ភ្នំពេញៈ រាជរដ្ឋាភិបាល​តាមរយៈ​ការ​អនុវត្ដ​កម្មវិធី​ជាតិ​ដំណាក់កាល​ទី​ ២ (២០២១-២០៣០) ឆ្នាំ​ ២០២២ បាន​បង្កើន​ការវិភាជ​ថវិកា​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដល់​ជាង​ ១​ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​រដ្ឋបាល​ក្រុង​-​ស្រុក នីមួយៗ​ទទួល​បានជា​មធ្យម​ ៥៧ ម៉ឺន​ដុល្លារ ក្នុង​ ១ ​ឆ្នាំ និង ឃុំ​-​សង្កាត់​នីមួយៗ​ទទួលបាន​ ១២៧ ០០០ ​ដុល្លារ​ក្នុង ១​ ឆ្នាំ​។

នេះ​បើតាម​លោក​ ចាន់ សុធា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​លេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ (​គ.ជ.អ.ប​) ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ «​វឌ្ឍនភាព​នៃ​ដំណើរការ​​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ​សម្រាប់​ថ្នាក់ក្រោម​ជាតិ​» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​ ១១ ខែមករា​។ លោក​ថា ការធ្វើ​វិមជ្ឈការ​ហិរញ្ញវត្ថុ ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ រាជរដ្ឋាភិបាល​បាន​បង្កើត​នូវ​ប្រព័ន្ធ​គ្រប់គ្រង​​ហិរញ្ញវត្ថុ​របស់​រដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ តាម​គោលការណ៍​វិមជ្ឈការ​ហិរញ្ញវត្ថុ ដូចជា​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ រដ្ឋបាល​ឃុំ សង្កាត់ និង​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​រដ្ឋបាល​ក្រុង​-​ស្រុក ដើម្បី​គ្រប់គ្រង​ចាត់ចែង និង​ប្រើប្រាស់​ធនធាន​ហិរញ្ញវត្ថុ​ប្រកបដោយ​ប្រសិទ្ធភាព​តម្លាភាព និង​គណនេយ្យភាព​។

លោក​ថ្លែងថា​៖ «​ក្នុង​ក្របខ័ណ្ឌ​នៃ​ការធ្វើ​វិមជ្ឈការ​ហិរញ្ញវត្ថុ និង​ភាពជោគជ័យ​នៃ​កំណែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ រាជរដ្ឋាភិបាល​បាន​បង្កើន​ការផ្ទេរ​ថវិការដ្ឋ​ជា​រៀងរាល់ឆ្នាំ​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​រហូតមកទល់​ឆ្នាំ​ ២០២១ ថវិកា​នេះ មាន​ចំនួន​សរុប​ប្រមាណ​ជាង ៤ ០០០ ​លាន​ដុល្លារ​អាមេរិក សម្រាប់​ការគ្រប់គ្រង ការចាត់ចែង និង​ការប្រើប្រាស់​ក្រោម​ឆន្ទានុសិទ្ធិ​របស់ខ្លួន​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​នីមួយៗ​»​។

លោក​បញ្ជាក់ថា ក្នុង​ឆ្នាំ ​២០២២ ​នេះ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទទួល​ថវិកា​សរុប ១ ០៤៣ ​លាន​ដុល្លារ ក្នុងនោះ​សម្រាប់​ឃុំ សង្កាត់ មាន​ថវិកា​ចំនួន ២០៧ លាន​ដុល្លារ​។ កាលពី​ឆ្នាំ​ ២០០២ ឃុំ សង្កាត់​នីមួយៗ​មាន​ថវិកា​ជា​មធ្យម​ ៤ ៥០០ ​ដុល្លារ​ក្នុង ១ ​ឆ្នាំ ហើយ​នៅ​ឆ្នាំ​ ២០២២ មាន​ថវិកា​ ១២៧ ០០០ ​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។

សម្រាប់​ក្រុង ស្រុក មាន​ថវិកា​ចំនួន ១៣៩​ លាន​ដុល្លារ រួម​ជាមួយ​ថវិកា​ផ្ទេរ​ក្នុង​វិស័យ​អប់រំ​ប្រមាណ​ជាង ៣៣​ លាន​ដុល្លារ ខណៈ​កាល​ឆ្នាំ ​២០១៣ ក្រុង ស្រុក​នីមួយៗ​មាន​ថវិកា​ជា​មធ្យម ៧៩ ៣៥៣ ​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​ហើយ​នៅ​ឆ្នាំ​ ២០២២ មាន​ជាង ៥៧ ម៉ឺន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។ សម្រាប់​រាជធានី-​ខេត្ត​វិញ មាន​ថវិកា​ចំនួន ៦៩៧ ​លាន​ដុល្លារ រួមបញ្ចូល​ទាំង​ថវិកា​ផ្ទេរ​ក្នុង​វិស័យ​សុខាភិបាល​ប្រមាណ​ជិត ១៧០ ​លាន​ដុល្លារ​ផងដែរ​។

បើតាម​លោក សុធា ការធ្វើ​វិមជ្ឈការ​ហិរញ្ញវត្ថុ គឺ​ដើម្បី​ធានា​ដល់​ការបង្កើន​ធនធាន​ហិរញ្ញវត្ថុ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ រួមទាំង​ធនធាន​ហិរញ្ញវត្ថុ​ជា​ឆន្ទានុសិទ្ធិ និង​ធនធាន​ហិរញ្ញវត្ថុ​មានភ្ជាប់​លក្ខខណ្ឌ ព្រមទាំង​បន្ត​កែលម្អ​ប្រព័ន្ធ និង​សមត្ថភាព​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ ការធ្វើ​វិមជ្ឈការ​ហិរញ្ញវត្ថុ ក៏​ដើម្បី​ធានា​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​មាន​ធនធាន​ហិរញ្ញវត្ថុ និង​សមត្ថ​ភាពសមស្រប​ក្នុងការ​គ្រប់គ្រង ចាត់ចែង និង​ប្រើប្រាស់​ធនធាន​ហិរញ្ញវត្ថុ​ទាំងនោះ​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​លើ​ការផ្តល់​សេវាសាធារណៈ និង​ការអភិវឌ្ឍ​មូលដ្ឋាន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធភាព​ផងដែរ​។

លោក​ថ្លែងថា​៖ «​យើង​ផ្ទេរ​មុខងារ​ផ្ទេរ​មនុស្ស យើង​ត្រូវ​ផ្ទេរ​ថវិកា​ទៀត​។ បើ​យើង​ឱ្យ​មុខងារ ឱ្យអំណាច ឱ្យ​ធនធានមនុស្ស ប៉ុន្ដែ​បើ​មិនឱ្យ​ថវិកា​ទៅនោះ ថ្នាក់ក្រោម​ជាតិ​មិនអាច​អនុវត្ដ​បានទេ​។ ឧទាហរណ៍​ថា ឱ្យ​មុខងារ​ទៅធ្វើ​ផ្លូវ ប៉ុន្ដែ​អត់ឱ្យ​លុយ​ទៅ ដូច្នេះ​ថ្នាក់ក្រោម​ជាតិ​ទទួលបាន​មុខងារ ប៉ុន្ដែ​ធ្វើ​មិនបាន​។ អ៊ីចឹង ចាំបាច់​ត្រូវ​ផ្ទេរ​ធនធាន​ហិរញ្ញវត្ថុ​ទៅឱ្យ​ថ្នាក់ក្រោម​ជាតិ​»​។

លោក​បញ្ជាក់ថា​៖ «​ថវិកា​នេះ បាន​កើនឡើង​ពី​ ១ ​ឆ្នាំទៅ​ ១​ ឆ្នាំ​រហូតដល់​ឆ្នាំ​ ២០២២ ​នេះ ឃុំ​-​សង្កាត់​នីមួយៗ ជា​មធ្យម​ទទួល​បាន​ថវិកា​រហូតដល់​ ១២៧ ០០០​ ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។ ក៏មាន​ឃុំ-​សង្កាត់​ខ្លះ​ដែលជា​ឃុំ-សង្កាត់​ធំ​អាច​ទទួលបាន​ថវិកា​រហូតដល់​ជាង ២០ ​ម៉ឺន​ដុល្លារ​។ សម្រាប់​ក្រុង​ស្រុក​ជា​មធ្យម ៥៧ ​ម៉ឺន​ដុល្លារ ប៉ុន្ដែ​ក្រុង​ស្រុក​ខ្លះ អាច​កើនឡើង​ដល់​ជាង ៨០ ​ម៉ឺន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​»​។

ក្រៅពីនេះ​សរុប ២ ​រាជធានី ខេត្ដ ទទួលបាន​ថវិកា​ប្រមាណ​ជិត ៧០០ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។ ការផ្ទេរ​ថវិកា​ទៅ​ខេត្ត​នេះ គឺ​អាស្រ័យ​លើ​ខេត្ដ​ធំ​ ឬ​តូច និង​អាស្រ័យ​លើ​រាជធានី​-​ខេត្ដ ណា​ប្រមូល​ចំណូល​បាន​ច្រើន ក៏​ទទួលបាន​ថវិកា​ដែល​វិភាជ​ទៅបាន​ច្រើន​ដែរ ដូចជា​រាជធានី​ភ្នំពេញ​ប្រមូល​ចំណូល​បាន​ច្រើន ក៏​ទទួលបាន​ថវិកា​វិភាជ​ទៅវិញ​ក៏​ច្រើន​ដែរ​ក្នុង​ ១ ​ឆ្នាំៗ​។

លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយស្រី​បាន​ឱ្យដឹងថា រាជរដ្ឋាភិបាល មាន​គម្រោង​បង្កើន​ការផ្ទេរ​ថវិកា​មករដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នេះ តាំងពី​ឆ្នាំ​ ២០២១ ប៉ុន្ដែ​ដោយសារ​បញ្ហា​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ គម្រោង​បង្កើន​ថវិកា​នេះ ក៏​ត្រូវបាន​ពន្យារពេល​រហូតដល់​ឆ្នាំ​ ២០២២ ​នេះ​ទើប​មានការ​បង្កើន​ថវិកា​ឡើងវិញ​។ លោក​ថ្លែងថា​៖ «​តាម​ព័ត៌មាន​ដែល​ខ្ញុំ​ទទួល​បាន​មូលនិធិ​ក្រុង​ស្រុក ឃុំ​សង្កាត់​នេះ​នឹងមាន​ការកើនឡើង​មក​វិញ​។ ការកើនឡើង​កញ្ចប់​ថវិកា​សម្រាប់​ការអភិវឌ្ឍ​ថ្នាក់មូលដ្ឋាន​នេះ គឺមាន​សារៈសំខាន់​ណាស់ នៅក្នុង​ការរៀបចំ​ឱ្យមាន​ការប្រសើរឡើង​ក្នុង​ថ្នាក់មូលដ្ឋាន ពិសេស​លើ​ប្រព័ន្ធ​ហេដ្ឋារចនាម្ព័ន្ធ​តែម្ដង​»​។

បើតាម​លោក ចាន់ សុធា ទិសដៅ​សម្រាប់​រយៈពេល ​១០​ ឆ្នាំ​បន្ត​លើ​ការអនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ​សម្រាប់​ថ្នាក់ក្រោម​ជាតិ​រាជរដ្ឋាភិបាល​បន្ត ការគ្រប់គ្រង​ការងារ​កំណែទម្រង់ ដើម្បី​ធានា​ដល់​ការលើកកម្ពស់​ភាពជា​ម្ចាស់​យ៉ាង​ពេញលេញ​របស់​រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន​ទាំង​នៅ​ថ្នាក់ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្នុង​ការដឹកនាំ សម្របសម្រួល គ្រប់គ្រង និង​អនុវត្ត​កិច្ច​ដំណើរការ​កំណែទម្រង់ ព្រមទាំង​បន្ត​ពង្រឹង​កិច្ចសហការ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល និង​ផ្នែក​ឯកជន ដើម្បី​ធានា​ដល់​ការ​កៀរគរ​ការ​ចូលរួម និង​គាំទ្រ​ដល់​កិច្ច​ដំណើរការ​កំណែទម្រង់​នេះ​ឱ្យ​កាន់​តែមាន​ភាព​សកម្ម និង​រស់​រវើក​បន្ថែម​ទៀត​៕