចឹង​ទេ យន្តការ​បែបនេះ​គួរ​ត្រូវបាន​បង្កើត​ដោយមាន​ការស្រុះស្រួល​នៅក្នុង​ចំណោម​អាស៊ាន​របស់​យើង​។ មីយ៉ាន់ម៉ា​ខ្លួនឯង​ក៏​ត្រូវមាន​យន្តការ​មួយ​ដើម្បី​ធ្វើការ​ជាមួយនឹង​អាស៊ាន​។ អាស៊ាន​មិនអាច​លើក​កម្លាំង​ទៅដោយ​គ្មាន​ការយល់ព្រម​របស់​មីយ៉ាន់ម៉ា​នោះទេ​»​។

លោកនាយក​រដ្ឋមន្ត្រី​បន្ថែមថា នេះ​មិនមែនជា​ប្រតិបត្តិការ​របស់​អង្គការ​សហប្រជាជាតិ​នោះទេ តែ​ជា​ប្រតិបត្តិការ​របស់​ក្រុម​ប្រទេស​អាស៊ាន ដែល​ជួយ​ដោះស្រាយ​ជម្លោះ​ប្រដាប់អាវុធ​ក្នុងប្រទេស​ជា​សមាជិក​អាស៊ាន​។ វា​មិនមែន ជាការ​ជ្រៀតជ្រែក​នោះទេ តែ​នេះ​ជាការ​ផ្តល់ឱ្យ​មីយ៉ាន់ម៉ា​ នូវ​តួអង្គ​អាស៊ាន​ក្នុងការ​ដើរតួនាទី​សម្របសម្រួល ហើយ​វា​ក៏​មិនមែនជា​បញ្ហា​ដោយឡែក​របស់​កម្ពុជា និង​មីយ៉ាន់ម៉ា​នោះដែរ​។

លោក​ រ៉ូ វណ្ណៈ សហស្ថាបនិក​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ថ្លែង​នា​ថ្ងៃទី​ ១០ មករា ថា វា​ជាការ​ផ្តួចផ្តើម​ល្អ​។ ប្រសិនបើ​កម្ពុជា​អាច​សម្របសម្រួល​ឱ្យមាន​ពហុនិយម​ក្នុងការ​ដោះស្រាយ​ជម្លោះ វា​អាចជា​មធ្យោបាយ​មាន​ប្រសិទ្ធភាព​ក្នុងការ​ចូលរួម​ដោះស្រាយ​វិបត្តិ​ដ៏ចាក់ស្រែះ​នៅ​មីយ៉ាន់ម៉ា​។

លោក​ថ្លែងថា បើ​ធ្វើដូច្នេះបាន​ចេតនា​ល្អ​ដែល​កម្ពុជា​ផ្តួចផ្តើម នឹង​ប្រហែល​ទទួលបាន​លទ្ធផល​គួរ​សាទរ​។ ប៉ុន្តែ​យ៉ាងណា កូនសោ​គន្លឹះ​គឺ​នៅក្នុង​ដៃ ​«​ពួក​យោធា​» ដែល​កំពុង​ក្តោប​អំណាច​។

លោក​ វណ្ណៈ ​ថ្លែងថា​៖ «​ហេតុដូចនេះ ការចូលរួម​របស់​ភាគី​ពាក់ព័ន្ធ​ជម្លោះ​នយោបាយ​អំណាច​របស់​ភូមា ត្រូវតែ​ចាំបាច់​នៅក្នុង​ដំណើរ​ការចរចា ដោយ​មានការ​សម្របសម្រួល​ពី​អាស៊ាន ដែលមាន​កម្ពុជា​កំពុង​ស្វះស្វែង​ការគាំទ្រ​តួនាទី​នេះ និង​បើ​អាចទៅរួច សហគមន៍​អន្តរជាតិ​ផងដែរ​។ សូម​ចងចាំ​ថា ចេតនា​ល្អ​នឹង​មិន​ប្រាកដជា​ផលិត​បាន​លទ្ធផល​ល្អ​នោះទេ ប្រសិនបើ​មធ្យោបាយ​មិនមាន​ប្រសិទ្ធភាព​»​។

លោក​ ហេង គីមគង់ អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ១០ មករា ថា វា​ពិតជា​ល្អ​ណាស់ ដែល​កម្ពុជា​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន មាន​សកម្មភាព​យ៉ាងសកម្ម ក្នុងការ​ស្វែងរក​ដំណោះស្រាយ នៃ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​។

លោក​ថ្លែងថា​៖ «​នេះ​បង្ហាញ​ពី​តួនាទី​ដ៏សំខាន់​របស់​កម្ពុជា​ក្នុង​អាស៊ាន និង​បង្ហាញថា កម្ពុជា​ជា​ប្រទេស​តូច ដែល​មាន​បេះដូង​ធំ​»៕