
វត្ថុតាងដែលរកឃើញក្នុងផ្ទះជនសង្ស័យ ក្រោយពីការបង្ក្រាបកាលពីថ្ងៃទី ៩ មករា នៅក្នុងភូមិសាស្ត្រឃុំ ក្រញូងសែនជ័យ ស្រុក ស្នួល ខេត្ត ក្រចេះ។។ រូបថត ហ្វេសប៊ុក
ក្រចេះ/ត្បូងឃ្មុំៈ នគរបាល ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីដកហូតបានកាំភ្លើងវែងកែច្នៃ ១ ដើម និងកាំភ្លើងខ្លី ១ ដើមរួមជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន៣គ្រឿងនៅផ្ទះរបស់ជនសង្ស័យក្នុងការបង្ក្រាបកាលពីថ្ងៃទី ៩ មករា ឆ្នាំ ២០២២ ខណៈរថយន្តរបស់សមត្ថកិច្ច១គ្រឿងត្រូវបានក្រឡាប់។
លោក លោកហុង គឹមហឿន អធិការនគរបាលស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ ប្រាប់នៅថ្ងៃទី១១ មករា ថា រថយន្តរបស់កម្លាំងសមត្ថកិច្ច១គ្រឿងត្រូវបានក្រឡាប់ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនមួយកាលពីថ្ងៃទី៩ មករា។ ដោយមានកម្លាំងសមត្ថកិច្ចខេត្ត ក្រចេះ និងខេត្ត ត្បូងឃ្មុំ សហការគ្នាក្នុងការបង្ក្រាបបទល្មើសនេះប៉ុន្តែពុំមានកម្លាំងសមត្ថកិច្ចណាម្នាក់រងរបួសទេ។
លោកថ្លែងថា៖«ករណីនេះ ខាងកម្លាំងនគរបាលខេត្តក្រចេះដេញបង្ក្រាបជនសង្ស័យពីខេត្តក្រចេះមកដល់ស្រុកមេមត់ ប៉ុន្តែជនសង្ស័យម្នាក់នោះរត់រួច។ឡានសមត្ថកិច្ចយើងក្រឡាប់តែមិនរបួសមនុស្សទេ»។
ពាក់ព័ន្ធករណីនេះនៅរសៀលថ្ងៃទី១១ មករា ភ្នំពេញប៉ុស្តិ៍បានទូរស័ព្ទទាក់ទងលោក ស៊ាង សុភ័ក្រ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត ក្រចេះដើម្បីសុំការបញ្ជាក់បន្ថែមតែមិនត្រូវបានលោកឆ្លើយតបទេខណៈលោកទទួលហើយមិនឆ្លើយ។
ទោះយ៉ាងណាបើតាមមន្ត្រីនគរបាលមួយរូបនៃ អធិការដ្ឋានស្រុកស្នួល ខេត្ត ក្រចេះបានឱ្យដឹងនៅរសៀលថ្ងៃទី១១ មករា ថាបុរសសង្ស័យឈ្មោះ ស្រុន ខុម រស់នៅឃុំក្រញូងសែនជ័យ ខេត្ត ក្រចេះហើយ រហូតមកដល់ថ្ងៃទី១១ មករា សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនគេ។ការបង្ក្រាបបទល្មើសគ្រឿងញៀននេះគឺសមត្ថកិច្ចបានតាមដានជាយូរខែមកហើយហើយបានការបង្ក្រាបកាលពីថ្ងៃទី៩ មករានៅក្នុងភូមិសាស្ត្រឃុំ ក្រញូងសែនជ័យ ស្រុក ស្នួល ខេត្ត ក្រចេះ។
មន្ត្រីបន្តថា នៅពេលនោះកម្លាំងសមត្ថកិច្ចខេត្តក្រចេះបានបើករថយន្តម៉ាកLEXUS RX300 ដេញតាមរថយន្តរបស់ជនសង្ស័យម៉ាកព្រុស១គ្រឿងបើកតែម្នាក់ឯងរហូតដល់ស្រុកមេមត់ ខេត្ត ត្បូងឃ្មុំបណ្តាលឱ្យក្រឡាប់រថយន្តរបស់កម្លាំងសមត្ថកិច្ចខណៈជនសង្ស័យបានចតរថយន្តចោលហើយចុះរត់គេចខ្លួនបាត់។
មន្ត្រីដដែលបន្តថាក្រោយពីដេញចាប់ជនសង្ស័យហើយសមត្ថកិច្ចបានបន្តមកឆែកឆេរផ្ទះរបស់ជនសង្ស័យនៅឃុំក្រញូងសែនជ័យហើយបានរកឃើញអាវុធកែច្នៃ១ដើម កាំភ្លើងខ្លី១ដើម ប្រើគ្រាប់កែច្នៃដែលត្រូវបានរកឃើញមានចំនួន២៩គ្រាប់កាំបិតស្នៀតចំនួន១ និងកាំបិតវែង១ដើមរួមនឹងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន៣គ្រឿងទៀត៕