The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - នគរបាល​កំពុង​ស៊ើបអង្កេត​ករណី​ជនជាតិ​ចិន​ម្នាក់​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ ៧ ​គ្រាប់​ស្លាប់​នៅក្នុង​រថយន្ត

នគរបាល​កំពុង​ស៊ើបអង្កេត​ករណី​ជនជាតិ​ចិន​ម្នាក់​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ ៧ ​គ្រាប់​ស្លាប់​នៅក្នុង​រថយន្ត

Content image - Phnom Penh Post
សព​បុរស​ជនជាតិ​ចិន​ត្រូវបាន​លើកដាក់​ក្នុង​ឡានពេទ្យ​ ក្រោយពី​ខ្មាន់កាំភ្លើង​បាញ់​ស្លាប់​។ រូបថត ហ្វេសប៊ុក

នគរបាល​កំពុង​ស៊ើបអង្កេត​ករណី​ជនជាតិ​ចិន​ម្នាក់​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ ៧ ​គ្រាប់​ស្លាប់​នៅក្នុង​រថយន្ត

ភ្នំពេញៈ នគរបាល រាជធានី​ភ្នំពេញ កំពុងបើក​ការ​ស៊ើបអង្កេត​ជុំវិញ​ករណី​បាញ់សម្លាប់​បុរស​ជនជាតិ​ចិន​ម្នាក់​ស្លាប់​កាលពី​យប់​ថ្ងៃទី​ ៩ មករា នៅ​ភូមិ​ចំការឪឡឹក សង្កាត់​កាកាប​ ២ ខណ្ឌ​ពោធិ៍សែនជ័យ ដោយ​ជនរងគ្រោះ​ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់​ត្រូវ​ចំនួន​ ៧ ​គ្រាប់​ស្លាប់​នៅ​កន្លែង​កើតហេតុ​។

លោក អេង សោភា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា ករណី​បាញ់ប្រហារ​ដែល​បណ្តាលឱ្យ​បុរស​ជនជាតិ​ចិន​ឈ្មោះ Zhao Song អាយុ ៤២ ឆ្នាំ ស្លាប់​គឺ​សមត្ថកិច្ច​ជំនាញ កំពុងធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​។ លោក​ថ្លែង​យ៉ាងខ្លី​ថា​៖ «​សមត្ថកិច្ច​កំពុងធ្វើការ​ស៊ើបអង្កេត​លើ​ករណី​នេះហើយ​។ យើង​កំពុងបើក​ការស្រាវជ្រាវ​»​។

ជុំវិញ​ករណីនេះ ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​សុំ​ការពន្យល់​ពី​លោក ម៉ន វុធី អធិការនគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​បានទេ​នៅ​រសៀល​ថ្ងៃទី​ ១០ ​មករា ដោយសារ​ទូរស័ព្ទ​របស់លោក​គ្មាន​អ្នកទទួល​។

ប៉ុន្តែ​មន្ត្រីនគរបាល​ប៉ុស្តិ៍​សង្កាត់​កាកាប​ ២​មួយរូប សុំ​មិនឱ្យ​បញ្ចេញ​ឈ្មោះ បានឱ្យដឹង​នៅ​ថ្ងៃទី​ ១០ មករា ថា ករណីនេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​នៅឡើយ ហើយ​ជនរងគ្រោះ ត្រូវបាន​ជន​ដៃដល់​បាញ់​ត្រូវ​ចំនួន​ ៧ ​គ្រាប់​ចំ​ខ្លួន និង​ដៃ​ខាងឆ្វេង​។

លោក​ប្រាប់ថា​៖ «​រឿងនេះ​នៅ​មិនទាន់​កំណត់​បាន​អី​មួយ​នៅឡើយ​ទេ ពេលនេះ សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​ដោយ​ធ្វើការ​ឆែក​តាម​កាមេរ៉ា​សុវត្ថិភាព ពី​ ១ ​ទៅ​ ១ ​។ ឥឡូវ​ (​ថ្ងៃទី​ ១០​មករា​) ​នៅជាប់​ឆែក​កាមេរ៉ា​នៅឡើយ​ទេ​»​។

បើតាម​មន្ត្រី​ដដែល បាន​រំឭក​ប្រាប់​តាម​សម្តី​សាក្សី​នៅ​កន្លែងកើតហេតុ​ថា គេ​នៅ​មិនទាន់​ដឹងថា​ជនរងគ្រោះ​រូបនោះ​មាន​មុខរបរ​អ្វី​នោះទេ ប៉ុន្តែ​ជនរងគ្រោះ​បានមក​ជួល​បន្ទប់​សណ្ឋាគារ​ស្នាក់​នៅ​ជាង​ ១ ​ឆ្នាំ​មកហើយ​។

ដោយឡែក​នៅមុន​ពេល​កើតហេតុ គេ​បានឃើញ​ជន​រងគ្រោះ​បើករថយន្ត​ ១​ គ្រឿង ម៉ាក Rangrover ពាក់​ស្លាក​លេខ ភ្នំពេញ 2W-8261 បើកបរ​ឆ្លងកាត់​ទ្វាររបង​ចូលទៅក្នុង​សណ្ឋាគារ​។ ស្របពេលនោះ​ស្រាប់តែ​គេ​ឃើញ​មាន​មនុស្ស​មក​គោះទ្វារ​រថយន្ត​ហើយក៏​បាន​បាញ់​សន្ធាប់​សំដៅលើ​ជនរងគ្រោះ​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅក្នុង​រថយន្ត​តែម្តង​។

ហេតុការណ៍​នេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោងជាង​ ១០​ យប់ ថ្ងៃទី ​៩ ខែមករា ឆ្នាំ ២០២២​។

មន្ត្រីនគរបាល​រូបនេះ បានឱ្យដឹង​បន្តទៀតថា ភ្លាមៗ​នៅក្រោយ​កើតហេតុ​ការណ៍​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ដល់​កន្លែងកើតហេតុ ដើម្បី​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​លើ​សាកសព និង​ស្វែងរក​ក្រុមគ្រួសារ​សាច់ញាតិ​បន្តទៀត​៕

អត្ថបទគួរចាប់អារម្មណ៍