ភ្នំពេញៈ ចាប់ពី​ថ្ងៃទី ១២ ដល់ ​១៨ ខែមករា​នេះ អ្នករស់នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ អំពី​បញ្ហា​សុខភាព​បន្ថែមទៀត ខណ​:​អាកាសធាតុ​ត្រជាក់ នឹង​ធ្លាក់ចុះ​ដល់​កម្រិត ​១៥ ​អង្សា​សេ ឬទាប​ជាង​នេះ​។ នេះ​បើ​យោងតាម​ការព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី ​១១ ខែ មករា ឆ្នាំ​២០២២​។​

ការព្យាករណ៍​នេះ​បានធ្វើ​ឡើង ក្រោយពី​ក្រុមមន្ត្រី​ជំនាញ ផ្នែក​អាកាសធាតុ បាន​ពិនិត្យឃើញថា​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​កំពុង​រំកិល​ចុះមក​ក្រោម គ្របដណ្តប់​លើ​កម្ពុជា ជាមួយនិង​ខ្យល់មូសុង​ឦសាន​បក់​ក្នុង​ល្បឿន​បង្គួរ ដែល​ស្ថានភាព​បែបនេះ នឹងធ្វើ​ឲ្យ​តំបន់​វាលទំនាប​កណ្ដាល មាន​សីតុណ្ហភាព​អប្បបរមា​ពី​១៨-២១​អង្សា​សេ ខណៈ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា ពី​១៥-១៨ អង្សា​សេ​។ ចំណែក​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា ពី ១៩-២២​អង្សា​សេ​។​

លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បន្ទាប់ពី​មានការ​ធ្លាក់ចុះ​សីតុណ្ហភាព​ត្រជាក់​នេះ​តំបន់​មួយចំនួន អាច​នឹងមាន​ភ្លៀង​កក់ខែ​កើតឡើង​ផងដែរ​។​

ទន្ទឹមនឹងនេះ លោក​បាន​អំពាវនាវ​ថា​៖«​សម្រាប់​អ្នករស់នៅ តំបន់​ជួរ​ភ្នំ​ដងរែក និង ខ្ពង់រាប​ឦសាន គួរ​បង្កើន​ការយកចិត្តទុកដាក់​ពី​សុខភាព​ផ្ទាល់ខ្លួន និង ក្រុមគ្រួសារ ពិសេស​កុមារ និង ចាស់ជរា ព្រោះ​ចាប់ពី​ថ្ងៃទី ១២ ដល់​១៨ ខែមករា​នេះ អាកាសធាតុ​ត្រជាក់ នឹង​អាច​ធ្លាក់​ចុះមក​ក្នុង​កម្រិត​១៥ អង្សា​សេ ឬ ទាប​ជាង​នេះ​»​។​

ក្នុងអំឡុងពេល​នៃ​ការចាប់ផ្ដើម​រដូវរងា​រ​មកដល់ កាលពី​ខែធ្នូ​កន្លងទៅ​ថ្មីៗ​នេះ​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប​ង្កើ​ការយកចិត្តទុកដាក់ ថែទាំ​សុខភាព​ឲ្យ​បានល្អ ដោយ​ត្រូវ​ស្លៀក​ពាក់អាវ រងា​ក្រាស់ៗ និង ណែនាំ​ឲ្យ​អាជ្ញាធរ ថ្នាក់ក្រោម​ជាតិ និងផ្នែក​ពាក់ព័ន្ធ​ផ្សេងទៀត ផ្ដល់​អាវ​រងារ និង ភួយ​មុង ដល់​ចាស់ជរា នៃ​គ្រួសារ​ទីទាល់ក្រ និង គ្មាន​ទីពឹង ដោយ​លោក​មានប្រសាសន៍ថា​៖«​អាកាសធាតុ​ត្រជាក់ តែង​នាំមក​នូវ​ជំងឺ ដ​ង្កា​ត់​ផ្សេង ពិសេស​ជំងឺ​ផ្ដាសាយ ...​សូម​បន្ត​អនុវត្ត​វិធានការ​ ៣​ កុំ ៣​ ការពារ »៕

វីដេអូ៖