ភ្នំពេញៈ តំណាង​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO) ផ្ញើលិខិត​ជូន​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន សូមឱ្យ​ប្រើប្រាស់​អំណាច​របស់​លោក ដើម្បី​ធានា​ឱ្យ​មាន​ការដោះលែង​តំណាង​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ជាបន្ទាន់ ក្រោយ​មានការ​ចាប់ខ្លួន និង​ចោទប្រកាន់​ជា​បន្តបន្ទាប់ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ថា នេះ​គឺជា​បទល្មើស​ដែល​ត្រូវ​ដោះស្រាយ​តាមផ្លូវ​តុលាការ​។

លិខិត​ដែល​បាន​ផ្ញើជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​លោក Guy Ryder តំណាង​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) នៅ​ប្រទេស​ស្វ៊ីស​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី ​៧ មករា និង​ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ថ្មីៗ​នេះ​។

លោក ​Guy Ryder លើក​ឡើង​ថា សារៈសំខាន់​ជា​មូលដ្ឋាន​នៃ​ការគោរព​សេរីភាព​ក្នុងការ​បង្កើត​សមាគម ដែលជា​ការការពារ​ចម្បង​មួយ​នៃ​សន្តិភាព និង​យុត្តិធម៌​សង្គម​ដែល​ត្រូវបាន​ទទួលស្គាល់​ពេញលេញ​ដោយ​ប្រទេស​កម្ពុជា​។ លោក​បាន​បន្តថា ការចាប់ខ្លួន និង​ដាក់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី គឺជា​ការជ្រៀតជ្រែក​យ៉ាងធ្ងន់ធ្ងរ​លើ​សេរីភាព​ស៊ីវិល​ជាទូទៅ និង​សិទ្ធិ​សហជីព​ជាពិសេស​។

លោក​ក៏បាន​អំពាវនាវ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ឱ្យប្រើប្រាស់​អំណាច​របស់ខ្លួន ដើម្បី​ធានា​ឱ្យ​មាន​ការដោះលែង​ជាបន្ទាន់​ពី​ការឃុំ​ឃាំង​កម្មករ​ទាំង​អស់ និង​ទម្លាក់ចោល​បទចោទប្រកាន់​ព្រហ្មទណ្ឌ​ទាំងអស់​ទាក់ទង​នឹង​សកម្មភាព​សហជីព​របស់​ពួកគេ​។

លោក​បញ្ជាក់ថា​៖ «​ការឃាត់​ទុក​មេដឹកនាំ​សហជីព ចំពោះ​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​សិទ្ធិ​របស់​ពួកគេ គឺ​ផ្ទុយ​នឹង​គោលការណ៍​សេរីភាព​នៃ​សមាគម​។ [​ខ្ញុំ​] ​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការចាប់​ខ្លួន​កម្មករ និង​សកម្មជន​សហជីព នាពេល​ថ្មីៗ​នេះ បន្ទាប់ពី​កូដកម្ម​ដោយ​សន្តិវិធី ដោយ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ (LRSU)»​។

គិត​មកដល់​ពេលនេះ គឺមាន​ថ្នាក់ដឹកនាំ និង​សកម្មជន​របស់​សហជីព​ក្នុង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចំនួន​ ៩ ​នាក់​ហើយ ដែល​ត្រូវបាន​តុលាការ​ធ្វើការ​ចោទប្រកាន់​។ ក្នុងនោះ​ ៨ ​នាក់​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​ពីបទ «​ញុះញង់​បង្កឱ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» បន្ទាប់ពី​កម្មករ​ក្រុមហ៊ុន​ណាហ្កាវើលដ៍​ជាង​ ១ ០០០ ​នាក់​បានធ្វើ​ការតវ៉ា​ជា​បន្តបន្ទាប់ ដើម្បី​ឱ្យ​ទទួលយក​អតីត​កម្មករ​ចំនួន ​៣៦៥ ​នាក់​ចូលធ្វើការ​វិញ​។

លោក​ ផៃ ស៊ីផាន អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១១ ខែមករា ថា ចំពោះ​រឿង​វិវាទ​ការងារ​នៅក្នុង​ក្រុមហ៊ុន​នេះ គឺជា​ភារកិច្ច​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែលជា​អ្នកមាន​ភារកិច្ច​ក្នុងការ​សម្របសម្រួល ដោយយោង​ទៅតាម​ច្បាប់​។ ការទទួលយក​កម្មករ​ឱ្យចូល​ធ្វើការ​វិញ​ ឬ​មិន​ទទួលយក​នោះ គឺ​រដ្ឋាភិបាល​មិនអាច​បង្ខំ​ភាគី​ណាមួយ​ឡើយ ដោយ​អាច​គ្រាន់តែ​ចូលរួម​លើក​ទឹកចិត្ត​ឱ្យមាន​ការដោះស្រាយ​ដោយ​សន្តិវិធី​។ វិធានការ​របស់​តុលាការ​ទៅលើ​មេដឹកនាំ​សហជីព គឺជា​សិទ្ធិអំណាច​របស់​តុលាការ ដែល​ផ្អែកទៅលើ​អង្គហេតុ និង​អង្គច្បាប់​នៃ​បទល្មើស​។

លោក​បញ្ជាក់ថា​៖ «​ការចាប់​ខ្លួន​ថ្នាក់ដឹកនាំ​នេះ គឺជា​ការងារ​របស់​តុលាការ​។ វា​មិន​ស្ថិតក្នុង​បរិបទ​វិវាទ​ការងារ​នោះទេ វា​ស្ថិតក្នុង​បរិបទ​ច្បាប់​នោះឯង​។ អាស្រ័យ​ហេតុដូច្នេះ ILO គួរតែ​ពិចារណា​បន្តិច​ពី​រឿង​ច្បាប់ ហើយ​ទុកឱ្យ​តុលាការ​ជា​អ្នក​មាន​ចំណាត់ការ និង​ស្វែងរក​អង្គហេតុ ភ័ស្តុតាង ហើយ​និង​អង្គច្បាប់​»​។

កាលពី​ថ្ងៃទី ​៦ មករា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បន្ត​ទទូច​ឱ្យ​អតីត​កម្មករ​ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​នាពេល​កន្លងទៅ​ឱ្យ​ទៅ​ចូលរួម​ប្រជុំ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឡើងវិញ​នូវ​ការទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យាការងារ​ក្នុង​គោល​បំណង​ឈានទៅរក​ការបញ្ចប់​វិវាទ​ការងារ​។ ប៉ុន្តែ​គិត​ត្រឹម​ថ្ងៃទី​ ១១ មករា ឆ្នាំ​ ២០២២ មាន​កម្មករ​មួយចំនួន​តូច​ប៉ុណ្ណោះ ដែល​យល់ព្រម​ទទួល​លក្ខខណ្ឌ​នេះ ខណៈ​កម្មករ​ដទៃទៀត​នៅតែ​បន្ត​ការតវ៉ា​ទាមទារ​ចូលធ្វើការ​វិញ​ក្នុង​នោះ​ទាមទារ​ឱ្យមាន​ការដោះលែង​ថ្នាក់ដឹកនាំ​របស់​ពួកគេ​។ ការតវ៉ា​របស់​កម្មករ​បាន​ចាប់ផ្តើម​តាំងពី​ពាក់កណ្តាល​ខែធ្នូ​ឆ្នាំ ​២០២១​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឱ្យដឹងថា គិតត្រឹម​ថ្ងៃទី​ ១១ មករា គឺមាន​អតីត​បុគ្គលិក​ចំនួន ​៨ ​នាក់​បាន​ទៅ​ទទួលយក​សំណង​ពី​ក្រុមហ៊ុន ក្រោយពី​ក្រុមហ៊ុន​បាន​កែសម្រួល ការគណនា ការទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​តាម​មន្ត្រី​អធិការកិច្ច​ការងារ​។

លោក​បញ្ជាក់ថា​៖ «​តាមច្បាប់​និង​នីតិវិធី​រាល់​សំណើ​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​អត្ថប្រយោជន៍​របស់​បងប្អូន កម្មករ និយោជិត គឺ​ក្រសួង​នៅតែ​បន្ត​រង់ចាំ​ពន្យល់​អំពី​មូលដ្ឋាន​គណនា និង​សម្របសម្រួល​កិច្ចប្រជុំ​រវាង​ភាគី​ទាំង​ ២ បើទោះបីជា​ហួស​ពី​នីតិវិធី​ក្រសួង ក៏ដោយ​។ ដោយឡែក​អ្វីដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​សិទ្ធិ គឺ​តាមច្បាប់ ភាគី​ទាំង​ ២ គួរ​ទៅ​បញ្ចប់​នៅ​ស្ថាប័ន​តុលាការ​»៕

វីដេអូ៖