ភ្នំពេញៈ មុន​ការចុះបញ្ជី​គណបក្ស​នយោបាយ​ក៏ដូចជា​ការឃោសនា​រក​សំឡេងគាំទ្រ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ នៅ​ឆ្នាំនេះ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ៥ ខែ​​មិថុនា​ខាងមុខ ថ្នាក់ដឹកនាំ​​គណបក្សនយោបាយ​នានា​នៅ​កម្ពុជា​បានចាប់ផ្តើម​ចុះទៅ​មូលដ្ឋាន​ជួប​ជាមួយ​អ្នកគាំទ្រ​ ​និង​សកម្មជន​របស់ខ្លួន​ ដើម្បី​ពង្រឹង​ក៏ដូចជា​រៀបចំ​រចនាសម្ព័ន្ធ​ឱ្យបាន​រឹងមាំ​ ដើម្បី​ឈាន​​ទៅរក​ការបោះឆ្នោត​នាពេល​​ខាងមុខ​។

លោក ថាច់ សេដ្ឋា អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៩ ខែ​​មករា ឆ្នាំ​ ២០២២ ​ថា គិត​មក​​ទល់​ពេលនេះ​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​បាន​ចុះទៅ​ជួប​អ្នក​គាំទ្រ និង​សកម្មជន​របស់ខ្លួន​បាន​ ១៦ ​រាជធានី​ខេត្ត​រួចមកហើយ និង​កំពុង​បន្ត​ចុះទៅ​តាម​ខេត្ត​ដែល​នៅសល់​ផ្សេងទៀត​។

ជាមួយ​គ្នានេះ អ្នកគាំទ្រ​របស់​គណបក្ស​នេះ​ក៏បាន​ទទួល​រាក់ទាក់ និង​ផ្តល់​សង្ឃឹម​ឡើងវិញ​ផងដែរ​។

លោក​បន្តថា ក្នុង​ដំណើរ​ចុះ​​ទៅ​ជួប​អ្នកគាំទ្រ​នៅតាម​មូលដ្ឋាន​នេះ​មិនទាន់​មានការ​គំរាម​កំហែង​ ឬ​គាបសង្កត់​ពី​អាជ្ញាធរ​ណាមួយ​ទេ ប៉ុន្តែ​នៅ​ខេត្ត​សៀមរាប​មាន​ករណី​កាប់​ស្លាក​គណបក្ស និង​យកទៅ​បាត់​។ ​រីឯ​នៅ​ខេត្ត​ប៉ៃលិន អាជ្ញាធរ​រដ្ឋបាល​ក្រុង​បាន​ចុះមក​ណែនាំ​មិនឱ្យ​អ្នកគាំទ្រ​វាយប្រហារ​ថ្នាក់​ដឹកនាំ និង​រដ្ឋាភិបាល ព្រមទាំង​មិនឱ្យ​មានការ​ញុះញង់​ជាដើម​។

លោក​ថ្លែងថា​៖ «​ជារួម​គឺ​មិនមាន​បញ្ហា​អ្វី​ទេ នៅពេល​យើង​ចុះទៅ​ជួប​អ្នកគាំទ្រ​។ ​ចំណែក​ការចូលរួម​បោះឆ្នោត​យើង​នៅ​តែ​តាមដាន​បន្តទៀត​សិន​ ព្រោះ​វា​ស្ថិតនៅលើ​សកម្មជន​របស់​យើង​។ ចុងក្រោយ យើង​នឹង​ជួបជុំ​សកម្មជន​ទាំងអស់​បើ​ពួកគាត់​មានលទ្ធភាព គិតថា គាត់​អាច​ចូល​ប្រកួត​បាន យើង​គោរព​ឆន្ទៈ​របស់គាត់​»​។

យ៉ាងណាក្ដី លោក​ ថាច់ សេដ្ឋា បញ្ជាក់ថា គណបក្ស​ភ្លើងទៀន​បច្ចុប្បន្ន បាននិងកំពុង​ជំរុញ​ឱ្យ​អ្នកគាំទ្រ​នៅ​មូលដ្ឋាន​រៀបចំ​រចនាសម្ព័ន្ធ​ឃុំ​សង្កាត់​ឱ្យបាន​ ១០០% នៅ​ដំណាច់​ខែមករា​​នេះ ដើម្បី​ត្រៀម​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី ​៥ ឆ្នាំ​ ២០២២ ប៉ុន្តែ​បើ​មិន​ចូលរួម គណបក្ស​ក៏​អាច​រក្សា​កម្លាំង​សម្រាប់​បោះឆ្នោត​នៅពេល​ខាងមុខ​ទៀត​។

ចំណែក​លោក ញឿន រ៉ាដែន អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ឱ្យដឹង​ដែរ​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែលមាន​ព្រះអង្គម្ចាស់​នរោត្តម ចក្រាវុធ ជា​ប្រធាន​ស្តីទី​ក៏បាន​ចុះ​ជួប​អ្នកគាំទ្រ និង​សកម្មជន​នៅ​មូលដ្ឋាន​ផងដែរ​ ដើម្បី​ប្រមូល​អ្នករាជានិយម និង​អ្នក​សីហនុ​និយម ពិសេស​អ្នក​រណឫទ្ធិ​និយម​ដែល​ធ្លាប់​ដង្ហែ​តាម​លោក​កន្លងមក​ ដើម្បី​ឱ្យ​​រឹងមាំ​ឡើងវិញ​។

លោក​បន្តថា ក្នុងនោះ​ព្រះអង្គ​ម្ចាស់ នរោត្តម ចក្រាវុធ ក៏បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ប្រមូល​​អ្នកគាំទ្រ​ឱ្យ​ក្លាយជា​កម្លាំង​ដ៏​រឹងមាំ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដើម្បី​ទទួលបាន​ជោគជ័យ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី ​៥ ​នេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​តាមរយៈ​ការចុះ​អមដំណើរ​ជាមួយ​ព្រះអង្គម្ចាស់​នរោត្តម ចក្រាវុធ ខ្ញុំ​សង្កេតឃើញថា ទឹកចិត្ត​មោះមុត​របស់​សមាជិក​សមាជិកា​ក៏ដូចជា​ថ្នាក់ដឹកនាំ​នៅតាម​ខេត្ត​មានការ​គាំទ្រ​ច្រើន​ ជាពិសេស​​ឃើញ​នូវ​ព្រះ​វត្តមាន​របស់​អង្គម្ចាស់​ដែលជា​យុវជន និង​បញ្ញវន្ត​មួយរូប​ដែល​សម្តេចក្រុមព្រះ​ផ្តល់​សិទ្ធិ​។ ​គាត់​ពេញចិត្ត​ខ្លាំង​»​។

បើតាម លោក ញឿន រ៉ាដែន ចំណែក​សមត្ថកិច្ច​នៅ​មូលដ្ឋាន​​ក៏បាន​ចូលរួម​ការពារ​សុវត្ថិភាព​ជូន​ព្រះអង្គម្ចាស់​នរោត្តម ចក្រាវុធ​ដែរ ដោយ​មិន​មានការ​គំរាម​កំហែង​ទេ​។ ​ជាមួយគ្នានេះ​គណបក្ស​នេះ​ក៏បាន​ជូនដំណឹង​ដល់​អាជ្ញាធរ​ទៅតាម​ច្បាប់​ផងដែរ​។

រីឯ​លោក ឡឹក សុធារ អ្នក​នាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំនេះ​ថា ថ្នាក់ដឹកនាំ​គណបក្ស​ក៏បាន​ចុះ​​មូលដ្ឋាន​ក្នុងប្រទេស​ផងដែរ​គឺ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ ក៏ដូចជា​​ដើម្បី​កសាង​កម្លាំង​គាំទ្រ​នៅ​ថ្នាក់មូលដ្ឋាន​ឱ្យបាន​រឹងមាំ​។

ទោះជា​យ៉ាងណា លោក​ថា ការចុះ​ជួប​សកម្មជន និង​អ្នកគាំទ្រ​​នេះ ក៏មាន​ការតាមដាន​ពី​អាជ្ញាធរ​មូលដ្ឋាន​ដែរ ដោយមាន​​រហូតដល់​ថតរូប និង​ជួប​សួរនាំ​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​នៅតាម​លំនៅឋាន​ទៀតផង​។

សកម្មភាព​នេះ​បង្ហាញ​ពី​ការបំភិតបំភ័យ និង​គំរាម​ដល់​សិទ្ធិ​ចូលរួម និង​គាំទ្រ​គណបក្ស​នយោបាយ​របស់​ប្រជាពលរដ្ឋ​។

លោក​ថ្លែងថា​៖ «​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​របស់​ពួកគាត់​វា​ជា​រូបភាព​បំភិតបំភ័យ​នៅពេលដែល​ចុះ​​ទៅ​សួរ​គេ​ជជែក​ពី​អី​? ​គេ​ធ្វើ​អី​?

សកម្មភាព​នេះ​វា​អាច​ជាការ​រំលោភបំពាន​ទៅលើ​សិទ្ធិ​នយោបាយ​របស់​ប្រជាពលរដ្ឋ​ផងដែរ​ ​បើ​ផ្អែកទៅលើ​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​។

ចំណែក លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន-​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​​ទី​ ១០ ខែមករា ឆ្នាំ​ ២០២២ នេះ​​ដែរ​ថា ការធ្វើសកម្មភាព​ចុះទៅ​ជួប​សកម្មជន និង​អ្នកគាំទ្រ​នៅ​មូលដ្ឋាន​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ផ្សេង​​ទៀត​ដែល​បាននិង​កំពុង​ធ្វើ​នាពេលនេះ​បង្ហាញ​ពី​កម្ពុជា​មាន​លម្ហ​នយោបាយ​ទូលំទូលាយ​។

មួយវិញទៀត គ្រប់​គណបក្ស​នយោបាយ​ដែល​ទទួលស្គាល់​ និង​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​សុទ្ធ​តែមាន​សិទ្ធិ​ស្មើគ្នា​ចំពោះ​​មុខ​ច្បាប់ ចំពោះ​ការធ្វើ​សកម្មភាព​នយោបាយ​។

លោក​បាន​បន្តថា ចំពោះ​ការព្រួយបារម្ភ​របស់​គណបក្ស​​ខ្លះ​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​មូលដ្ឋាន​ចុះទៅ​សួរនាំ​គឺជា​ការបារម្ភ​​ខុស​បែបបទ ព្រោះ​អាជ្ញាធរ​មូលដ្ឋាន​មាន​តួនាទី​ចូលរួម​ការពារ និង​សម្រួល​សកម្មភាព​របស់​គណបក្សនយោបាយ​ទាំងនោះ​ទៅវិញ​ទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​តួនាទី​​របស់​អាជ្ញាធរ​មូលដ្ឋាន គាត់​មាន​ជាប្រចាំ បញ្ហាសំខាន់​គឺ​​គ្រប់​គណបក្សនយោបាយ អង្គការ​សង្គម​ស៊ីវិល​នានា មុននឹង​​ធ្វើ​សកម្មភាព​នៅ​មូលដ្ឋាន កុំឱ្យ​ភ័យព្រួយ​ត្រូវតែ​ផ្តល់ព័ត៌មាន​​ដល់​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ឱ្យគេ​សហការ​ជាមួយ និង​ការការពារ សន្តិសុខ សណ្តាប់ធ្នាប់​​សាធារណៈ​ជូន និង​សម្រួល​ដល់​សកម្មភាព​នយោបាយ​ឱ្យ​កាន់តែ​រលូន​»​។

លោក ​ឯម សុវណ្ណារ៉ា អ្នកវិភាគ និង​ជា​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែងថា ចំពោះ​​សកម្មភាព​ដែល​គណបក្ស​នយោបាយ​នានា ចុះទៅ​ជួប​អ្នកគាំទ្រ និង​សកម្មជន​របស់ខ្លួន​នៅមុន​ការបោះឆ្នោត​នេះ​​គឺជា​សកម្មភាព​មួយ​ដែល​គណបក្ស​កាន់អំណាច​ប្រាថ្នា​ចង់​​បាន ព្រោះ​វា​បង្ហាញ​ពី​កម្ពុជា​​មាន​លទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស​នៅក្នុង​ប្រទេស​។

ក៏ប៉ុន្តែ​លោក​បញ្ជាក់ថា សកម្មភាព​ទាំងនេះ វា​មិនទាន់​ស្តែងចេញ​នូវ​បរិយាកាស​សេរី និង​យុត្តិធម៌​ក្នុង​សកម្មភាព​នយោបាយ និង​ឃោសនា​នោះទេ​ ​ព្រោះ​ច្បាប់​នៅ​កម្ពុជា​មានការ​រឹតត្បិត​ច្រើន និង​មិនទាន់​ដាស់សតិ​អារម្មណ៍​របស់​ប្រជាពល​រដ្ឋ​ឱ្យ​យកចិត្តទុកដាក់​ចូលរួម និង​ធ្វើ​នយោបាយ​នៅឡើយ​ទេ ។

លោក​ថ្លែងថា​៖ «​ការចុះទៅ​ជួប​អ្នកគាំទ្រ និង​សកម្មជន​របស់​គណបក្ស​នយោបាយ​នៅពេលនេះ ជា​ទស្សនៈ​ខ្ញុំ គឺ​មិនទាន់​បង្ហាញ​ពី​លទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​ទេ​។ វា​គ្រាន់តែ​សកម្មភាព​មួយ​ទេ ប៉ុន្តែ​បើ​ឱ្យមាន​យន្តការ​ពេញលេញ តំណាងឱ្យ​សង្គម​ប្រជាធិបតេយ្យ វា​មិនទាន់​ទេ​»​។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ.ជ.ប​) ​លោក​ សោម សូរីដា ឱ្យដឹង​ដែរ​ថា ចំពោះ​គណបក្ស​នយោបាយ​ដែល​ចុះទៅ​ជួប​អ្នក​គាំទ្រ​ក៏ដូចជា​ប្រជាពលរដ្ឋ​នៅពេលនេះ​កំពុងតែ​អនុវត្ត​ទៅ​​តាមច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​សកម្មភាព​នេះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រសួងមហាផ្ទៃ​។ ​សម្រាប់​ គ.ជ.ប ​គឺ​គ្រប់គ្រង​សកម្មភាព​ឃោសនា​រក​សំឡេងឆ្នោត​របស់​គណបក្សនយោបាយ នៅក្នុង​អំឡុងពេល​ ១៤ ​ថ្ងៃ នៃ​យុទ្ធនាការ​បោះឆ្នោត តែប៉ុណ្ណោះ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​​បញ្ជាក់ថា រយៈពេល​ ១៤​ ថ្ងៃ​នៃ​ការគ្រប់គ្រង​សកម្មភាព​ឃោសនា​គណបក្សនយោបាយ​នោះ គឺ​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ២១ ខែឧសភា ដល់​ថ្ងៃ ​៣ ខែមិថុនា ឆ្នាំ​ ២០២២»៕