បន្ទាយមានជ័យៈ ស្រូវប្រាំង​ប្រមាណ​ជាង ២ ០០០ ​ហិកតា​របស់​ប្រជាកសិករ ក្នុង​ឃុំ​ចំនួន​ ៣ នៃ​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ រួមមាន ឃុំ​ភ្នំលៀប ឃុំ​ប្រាសាទ និង​ឃុំ​ទឹកជោរ កំពុង​ប្រឈម​កង្វះ​ទឹក​ស្រោចស្រព ខណៈ​ទឹក​នៅក្នុង​ប្រព័ន្ធ​ប្រឡាយ​ស្រោចស្រព កំពុង​រីងស្ងួត ដោយសារតែ​គ្រោះរាំងស្ងួត​។ នេះ​បើតាម អាជ្ញាធរ និង​ប្រជាកសិករ​ក្នុង​ឃុំ​ទាំងនោះ​។

លោក លុច ផ មេឃុំ​ទឹកជោរ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​៩ ខែមករា ថា នៅពេលនេះ ទឹក​នៅតាម​ប្រឡាយ បាន​គោករាក់​ដោយ​កន្លែង​ទៅហើយ ខណៈ​អាកាសធាតុ​ក្ដៅ​ហួតហែង​ខ្លាំង និង​គ្មាន​ភ្លៀង ធ្វើឱ្យ​ស្រូវ​ប្រាំង​ប្រមាណ​ជាង​ ៣០០ ​ហិកតា​របស់​ប្រជាកសិករ​នៅក្នុង​ឃុំ​នេះ​ជួប​ប្រឈម​នូវ​បញ្ហា​ខ្វះ​ទឹក​ស្រោចស្រព​។

លោក​ថ្លែងថា​៖ «​បើ​គ្មាន​ការអន្តរាគមន៍ បើកទ្វារ​ទឹក​សំណង់​ស្ទាក់​ទឹកស្ទឹង​ក្រឡាញ់​ទម្លាក់​មកជួយ​ទេ ស្រូវប្រាំង​របស់​បងប្អូន​ប្រជាកសិករ​ប្រមាណ​ជាង​ ៣០០ ​ហិកតា ក្នុង​ឃុំ​ទឹកជោរ​យើងខ្ញុំ នឹង​អាច​រង​ការខូចខាត​»​។

បើតាម​ការពិនិត្យ​ស្ថានភាព​ទឹក​ដែល​មាននៅ​សេសសល់​ក្នុង​ប្រឡាយ នាពេលនេះ អាច​ធានា​ដល់​ការ​បូម​ស្រោចស្រព​បានតែ​ក្នុង​រយៈពេល​ ១ ​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​នឹង​ត្រូវ​គោក​រីង​អស់ទាំង​ស្រុង​ហើយ​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី មៀច សាម៉ាច អាយុ ​៥៦ ​ឆ្នាំ​ជា​កសិករ នៅ​ភូមិ-ឃុំ​ទឹកជោរ​។

អ្នកស្រី​ថ្លែងថា​៖ «​នៅពេលនេះ​ទឹក​វា​មិនទាន់​រីងស្ងួត​ទាំងស្រុង​ទេ ហើយ​ស្រូវ​ក៏​មិនទាន់មាន​បញ្ហា​ដែរ ប៉ុន្តែ​ទឹក​នៅក្នុង​ប្រឡាយ​វា​អាច​នឹង​គោក​រីង​អស់​នៅក្នុង​រយៈពេល​ ១ ​សប្ដាហ៍​ទៀត យ៉ាងយូរ​។ ក្រោយពី​ទឹក​គោក​រីង​អស់ពី​ប្រឡាយ​ទៅ ស្រូវ​ពួកយើង​នឹងរង​ការខូចខាត​អស់​មិន​ខាន​ ប្រសិនបើ​គ្មាន​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​អន្តរាគមន៍​បូមទឹក​មកជួយ​សង្គ្រោះ​ទាន់​ពេលវេលា​ទេនោះ​»​។

ជុំវិញ​ក្ដី​ព្រួយ​កង្វល់​នេះ លោក មាស ហ៊ឹក មេឃុំ​ប្រាសាទ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ស្រូវប្រាំង​ប្រមាណ​ជាង ​៥០០ ​ហិកតា​នៅក្នុង​ឃុំ​ប្រាសាទ ដែល​កំពុង​រង​ការគំរាមកំហែង​ ដោយ​គ្រោះ​រាំងស្ងួត ប៉ុន្តែ​វា​នៅ​មិនទាន់មាន​បញ្ហា​អ្វី​កើត​ឡើងជា​ដុំកំភួន​នៅឡើយ​ទេ​នាពេលនេះ​។

ទោះយ៉ាងណា លោក​បាន​រាយការណ៍​ទៅ​មន្ត្រី​ធនធាន​ទឹក ដែល​ប្រចាំការ​នៅ​សំណង់​ស្ទាក់​ទឹកស្ទឹង​ក្រឡាញ់ ដើម្បី​ត្រៀមលក្ខណៈ​ជាមុន ក្នុង​ការជួយ​អន្តរាគមន៍​បើក​បង្ហូរទឹក​មកជួយ​សង្គ្រោះ​ស្រូវប្រាំង​របស់​ប្រជាកសិករ ក្នុង​ឃុំ​ប្រាសាទ​នោះ​ហើយ​។

លោក​ថ្លែងថា​៖ «​នៅពេលនេះ មន្ត្រី​ធនធាន​ទឹកបាន​បើក​បង្ហូរទឹក​ពី​សំណង់​ស្ទាក់​ទឹកស្ទឹង​ក្រឡាញ់​នោះមក​ហើយ ប៉ុន្តែ​មិន​ខ្លាំង​ទេ​គឺ​គេ​បើក​បង្ហូរ​ដោយ​ភាព​សន្សំសំចៃ​បំផុត​»​។

ស្រដៀង​គ្នា​នេះ លោក ជួយ គាងថូង សមាជិក​ក្រុមប្រឹក្សាឃុំ​ភ្នំលៀប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ស្រូវប្រាំង​ប្រមាណ​ជាង ​១ ០០០ ​ហិកតា របស់​ប្រជាកសិករ​នៅក្នុង​ឃុំ​របស់លោក​នៅ​មិនទាន់​រង​ការខូចខាត​នោះទេ ប៉ុន្តែ​ប្រជាកសិករ​បារម្ភ​ពី​ការខ្វះ​ទឹក​ស្រោចស្រព ព្រោះ​ទឹក​នៅក្នុង​អូរ កំពុង​គោក​រីង​ជា​បណ្ដើរៗ​ហើយ​។ លោក​ថ្លែងថា​៖ «​បើ​គ្មាន​ការបូមទឹក​ពី​តំបន់​ផ្សេង​មកជួយ​ឱ្យទាន់ពេល​ទេនោះ ស្រូវ​មួយចំនួន​អាច​នឹងរង​ការខូចខាត​ជាមិនខាន​ឡើយ​»​។

ជុំវិញ​ក្ដី​ព្រួយ​កង្វល់​របស់​កសិករ និង​អាជ្ញាធរ​ឃុំ​ទាំង​ ៣ ​ខាងលើនេះ​លោក ឃូ ពៅ អភិបាល​ស្រុក​ព្រះនេត្រព្រះ ថ្លែងថា លោក​បាន​បញ្ជា​ឱ្យ​មន្ត្រី​ផ្នែក​កសិកម្ម និង​ធនធានទឹក ដែល​ស្ថិតក្រោម​រដ្ឋបាល​ស្រុក​ព្រះនេត្រព្រះ ចុះ​អន្តរាគមន៍​បូមទឹក​ពី​ស្ទឹង​ក្រឡាញ់ និង​ស្ទឹងស្រែង​ ១​ ចូល​ទៅតាម​ប្រឡាយ​មេ នៅក្នុង​ឃុំ​ទាំង​ ៣ ​ខាងលើ​ហើយ​។

លោក​ថ្លែងថា​៖ «​នៅពេលនេះ យើង​នៅ​មិនទាន់​ខ្វះ​ទឹក​នោះទេ​។ ស្ទឹង​ក្រឡាញ់ និង​ស្ទឹងស្រែង គឺ​នៅសល់​ទឹក​កាច​ស្ទឹង​ដូច្នេះ​យើង​នឹង​មិនឱ្យ​ស្រូវ​របស់​បងប្អូន​កសិករ​យើង រង​ការ​ខូចខាត​នោះឡើយ​។ យើង​នឹង​ជួយ​អន្តរាគមន៍​បូមទឹក​ពី​ស្ទឹង​ទាំង​ ២ ​បញ្ចូល​ទៅក្នុង​ប្រឡាយមេ​ ដើម្បីឱ្យ​កសិករ​យើង​បូម​បន្តទៅ​ដាក់​ក្នុង​ដីស្រែ​របស់​ពួកគាត់​»​។ ទោះយ៉ាងណា​ក្ដី លោក​បាន​អំពាវនាវ​ដល់​ប្រជាកសិករ​នៅក្នុង​ឃុំ​ទាំង​ ៣ ត្រូវធ្វើ​ការប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ ដើម្បី​ការពារ​ភាពខ្វះខាត​ទឹក​ប្រើប្រាស់​នៅក្នុង​រដូវប្រាំង ដែលមាន​អាកាសធាតុ​ក្ដៅ​ហួតហែង​ខ្លាំង​៕