ភ្នំពេញៈ តុលាការ​ខេត្ត​បាត់ដំបង​នៅ​រសៀល​ថ្ងៃទី ១១ ​ខែមករា ​បានសម្រេច​ឃុំខ្លួន​អ្នកសារព័ត៌​មាន​ម្នាក់​ ដោយ​ចោទប្រកាន់​ពី​បទ​ញុះញុង​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍។ នេះ​បើ​តាម​មន្ត្រី​នាំពាក្យ​សាលា​ដំបូង​ខេត្តបាត់​ដំបង។

លោក​ដួង សារ៉ន ​អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្ត​បាត់​ដំបង ​បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា​ លោក​សុខ សារ៉ាន់ ​អាយុ​៥០ឆ្នាំ​ ជា​អ្នកយក​ព័ត៌មាន​គេហទំព័រ​កម្ពុជា​រាល់​ថ្ងៃ ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន ​កាលពី​ថ្ងៃទី១០ ​ខែមករា ​ឆ្នាំ​២០២២ ​តាម​ដីកា​បង្គាប់​ឱ្យចូល​ខ្លួន​ឆ្លើយ​បំភ្លឺ ​ជុំវិញ​សំណុំរឿង​ចោទប្រកាន់​មួយ​របស់​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តបាត់​ដំបង ​កាលពី​ថ្ងៃទី៣​ ខែមករា​ ឆ្នាំ២០២២ ​ពាក់​ព័ន្ធ​ការញុះញង់​ឱ្យ​ពលរដ្ឋ​នៅក្នុង​ភូមិ​-ឃុំ​ព្រែកហ្លួង ​ស្រុក​ឯកភ្នំ ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា ​ឬ​ធ្វើ​សំណើ​សុំ​ការអនុញ្ញាត​ពី​ប្រមុខ​ថ្នាក់​ដឹក​នាំ​រាជរដ្ឋាភិបាល ​បន្ត​ការអាស្រ័យ​ផល​លើ​ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣។

លោក​បញ្ជាក់​ថា​៖«ក្រោយ​បញ្ចប់​ការស៊ើបសួរ ​ជនសង្ស័យ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​បាត់ដំបង ​សម្រេច​បង្គាប់​ឱ្យ​កម្លាំង​នគរបាល​យុត្តិធម៌​នាំ​យកទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ជាបណ្ដោះ​អាសន្ន ​ដោយ​ចោទប្រកាន់​ពីបទ​ញុះញុង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ​តាម​មាត្រា​៤៩៤ ​និង​មាត្រា​៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ»។

យោង​តាម​បទចោទ​ប្រកាន់ ​និង​មាត្រា​ទាំង២​នៃ​ក្រម​ព្រហ្មទណ្ឌ​ខាងលើ​នេះ ​ជនសង្ស័យ ​នឹង​ត្រូ​វប្រឈម​ការផ្ដន្ទាទោស​ជាប់​ពន្ធនាគារ ​ពី​៦ខែ ​ដល់​២ឆ្នាំ ​និង​ផ្ដន្ទាទោស​ពិន័យ​ជាប្រាក់ ​ពី​១លាន​រៀល​ដល់​៤លាន​រៀល។

ជុំវិញ​ករណី​នេះ ​លោក​កាំង រី​ ចាងហ្វាង​ការផ្សាយ​សារព័ត៌មាន​គេហទំព័រ​កម្ពុជា​រាល់​ថ្ងៃ​បានប្រាប់​ភ្នំបេញ​ប៉ុស្តិ៍ ​នាថ្ងៃទី១១​ មករា ​ថា ​កាលពី​ថ្ងៃ​ទី២៨ ​ខែធ្នូ ​ឆ្នាំ២០២១ ​លោក​សុខ សារ៉ាន់ ​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ភូមិ-​ឃុំ​ព្រែកហ្លួង ​ស្រុក​ឯកភ្នំ​ ទូរស័ព្ទ​ប្រាប់​ថា ​ពួកគេ​រួមទាំង​អាជ្ញាធរ​មូលដ្ឋាន​មួយចំនួន ​ដែល​ធ្លាប់​អាស្រ័យ​ផល​នៅលើ​ដីព្រៃ​លិចទឹក​ក្នុង​តំបន់​៣ ​បាន​រួម​គំនិត​គ្នា​ធ្វើ​ញ្ញតិ​ស្នើសុំ​ការអនុញ្ញាត ​ពី​ប្រមុខ​រាជរដ្ឋាភិបាល ​គឺ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​ដើម្បី​បន្ត​អាស្រ័យ​នៅ​លើ​ដីព្រៃ​លិចទឹក​នោះ​ជាបន្ត​ទៀត។

លោក​បន្តថា ​ការធ្វើ​ញត្តិ​ស្នើសុំ​នេះ ​ដោយ​មូលហេតុ​ពួកគាត់​ពុំ​មាន​ដី​គ្រប់គ្រាន់​សម្រាប់​បង្កបង្កើន​ផល។ បន្ទាប់​មក ​លោក​សុខ សារ៉ាន់​ ក៏បាន​ចុះទៅ​កាន់​កន្លែង​ ដែល​អ្នកភូមិ​មាន​ការជួប​ប្រជុំ​គ្នា​នោះ ​ដើម្បីធ្វើ​ការថតរូប​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ អំពី​សកម្មភាព​របស់​ប្រជាពលរដ្ឋ​ទាំង​នោះ។

លោក​បានបញ្ជាក់​ថា​៖«ខ្ញុំ​យល់​ថា ​ករណី​នេះ ​វា​អយុត្តិធម៌​ណាស់ ​សម្រាប់​លោក​សុខ សារ៉ាន់»។

ទន្ទឹម​នឹងនេះ ​លោក​កាំង រី​ បាន​អំពាវនាវ​សុំឱ្យ​តុលាការ ​ទម្លាក់​ចោល​នូវ​បទចោទ​ប្រកាន់​ចំពោះ​លោក​សុខ សារ៉ាន់ ​ហើយ​ដោះលែង​គាត់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ៕