ភ្នំពេញៈ សាលាឧទ្ធរណ៍​ភ្នំពេញ​នៅ​ថ្ងៃទី​ ១១ មករា បាន​ប្រកាស​សាលដីកា​សម្រេច​តម្កល់ ទោស​អតីត​សកម្មជន​នៃ​អតីតបក្ស​សង្គ្រោះ​ជាតិ​ ២ ​នាក់ ក្នុង​ម្នាក់​ ១​ ឆ្នាំ និង​ពិន័យ​ប្រាក់​ម្នាក់ៗ​ ២ ​លាន​រៀល ករណី​បង្ហោះ​សារ​រិះគន់​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ​ ១៩ បន្ទាប់ពី​ជំនុំជម្រះ​កាលពី​ចុងឆ្នាំ​ ២០២១​។

លោក​ចៅក្រម ងួន រតនា បាន​អាន​សាលដីកា​នៅ​ចំពោះមុខ​ជនជាប់ចោទ​ក្នុង​បន្ទប់​សវនាការ​នៅ​ថ្ងៃទី ​១១ មករា ថា​សំណុំ​រឿងនេះ​មាន​ជនជាប់ចោទ​ឈ្មោះ​​ ធន ច័ន្ទ ថា ភេទ​ប្រុស អាយុ​ ៤៤ ​ឆ្នាំ និង​ឈ្មោះ​ ម៉ី សុផន ភេទ​ ស្រី អាយុ ​៤៣ ​ឆ្នាំ​។ សំណុំ​រឿងនេះ​ត្រូវបាន​សាលាឧទ្ធរណ៍​ភ្នំពេញ​បើកសវនាការ​ជំនុំជម្រះ​នា​ថ្ងៃទី​ ២១​ ធ្នូ ២០២១​។

លោក​ថ្លែងថា​៖ «​សំណុំ​រឿងនេះ ក្រុមប្រឹក្សា​ជំនុំជម្រះ​សម្រេច​តម្កល់​ទោស​ ១ ​ឆ្នាំ​ដល់​ជន​ជាប់ចោទ​ទាំង​ ២ ​នាក់​តាម​អំណាច​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​បន្ត​ឃុំខ្លួន​ជនជាប់ចោទ​ទាំង​ ២ ​នាក់​ក្នុង​ពន្ធនាគារ​បន្តទៀត​»​។

អង្គហេតុ​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ​បង្ហាញថា កាលពី​ថ្ងៃទី​ ២០ ខែកុម្ភៈ ឆ្នាំ​ ២០២១ ឈ្មោះ​ ធន ច័ន្ទថា បាន​ប្រើ​គណនី​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​ផ្ទាល់ខ្លួន ឈ្មោះ​ ធន ច័ន្ទថា បានធ្វើការ​បង្ហោះ​សំណេរ​របស់ខ្លួន​ដែលមាន​ខ្លឹមសារ​ថា​៖ «​បើ​និយាយឱ្យចំ​ទៅ បើ​វា​កើត​មែន​ងាប់​រាលដាល​ពេញ​ប្រទេស​ហើយ​មិនចាំបាច់​ទៅ​ឆ្ងល់​ឡើយ​។ ឥឡូវនេះ​បែប​ទប់​លែង​ជាប់ អត់​មាន​ប្រាក់ខែ​បើក​ [​ឱ្យ​]​ មន្ត្រីរាជការ​ក៏​មិនដឹង​ផង​រក​ល្បិច​គ្រប់​វិធី​ ដើម្បី​រក​ជំនួយ​ពី​បរទេស​ហើយ​ទើប​ទប់​ជាប់​»​។

ដោយឡែក​កាលពី​ថ្ងៃទី​ ២៦ ខែកុម្ភៈ ឆ្នាំ​ ២០២១ ស្ត្រី​ឈ្មោះ ម៉ី សុផន បាន​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​បង្ហោះ​សារ​ដែលមាន​ខ្លឹមសារ​ថា កម្ពុជា​ជា​ប្រទេសមួយ​ដែល​មិនមាន​ការឆ្លង​ជំងឺ​រលាក​ផ្លូវដង្ហើម (​កូវីដ​ ១៩) ​ឬ​ស្លាប់​ដោយ​ជំងឺ​នេះ​គួរឱ្យ​ព្រួយបារម្ភ​ឡើយ​។ ហេតុអ្វី​បានជា​រដ្ឋាភិបាល​ឯកបក្ស​ប្រញាប់ប្រញាល់​អំពាវនាវ​ឱ្យ​ប្រជារាស្ត្រ​ខ្មែរ​ចាក់​វ៉ាក់សាំង​របស់​ចិន ដែល​មិនទាន់បាន​ទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក​ (WHO)​ យ៉ាង​តក់ក្រហល់​បែបនេះ​?

ស្ត្រី​ជាប់ចោទ​សរសេរ​បន្តថា​៖ «​ក្នុងនាម​ប្រជាពលរដ្ឋ​ខ្មែរ​សាមញ្ញ​ម្នាក់ នាង​ខ្ញុំ​យល់ឃើញថា ជា​ហេតុផល​នយោបាយ​ច្រើនជាង​ក្នុង​ចេតនា​ចង់​ការពារ​ជំងឺឆ្លង​នេះ​ជូន​ប្រជាពលរដ្ឋ​។ ដោយហេតុថា ចង់​ផ្គាប់ចិត្ត​ចិន ជួយ​ការពារ​អំណាច និង​ជួយ​ជ្រោមជ្រែង​ឱ្យ​លោក​ ហ៊ុន ម៉ាណែត ឡើងកាន់​អំណាច​បន្ត​ពី​លោក​។ ទី​ ២ ​បង្វែរ​ការចាប់អារម្មណ៍​ពី​សហគមន៍ជាតិ និង​អន្តរជាតិ​ចំពោះ​វិបត្តិ​នយោបាយ​ដ៏ធ្ងន់ធ្ងរ​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​»​។

អង្គហេតុ​បង្ហាញ​បន្តថា​ជន​ជាប់ចោទ​ទាំង ​២ ​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​ ២៦-២៧ កុម្ភៈ ឆ្នាំ​ ២០២១ ​ក្នុង​រាជធានី​ភ្នំពេញ​។

សំណុំ​រឿងនេះ​ត្រូវបាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​រយៈពេល​ ១ ​ឆ្នាំ​ដោយ​ចោទ​បទ​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ជេរប្រមាថ​តាម​មាត្រា​ ៤៩៤ ​និង​មាត្រា​ ៤៩៥ ​នៃ​ក្រមព្រហ្មទណ្ឌ និង​ពិន័យ​ប្រាក់​ម្នាក់ៗ​ចំនួន​ ២ ​លាន​រៀល​ចូល​ថវិការដ្ឋ​៕