
កំណាត់ផ្លូវជាតិលេខ ៥ ពីបាត់ដំបងទៅសិរីសោភ័ណ ដែលត្រូវសម្ពោធនៅថ្ងៃទី ១០ មករា។ រូបថត SPM
បាត់ដំបងៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណ និងបានចាត់ទុកសមិទ្ធផលផ្លូវដ៏មានសារៈសំខាន់នេះ ថាជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ដែលបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវនេះ នៅខេត្តបាត់ដំបង កាលពីថ្ងៃទី ១០ មករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយតម្លៃខ្ពស់ និងដឹងគុណដ៏ជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលបានជួយដល់ប្រជាពលរដ្ឋ-កម្ពុជាលើគ្រប់វិស័យនៅគ្រប់កាលៈទេសៈទាំងអស់។ ការជួយមិនមានលក្ខខណ្ឌស្មុគស្មាញ ដោយបានផ្តល់នូវជំនួយឥតសំណង និងឥណទានសម្បទានដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់ជួយកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា។
លោកថ្លែងថា៖ «កំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណ ប្រវែង ៨៤,៧៤ គ.ម ចាត់ទុកថា ជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា»។
លោកបញ្ជាក់ថា សម្រាប់ផ្លូវជាតិលេខ ៥ ដែលហៅថា អាស៊ាន ហាយវេលេខ ១ ជប៉ុនបានជួយកម្ពុជាក្នុងការតភ្ជាប់រវាងភ្នំពេញ ទៅទីក្រុងបាងកកប្រទេសថៃ និង ទីក្រុងហូជីមិញប្រទេសវៀតណាម។
លោកបន្តថា៖ «ដោយឡែក ផ្លូវជាតិលេខ ១ ត្រូវបានសាងសង់ ដោយជប៉ុន និងស្ពានត្សឹបាសា ដែលជាស្ពានធំបំផុតភ្ជាប់រវាងខេត្តកណ្តាល និងខេត្តព្រៃវែង នៅម្តុំអ្នកលឿងត្រូវបានកសាងដោយជប៉ុន។ ដូច្នេះអាចនិយាយថា ភាគខាងត្បូងនេះត្រូវឧបត្ថម្ភគាំទ្រដោយជំនួយឥតសំណង និងហិរញ្ញប្បទានពីប្រទេសជប៉ុន»។
ក្នុងឱកាសនោះលោកនាយករដ្ឋមន្ត្រីក៏បានផ្តាំផ្ញើតាមរយៈ លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដោយអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាលបានផ្តល់នូវជំនួយឥតសំណង និងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា។ លោកចាត់ទុកថា ចំណុចនេះ វាចង្អុលបង្ហាញឱ្យឃើញពីការរួមចំណែករបស់ជប៉ុនសម្រាប់សន្តិភាព និងសម្រាប់អភិវឌ្ឍកម្ពុជា។
លោក ហ៊ុន សែន បង្ហើបឱ្យដឹងថាជប៉ុនជាអ្នកផ្តល់ជំនួយធំជាងគេសម្រាប់កម្ពុជា ដែលគិតមកដល់ពេលនេះមានជាង ១ ៤០០ លានដុល្លារអាមេរិក។ បន្ថែមពីនេះលោកក៏បានរំឭករឿងអតីតកាលអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងជប៉ុន កាលពី ៣០ ឆ្នាំមុន ហើយលោកបញ្ជាក់ថា នឹងប្រារព្ធខួបនេះ ក្នុងឆ្នាំ ២០២២។
លោកថ្លែងថា៖ «ខួបលើកទី ៣០ ឆ្នាំនៃកងរក្សាសន្តិភាពជប៉ុន (PKO) នឹងត្រូវប្រារព្ធធ្វើនៅឆ្នាំ ២០២២ នេះ ហើយខ្ញុំសន្យាថា នៅពេលដែលនាវាចម្បាំងរបស់ជប៉ុនមកដល់កម្ពុជា ខ្ញុំនឹងទៅសួរសុខទុក្ខកងទ័ពជប៉ុននៅលើនាវា បើសិនជាមានការយល់ព្រមពីភាគីជប៉ុន»។
ក្នុងន័យនេះលោកសំដៅទៅលើការយកនាវាកម្ពុជាទៅដឹកទាហានជប៉ុនមកទស្សនកិច្ចនៅកំពង់ផែរាម នាខេត្តកោះកុង ដោយសារនាវាជប៉ុនធំមិនអាចចតនៅកំពង់ផែរាមដែលមានជម្រៅ ២ ម៉ែត្រ។
លោកបញ្ជាក់ថា៖ «ខ្ញុំបានពិភាក្សាជាមួយសម្តេចសេនាពិជ័យ ទៀ បាញ់ [រដ្ឋមន្ត្រីក្រសួងការពារជាតិ] ហើយ គឺថា យកនាវាកម្ពុជាដែលស៊ីទឹករាក់ ដឹកកងទ័ពជប៉ុនមកកាន់រាម រួចហើយជិះឡានធំៗទស្សនកិច្ច។ យើងធ្វើកម្មវិធីមួយចំនួននេះ ដើម្បីទទួលដឹងឮអំពីការចេញប្រតិបត្តិការជាលើកដំបូងរបស់កងរក្សាសន្តិភាពជប៉ុនក្នុងការថែរក្សាសន្តិភាពដែលជាការចូលរួមចំណែកយ៉ាងច្រើន»។
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក MIKAMI Masahiro បានថ្លែងថា សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នកំពុងមានការរីកចម្រើនលូតលាស់យ៉ាងល្អប្រសើរ ហើយការធ្វើដំណើរនៅតាមផ្លូវរបស់ប្រជាជន គឺជាកត្តាមួយដ៏សំខាន់ ក្នុងការទ្រទ្រង់ការរីកចម្រើនលូតលាស់នៃសេដ្ឋកិច្ចនេះ។ ជាពិសេស ផ្លូវជាតិលេខ ៥ ដែលជាផ្នែកមួយនៃច្រករវាងសេដ្ឋកិច្ច ភាគខាងត្បូង ដែលតភ្ជាប់ទៅប្រទេសថៃ និងប្រទេសវៀតណាម។
លោកថ្លែងថា៖ «ក្នុងរយៈពេល ១ ឆ្នាំកន្លងមកនេះ ការរីករាលដាលនៃជំងឺកូវីដ ១៩ បានធ្វើឱ្យប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចនៅកម្ពុជា។ ខ្ញុំសង្ឃឹមថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ ៥ នេះនឹងក្លាយជាកត្តាមួយក្នុងការជំរុញដំណើរការឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចនៅកម្ពុជា ហើយសូមឱ្យមិត្តភាព ជប៉ុន-កម្ពុជា កាន់តែរីកចម្រើន»។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា លោក គិន ភា បានថ្លែងថា ជារួមទំនាក់ទំនងកម្ពុជា-ជប៉ុន គឺជាទំនាក់ទំនងដែលផ្តល់ការគោរពគ្នាទៅវិញទៅមក គោរពទៅលើអធិបតេយ្យឯករាជ្យ និងមិនជ្រៀតជ្រែកផ្ទៃក្នុង។ មួយវិញទៀតជប៉ុនបានរួមចំណែកស៊ីជម្រៅ ក្នុងដំណើរការកសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ដែលអាចចាត់ទុកថា ជប៉ុនជាប្រទេសនាំមុខមួយក្នុងការអភិវឌ្ឍប្រទេសកម្ពុជាលើហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត វិស័យធនធានមនុស្ស និងកិច្ចការវប្បធម៌។ ពាក់ព័ន្ធនឹងគម្រោងរៀបចំខួប ៣០ ឆ្នាំ ដែលជប៉ុនបញ្ជូនកងរក្សាសន្តិភាពមកកម្ពុជា លោក គិន ភា មើលឃើញថា នេះគឺជាឥរិយាបថការទូត និងស្ថាបនាដែលគួរឱ្យគោរព។
លោកថ្លែងថា៖ «យើងដឹងថា ជប៉ុនបានរួមចំណែកក្នុងដំណើរការសន្តិភាព ហើយការបញ្ជូនកងទ័ពជប៉ុនចេញក្រៅប្រទេស បេសកកម្មមកកម្ពុជា គឺជាលើកទី ១ ក្រោមរដ្ឋធម្មនុញ្ញសន្តិភាពរបស់ជប៉ុន។ ក្រោយសង្គ្រាមលោកលើកទី ២ គឺជប៉ុនអត់ដែលបញ្ជូន [កងកម្លាំង] សន្តិភាពចេញក្រៅប្រទេសទេ ហើយបញ្ជូនមកកម្ពុជាគឺលើកទី ១»។
លោកបន្តថា៖ «អ៊ីចឹងការរៀបចំខួបនេះជាការរំឭកចងចាំមួយដែលផ្តល់នូវគុណតម្លៃនៃកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុនក្នុងដំណើរការកសាងសន្តិភាពនៅប្រទេសកម្ពុជា ហើយអនុញ្ញាតឱ្យកងសន្តិភាពមកទស្សនកិច្ចនៅរាមនេះខ្ញុំគិតថា បង្ហាញពីតម្លៃមិត្តភាព ក៏បង្ហាញពីតម្លាភាពបញ្ហាមូលដ្ឋានកងទ័ពចិននៅរាម ដែលតែងតែលើកឡើងដោយសហរដ្ឋអាមេរិក ម្តងហើយម្តងទៀត»។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់ជប៉ុន ដែលបានផ្តល់ហិរញ្ញប្បទាន និងសម្បទានឥតសំណង និងជំនួយបច្ចេកទេសជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែកក្នុងការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលសំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រ។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ «សមិទ្ធផលដ៏ថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លា មិនអាចកាត់ថ្លៃបានរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តបាត់ដំបង បន្ទាយមានជ័យ ព្រមទាំងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាផ្លូវជាតិលេខ ៥ និងទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅនឹងយូរអង្វែង»។
លោកទេសរដ្ឋមន្ត្រីឱ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៥ មានប្រវែងសរុប ៣៦៦ គីឡូម៉ែត្រ ចាប់ពីព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដោយគ្រោងប្រើប្រាស់ថវិកាប្រមាណ ៥០០ លានដុល្លារ។ គម្រោងនេះបែងចែកជា ៣ កំណាត់ រួមមានកំណាត់ទី ១ ភាគខាងជើងបាត់ដំបង-សិរីសោភ័ណ មានប្រវែង ៨៤,៧៤ គ.ម បានបញ្ចប់ការសាងសង់ជាស្ថាពរ ១០០ ភាគរយ។ កំណាត់ទី ២ ភាគខាងត្បូង (ព្រែកក្តាម-ធ្លា-ម្អម) ប្រវែង ១៣៥,២៥ គីឡូម៉ែត្រ សម្រេចបាន ៦៤% គ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២២។ កំណាត់ទី ៣ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) មានប្រវែង ១៤៦ គីឡូម៉ែត្រ ដែលកំណាត់ ធ្លាម្អម-បាត់ដំបង សម្រេចបាន ៥៤ ភាគរយ និងកំណាត់ សិរីសោភ័ណ-ប៉ោយប៉ែត ក្រសួងកំពុងរៀបចំនីតិវិធីជ្រើសរើសក្រុមហ៊ុនសាងសង់៕