ភ្នំពេញៈ បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​សាលាឧទ្ធរណ៍​ភ្នំពេញ ជំនុំជម្រះ​នៅ​ថ្ងៃទី​ ១០ មករា ក្នុង​សំណុំរឿង​ជួល​ស្ត្រី​ខ្មែរ​ម្នាក់ ឱ្យ​ពពោះ​ជំនួស​បង្កើតកូន ដែល​ប្រព្រឹត្ត​ក្នុងអំឡុង​ខែមិថុនា​ឆ្នាំ​ ២០១៧ ​នៅ​ប្រទេស​ចិន និង​នៅ​រាជធានី​ភ្នំពេញ បន្ទាប់ពី​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ ១៥ ​ឆ្នាំ​។

ក្នុង​បន្ទប់​សវនាការ​នៅ​ថ្ងៃទី ១០ ​មករា ដែលមាន​សមាសភាព​ចៅក្រម ​៣​ រូប និង​មាន​លោក​ចៅក្រម​ស៊ីន វិសាល ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នោះ បុរស​ជាប់ចោទ​ឈ្មោះ XU WENJUN អាយុ​ ៣៥ ​ឆ្នាំ ជា​ជនជាតិ​ចិនដីគោក​និយាយប្រាប់​ចៅក្រម​ថា គាត់​បាន​រៀបការ​ជាមួយ​ស្ត្រីជន​ជាតិចិន​ម្នាក់ នៅ​ប្រទេស​ចិន ប៉ុន្តែ​គាត់​បាន​លែងលះគ្នា ព្រោះ​រៀបការ​ច្រើន​ឆ្នាំ​តែ​គ្មាន​កូន​។

ជនជាប់ចោទ​បន្តថា មុន​មក​ប្រទេស​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ​ ២០១៧ គាត់​បាន​ទាក់ទង​ក្រុមហ៊ុន​មួយ​ដែល​គាត់​មិន​ចាំ​ឈ្មោះ​នៅក្នុង​ប្រទេស​ចិន ឱ្យជួយ​រក​ស្ត្រី​ពពោះ​ ដើម្បី​យក​កូន​។ រីឯ​ភាគី​ខាង​ក្រុមហ៊ុន​នោះ​បាន​ប្រាប់​គាត់​ថា ប្រទេស​ដែល​អាច​ជ្រើសរើស​នារី​ពពោះ​ជំនួស​បាន​មាន​ប្រទេស​ថៃ ហុងកុង ប្រទេស​រុស្ស៊ី ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​កម្ពុជា ដែល​តម្លៃ​ជួល​ស្ត្រី​ពពោះ​មាន​ពី​ ៩​ ម៉ឺន​ដល់​ ១០​ ម៉ឺន​ដុល្លារ​អាមេរិក​។

ជនជាប់ចោទ​ថា​៖ «​ខ្ញុំ​មិនបាន​ចាប់យក​ប្រទេស​កម្ពុជា​ទេ តែ​ខាង​ក្រុមហ៊ុន​ឱ្យ​ខ្ញុំ​ចាប់យក​ប្រទេស​កម្ពុជា​ហើយ​តម្រូវ​ឱ្យ​ខ្ញុំ​បង់លុយ​ ៥ ​ម៉ឺន​ដុល្លារ​។ គ្រូពេទ្យ​បាន​យក​ទឹកកាម​ខ្ញុំ​មក​ប្រទេស​កម្ពុជា ហើយ​ថតរូប​ស្ត្រី​ម្នាក់​ឈ្មោះ​ ហ៊ុន ដាណែត​ គឺជា​មនុស្ស​ដែល​ត្រូវ​បញ្ជូល​មេជីវិត​ខ្ញុំ ដើម្បីឱ្យ​នាង​ពពោះ​ឱ្យ​»​។

ជនជាប់ចោទ​ឱ្យដឹងទៀតថា គាត់​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ចិន​មក​កម្ពុជា ដើម្បី​មើល​ស្ត្រី​ឈ្មោះ ហ៊ុន ដាណែត ដែល​ពពោះ​ជិត​គ្រប់​ខែ រហូត​ដល់​នាង​បង្កើតបាន​កូនប្រុស​ម្នាក់​។ ក្រោយមក​កូនប្រុស​នោះ​មាន​អាយុ​ជាង​ ១ ​ឆ្នាំ ​(២០១៨) ​គាត់​ក៏​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា ដើម្បី​រត់ការ​យក​ក្មេងប្រុស​នោះ ទៅ​នៅ​ប្រទេស​ចិន​ជាមួយ​គាត់​។ នៅពេលនោះ គាត់​បាន​ទៅ​ពឹងពាក់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ធ្វើការ​ខាង​គាំពារ​កុមារ​ ដើម្បី​ពិគ្រោះ​យោបល់ តែ​បុគ្គលិក​អង្គការ​នោះ​បាន​នាំ​គាត់​ទៅ​ជួប​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស​ហើយ​នគរបាល​បាន​ឃាត់ខ្លួន​គាត់​តែម្តង ប៉ុន្តែ​ស្ត្រី​ឈ្មោះ​ ហ៊ុន ដាណែត ​ដោះលែង​វិញ​។

គាត់​បានឱ្យ​គ្រូពេទ្យ​នៅ​កម្ពុជា និង​នៅ​វៀតណាម ពិនិត្យ DNA រវាង​គាត់ និង​ក្មេងប្រុស​ម្នាក់​នោះ​ហើយ​គ្រូពេទ្យ​បានបង្ហាញ​លទ្ធផល​ថា គាត់​ និង​ក្មេងប្រុស​នោះ​មាន DNA ដូចគ្នា​។

សំណុំ​រឿងនេះ​ត្រូវបាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​ ១៥ ​ឆ្នាំ ចោទ​ពី​បទ​អំពើ​លក់ដូរ​មនុស្ស សម្រាប់​នាំ​ឆ្លងដែន​តាម​មាត្រា ​១៦ ​នៃ​ច្បាប់​​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។ ប៉ុន្តែ​ដោយ​មិន​សុខចិត្ត​នឹង​សាលក្រម​នេះ​ទើប​គាត់​ប្តឹង​ឧទ្ធរណ៍​។

ជនជាប់ចោទ ប្រាប់​ចៅក្រម​ក្នុង​បន្ទប់​សវនាការ​ថ្ងៃទី​ ១០ មករា ថា​៖ «​ស្ត្រី​ឈ្មោះ ហ៊ុន ដាណែត ប្រាប់​ខ្ញុំ​ថា ក្មេងប្រុស​នោះ​ពិតជា​កូន​របស់ខ្ញុំ​មែនហើយ​។ ក្មេង​នោះ​ខ្ញុំ​មានបំណង​យក​ទៅ​ប្រទេស​ចិន ចិញ្ចឹម​ថែរក្សា​ព្រោះ​ជា​កូន​របស់ខ្ញុំ​។ ខ្ញុំ​សូម​តុលាការ​ដោះលែង​ខ្ញុំ​ឱ្យមាន​សេរីភាព​វិញ​»​។

លោក ជុំ សែនសុទ្ធា តំណាង​មហាអយ្យការ សន្និដ្ឋានថា ជនជាប់ចោទ​ប្រាប់​តុលាការ​ថា គាត់​បាន​ធ្វើ​លិខិត​ឆ្លងដែន និង​សំបុត្រកំណើត​ឱ្យ​ក្មេងប្រុស​នោះ តែ​មិនឃើញ​មាន​ដាក់បញ្ជូល​ក្នុង​សំណុំរឿង​ទេ​។ រីឯ​ស្ត្រី​ឈ្មោះ​ ហ៊ុន ដាណែត ក៏​មិនទាន់បាន​សាកសួរ​ផង​ទេ​។

លោក សែនសុទ្ធា ថ្លែងថា​៖ «​ខ្ញុំ​ស្នើសុំ​ចៅក្រម​ប្រឹក្សា កោះហៅ​ស្ត្រី​រូបនេះ​ចូល​អះអាង​ជា​សាក្សី​ ដើម្បី​បញ្ជាក់​ក្នុង​រឿងនេះ​»​។

លោក ម៉ៃ វណ្ណាឌី ជា​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជនជាប់ចោទ XU WENJUN សន្និដ្ឋានថា តុលាការ​បាន​ចោទ​កូនក្តី​លោក​ពាក់ព័ន្ធ​អំពើ​លក់ដូរ​មនុស្ស​។ ប៉ុន្តែ​បើតាម​ការអះអាងថា ក្មេង​ម្នាក់​នោះ​មាន DNA ដូច​កូនក្តី​លោក​ដែរ​។ ហេតុដូច្នេះ គ្មាន​ហេតុផល​ណា ដែល​ឪពុក​យក​កូន​ខ្លួនឯង​ទៅ​លក់ដូរ​នោះទេ ខណៈ​ដែល​គាត់​ជា​ម្ចាស់​រោងចក្រ​មួយ​ដែរនោះ​។

លោក​ថ្លែងថា​៖ «​បើ​គាត់​មាន​ចេតនា​ប្រព្រឹត្ត​បទល្មើស​គឺ​គាត់​មិនចាំបាច់​ទៅ​ពឹងពាក់​អង្គការ​ហើយ​ឱ្យ​អង្គការ​នោះ​នាំ​ទៅឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ទេ​។ ខ្ញុំ​ស្នើសុំ​តុលាការ​ដោះលែង​កូនក្តី​ខ្ញុំ​វិញ​ផង​»​។

ក្រោយ​ជំនុំជម្រះ​រយៈពេល​ជិត​ ១ ​ម៉ោង​មក លោក​ចៅក្រម ស៊ិន វិសាល ​ថ្លែងថា សាលដីកា​នៃ​សំណុំ​រឿងនេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី​ ២៤ មករា​៕