ឧត្តរមានជ័យៈ ព្រះសង្ឃ​ការពារ​ព្រៃឈើ​សហគមន៍​សង្ឃរុក្ខវ័ន​ធ្វើ​យុទ្ធនាការ ១ ​ដុល្លារ ដើម្បី​ការពារ​ព្រៃឈើ បន្ទាប់ពី​ប្រឈម​ការខ្វះខាត​ក្នុង​ការចុះ​ល្បាត​ព្រៃឈើ​ដែលមាន​ផ្ទៃដី​ជិត​ ២ ​ម៉ឺន​ហិកតា ខណៈ​បទល្មើស​ក្នុងព្រៃ​សហគមន៍​នេះ មានការ​កើនឡើង​ខ្លាំង ដោយ​ក្នុង​ឆ្នាំ​ ២០២១ មាន​ដើម​ធ្នង់​ជាង​ ១ ​ពាន់​ដើម ត្រូវបាន​គេ​កាប់បំផ្លាញ​។

ដែនជម្រក​សត្វព្រៃ​សង្ឃរុក្ខវ័ន គឺជា​ព្រៃស្រោង​ដែលមាន​ទំហំ ១៨ ២៦១ ហិកតា ស្ថិតក្នុង​ខេត្ត​ឧត្តរមានជ័យ​នៅ​​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា​។ ព្រៃ​នេះ​ត្រូវបាន​អតីត​ព្រះសង្ឃ​ ១ ​អង្គ ព្រះនាម ប៊ុន សាលួត បាន​ផ្ដួចផ្ដើម​កិច្ចការពារ​នៅ​ឆ្នាំ​ ២០០១ បន្ទាប់ពី​ព្រះអង្គ​បានឃើញ​ការបាត់បង់​ព្រៃឈើ​ក្នុងប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់​ ដោយសារ​ដីសម្បទាន​សេដ្ឋកិច្ច ការកាប់​ឈើ​ល្មើសច្បាប់ និង​ការទន្ទ្រាន​យក​ដី​។ ព្រៃ​សហគមន៍​នេះ ត្រូវបាន​រដ្ឋាភិបាល​ទទួល​ស្គាល់ និង​សម្រេច​បង្កើត​ឡើងជា​ដែនជម្រក​សត្វព្រៃ​នៅ​ថ្ងៃទី ​៥ ខែមេសា ឆ្នាំ​ ២០១៨​។

ព្រះតេជព្រះគុណ ថូ ធូរស់ ប្រធាន​សហគមន៍​ព្រៃ​សង្ឃ​សហគមន៍​រុក្ខវ័ន មាន​សង្ឃដីកា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៩ មករា​ថា យុទ្ធនាការ​នេះ គឺ​ផ្តួចផ្តើមឡើង​តាំងពី​ចុងខែ​ធ្នូ ឆ្នាំ​ ២០២១ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ដើមខែ​កុម្ភៈ​។ ព្រះតេជព្រះ​គុណ​មាន​សង្ឃដីកា​បន្តថា នៅពេល​បញ្ចប់​យុទ្ធនាការ​នេះ សហគមន៍​រុក្ខវ័ន​ក៏​នឹង​រៀបចំ​ពិធី​បំបួស​ដើមឈើ រយៈពេល ២ ​ថ្ងៃ គឺ​នៅ​ថ្ងៃទី​ ៥ និង​ថ្ងៃទី ៦ ខែកុម្ភៈ​។

ជាមួយ​គ្នានេះ ព្រះតេជព្រះគុណ​ក៏​រំពឹង​ដែរ​ថា យុទ្ធនាការ​នេះ​នឹងមាន​ការចូលរួម​ពី​សប្បុរសជន​បាន​ច្រើន ដើម្បី​ជួយ​គាំទ្រ​ឱ្យ​ការងារ​ចុះ​ល្បាត​របស់​​ព្រះសង្ឃ​គ្រប់​អង្គ ប្រជាសហគមន៍ និង​មន្ត្រី​ល្បាត ដែល​កំពុង​ជួបប្រទះ​នូវ​ការខ្វះខាត​។ ការងារ​ចុះ​ល្បាត​ប្រចាំថ្ងៃ គឺ​ក្រៅតែពី​ចំណាយ​កម្លាំងកាយ​ចិត្ត គឺ​សហគមន៍​ត្រូវ​ចំណាយ​ថវិកា​លើ​ម្ហូបអាហារ និង​សម្ភារ​ចាំបាច់​នានា​បម្រើឱ្យ​ការងារ​ទាំងនេះ​ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​សាធារណជន​ទាំងអស់គ្នា​។

ព្រះតេជព្រះគុណ មាន​សង្ឃដីកា​ថា​៖ «​យើង​ត្រូវការ​ថវិកា​ដើម្បី​ទ្រទ្រង់​សកម្មភាព​ល្បាត​ព្រៃ ថែរក្សា​ព្រៃ សត្វព្រៃ និង​ជីវចម្រុះ​នៅ​កន្លែង​ហ្នឹង​។ ដោយសារ​តែព្រៃ​សហគមន៍​សង្ឃរុក្ខវ័ន​នេះ ជា​ព្រៃ​ការពារ​ដែល​ធំជាងគេ​នៅ​កម្ពុជា យើង​ត្រូវការ​ប្រើប្រាស់​ធនធាន​ច្រើន ហើយ​ក្នុង​ ១ ​ថ្ងៃៗ គឺ​ចំណាយ​ច្រើន​មែនទែន ដូច្នេះ​យើង​ត្រូវការ​ការចូលរួម​»​។

បើតាម​ព្រះតេជព្រះគុណ ថូ ធូរស់ បទល្មើស​ព្រៃឈើ​នៅតែមាន​ការកើនឡើង​អត់​ស្រាកស្រាន្ត ខណៈ​កាលពី​ឆ្នាំ ២០២១ បទល្មើស​ព្រៃឈើ ទាក់ទង​នឹង​ការលួច​កាប់បំផ្លាញ​ឈើ​ប្រភេទ​​ធ្នង់ មាន​ជាង ១ ០០០ ​ដើម​។

ដោយសារតែ​បទល្មើស​ព្រៃឈើ​ក្នុងព្រៃ​សហគមន៍​នៅតែមាន​ការកើនឡើង​បែបនេះ ហើយ​ជនអនាមិក ក៏​មិន​ខ្លាច​ញញើត​នឹង​ការចុះ​ល្បាត​របស់​ប្រជាសហគមន៍ ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច ដើម្បី​ទប់ស្កាត់​បទល្មើស​នានា​ក្នុងព្រៃ​សហគមន៍​។ ព្រះតេជព្រះគុណ មាន​សង្ឃដីកា​ថា​៖ «​យើង​មាន​ព្រះសង្ឃ​ ៧ អង្គ ចុះ​ល្បាត និង​រស់នៅ​អចិន្រៃ្តយ៍​នៅក្នុង​ព្រៃ និង​ប្រជា​សហគមន៍ សមាជិក​គណៈកម្មការ​ជាង ៨០ ​អង្គ​/​នាក់​។ បន្ថែម​ពីនេះ ដោយសារតែ​ជនអនាមិក គាត់​មិន​ខ្លាចរអា សហគមន៍​យើង​ក៏​ស្នើសុំ​មន្ត្រី​ការពារ កងកម្លាំង​ពី​ថ្នាក់​ខេត្ត​ដើម្បី​ជួយ​កិច្ចការងារ​ចុះ​ល្បាត​នេះ ហើយ​យើង​ក៏ត្រូវ​រ៉ាប់រង​ថ្លៃ​ចំណាយ​ពួកគាត់​ដែរ​»​។

លោក​ លី មករា ដែល​បាន​បរិច្ចាគ​ថវិកា​ក្នុង​យុទ្ធនាការ​នេះ បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៩ មករា​ថា ការបរិច្ចាគ​ថវិកា​ក្នុង​ពេលនេះ​ក៏​ព្រោះតែ​ចង់​ចូលរួម​ក្នុងនាម​ពលរដ្ឋ​ម្នាក់ ដើម្បី​ការពារ​ព្រៃឈើ​។ ការងារ​របស់​សហគមន៍​នេះ គឺជា​ការពារ​ផលប្រយោជន៍​រួម ដែល​ទាមទារ​ឱ្យមាន​ការចូល​រួមទាំង​អស់​គ្នា ដែល​លោក​ថា ទោះ​តិចក្តី ច្រើនក្តី​ក៏​ជាការ​លើកទឹកចិត្ត​មួយ​ដល់​អ្នក​ដែល​បាន​បញ្ចេញ​សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ​នេះ ខណៈ​ការងារ​ទាំងអស់នេះ ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​ជាច្រើន ជាពិសេស​ដល់​អាយុជីវិត​ទៀតផង​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​យល់​ពី​អារម្មណ៍​អ្នក​ដែល​ធ្វើ​ការងារ​ប្រឈម​ទាំងនេះ ពួកគាត់​ត្រូវការ​ការសហការ និង​ការជួយ​លើកទឹកចិត្ត ព្រោះ​បើកាលណា​គាត់​ទទួលបាន​ការលើកទឹកចិត្ត​គាត់​ក៏មាន​កម្លាំងចិត្ត​ធ្វើ​សកម្មភាព​បន្តទៀត​»​។

លោក មករា លើកឡើងថា ក្នុងនាម​ជា​ពលរដ្ឋ​ម្នាក់ ដែល​មិនអាច​ចូលរួម​ដោយផ្ទាល់​បាន គួរ​ណាស់​តែមាន​ការចូលរួម​តាម​លទ្ធភាព ដែល​អាចជួយ​ដល់​ប្រជាសហគមន៍ ឬ​អ្នក​ចុះ​អនុវត្ត​ដោយផ្ទាល់ ដែល​ហ៊ាន​ចំណាយ​កម្លាំងកាយ​ចិត្ត​ក្នុង​ការការពារ​ផលប្រយោជន៍​ជាតិ​ដែល​ពួកគេ​គួរ​ណាស់​តែ​ទទួលបាន​ការលើក​ទឹកចិត្ត​៕

វីដេអូ៖