ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សម្រេច​ដាក់ឱ្យ​ប្រើប្រាស់​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP)​នៅតាម​គ្រប់​រោងចក្រ សហគ្រាស តាម​គន្លង​ប្រក្រតីភាព​ថ្មី​ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ​ ១៩ បន្ទាប់ពី​គោលការណ៍​នេះ​បាន​ឆ្លងកាត់​ការវាយតម្លៃ និង​ពិនិត្យ​យ៉ាង​ហ្មត់ចត់​ពី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​។

ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​ស្តីពី ដំណើរការ​ និង​ការគ្រប់គ្រង​រោងចក្រ សហគ្រាស តាម​គន្លង​ប្រក្រតីភាព​ថ្មី​ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ​ ១៩ កាលពី​ថ្ងៃទី ១០ ខែមករា លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ម្ចាស់​រោងចក្រ សហគ្រាស បងប្អូន​កម្មករនិយោជិត និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​នឹង​បន្ត​ចូលរួម​សហការ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ និង​ប្រកប​ដោយ​ស្មារតី​ទទួលខុសត្រូវ​។

លោក​ថា​៖ «​ការដាក់ឱ្យ​អនុវត្ត​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា ដើម្បី​ធានាបាន​នូវ​និរន្តរភាព ចង្វាក់ ផលិតកម្ម អាជីវកម្ម ការរក្សាបាន​នូវ​ស្ថិរភាព​ការងារ និង​ប្រាក់ចំណូល ដែលជា​ផលប្រយោជន៍​រួមទាំង​និយោជក និង​បងប្អូន​កម្មករ​និយោជិត ដោយ​ចូលរួម​បង្ការ​មិនឱ្យ​មាន​ហានិភ័យ​កើតឡើង​ ដោយសារ​តែ​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​ទាំងឡាយ ជាពិសេស ជំងឺ​កូវីដ​ ១៩»​។

លោក​បានឱ្យដឹងថា ដោយសារ​តែ​ជំងឺ​កូវីដ ​១៩ នៅតែ​បន្ត​គំរាមកំហែង ដែល​បាន​បំប្លែង​ជា​ប្រភេទ​វីរុស​ថ្មីៗ ដូចជា​អូមីក្រុង​ជាដើម ដូចនេះ​ត្រូវតែ​រៀន​រស់នៅ​ជាមួយ​ជំងឺ​កូវីដ ​១៩ និង​ជំរុញ​ការស្ដារ​សេដ្ឋកិច្ច​-​សង្គម​ឡើងវិញ ការរក្សា​ស្ថិរភាព​ការងារ និង​លំនឹង​ផលិតកម្ម​/​អាជីវកម្ម​របស់​រោង​ចក្រ តាម​គន្លង​ប្រក្រតីភាព​ថ្មី​។

លោក​បន្តទៀតថា ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​ខ្ពស់​នូវ​ការបង្ការ​ទប់ស្កាត់​ជំងឺឆ្លង​ស្របតាម​ច្បាប់​ស្តីពី​ការងារ និង​វិធាន​សុខាភិបាល ក្រសួង​បានរៀបចំ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​នេះ​ឡើង ក្នុង​គោលបំណង អាច​ធានាបាន​នូវ​ការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ព្រមទាំង​អាច​ធានាបាន​នូវ​និរន្ដរភាព​ចង្វាក់​ផលិតកម្ម អាជីវកម្ម​របស់​រោង​ចក្រ សហគ្រាស ក៏ដូចជា ស្ថិរភាព​ការងារ និង​ប្រាក់ចំណូល​របស់​កម្មករ​និយោជិត​ផងដែរ​។ ចំពោះ​ចំណុច​សំខាន់ៗ​នៃ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​នេះ រួមមាន យន្តការ​ដំណើរការ និង​ការគ្រប់គ្រង ២- វិធានការ​ដំណើរការ​ការងារ​តាម​គន្លង​ប្រក្រតីភាព​ថ្មី (​មុន​ចាប់ផ្តើម​ដំណើរការ​ការងារ​ប្រចាំថ្ងៃ អំឡុង​ពេល​ដំណើរការ​ការងារ​ប្រចាំថ្ងៃ និង​ក្រោយ​បញ្ចប់​ដំណើរការ​ការងារ​ប្រចាំថ្ងៃ​) ៣- ​ការគ្រប់គ្រង​ករណី​វិជ្ជមាន​កូវីដ​ ១៩ ៤- ការវាយតម្លៃ​ហានិភ័យ និង​ ៥- យន្តការ​អធិការកិច្ច ត្រួតពិនិត្យ​តាមដាន និង​វាយតម្លៃ​។ លោក អ៊ិត សំហេង បញ្ជាក់​បន្ថែមថា មុននឹង​សម្រេចបាន​នូវ​សេចក្តីព្រាង​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា គឺ​មន្ត្រី​ជំនាញ​របស់​ក្រសួង​បាន​ពិនិត្យ​ដកស្រង់យក​នូវ​វិធានការ​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​កន្លែងធ្វើការ​ដែលមាន​ចែង​នៅក្នុង​ច្បាប់​ស្តីពី​ការងារ លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នានា រួម​ជាមួយនឹង​វិធានការ​សុខាភិបាល​។ បន្ថែម​ពីនេះ​ក៏បាន​ដកស្រង់​ចេញពី​ឯកសារ​ដែល​បានចេញ​ផ្សាយ​ដោយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) និង​អង្គការ​សុខភាព​ពិភពលោក (WHO) យកមក​រៀបចំ​ឱ្យទៅជា​ឯកសារ​គោលការណ៍​ណែនាំ​រួមមួយ​ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ សំដៅ​ធ្វើ​យ៉ាង​ណា​អាច​ធានាបាន​នូវ​ប្រសិទ្ធភាព​កាន់តែ​ខ្ពស់​ក្នុងការ​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ​១៩ និង​ជំងឺឆ្លង​គ្រប់​ប្រភេទ​។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា បាន​ថ្លែងថា ការដាក់ឱ្យ​អនុវត្ត​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា នាពេលនេះ គឺ​ស្របទៅនឹង​បរិបទ​ថ្មី​នៃ​ជំងឺ​កូវីដ​បំប្លែង​ថ្មី​អូមីក្រុង ដែល​អាចជួយ​បង្ការ​ហានិភ័យ​ដល់​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​។

លោក​ថា​៖ «​បើសិនជា​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា អនុវត្ត​បានល្អ វា​អាច​កាត់បន្ថយ​បញ្ហា​ប្រឈម ហើយ​អាចឱ្យ​រោងចក្រ សហគ្រាស ដំណើរការ​ទៅបាន​ល្អ ទន្ទឹមនឹងនេះ​គួរតែមាន​វិធានការ​ជាក់លាក់ ដូចជា​គោលការណ៍​ទាំង​ ៥ ​ចំណុច​របស់​ក្រសួង ត្រូវអនុវត្ត​ឱ្យ​ពេញលេញ ហ្មត់ចត់ ដើម្បី​ធានា​បញ្ហា​ប្រឈម​កាត់បន្ថយ​បាន​ក្នុងករណី​មានការ​កើនឡើង​នៃ​ជំងឺ​ថ្មី​នេះ​»​។

សូមបញ្ជាក់​ជូន​ផងដែរ​ថា គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​នេះ​បាន​ឆ្លងកាត់​ការពិនិត្យ​ និង​ផ្តល់យោបល់​ពី​អនុគណៈកម្មការ​ផែនការ អនុគណៈកម្មការ​វាយតម្លៃ​ផែនការ និង​យុទ្ធសាស្ត្រ​នៃ​គណៈកម្មការ​អន្តរក្រសួង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ទទួលបាន​គោលការណ៍​ឯកភាព ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ប្រធាន​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ កាលពី​ថ្ងៃទី​ ២៤ ខែធ្នូ ឆ្នាំ​ ២០២១​។ ផ្អែក​តាម​គោលការណ៍​អនុញ្ញាត​នេះ ក្រសួង​ក៏បាន​ចេញប្រកាស​លេខ ០២/២២ ចុះ​ថ្ងៃទី​ ៤ ខែមករា ឆ្នាំ​ ២០២២ ស្តីពី​ការដាក់ឱ្យ​ប្រើប្រាស់​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា ស្តីពី​ដំណើរការ និង​ការគ្រប់គ្រង​រោងចក្រ​សហគ្រាស តាម​គន្លង​ប្រក្រតីភាព​ថ្មី​ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ​ ១៩​។

ក្រសួង​ការងារ​បញ្ជាក់​ទៀត​​ថា សម្រាប់​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា ដែល​ដាក់ឱ្យ​ប្រើប្រាស់​នេះ មាន​ចំណុច​ដែល​ឆ្លើយតបបាន​ទៅនឹង​ការវិវត្ត​ថ្មីៗ​នៃ​ជំងឺ​ឆ្លង ក៏ដូចជា វិធានការ​ថ្មីៗ​របស់​រាជរដ្ឋាភិបាល​ផងដែរ​៕