ភ្នំពេញៈ ​គណបក្សនយោបាយ​មួយចំនួន​កំពុង​ត្រៀម​រៀបចំ​ធ្វើ​សមាជ​ ដើម្បី​រៀបចំ​ក្បាលម៉ាស៊ីន​ថា្នក់​ដឹកនាំ​អនុម័ត​គោលនយោបាយ និង​បោះឆ្នោត​សុំ​ការគាំទ្រ​​ពី​សមាជិក​របស់ខ្លួន​ ដើម្បី​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ ​នៅ​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំនេះ​។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១១ ខែមករា ឆ្នាំនេះ​ថា ថ្នាក់ដឹកនាំ​របស់​គណបក្ស​បានកំណត់​រួច​​ហើយ​ថា នឹង​រៀបចំ​ធ្វើ​សមាជ​ ដើម្បី​ថ្វាយ​ព្រះអង្គម្ចាស់​នរោត្តម ចក្រាវុធ ធ្វើជា​ប្រធាន​ដឹកនាំ​និង​សុំ​ការគាំទ្រ​ពី​សមាជិក​សមាជិកា ដើម្បី​ត្រៀម​សម្រាប់​កា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ នៅ​ឆ្នាំនេះ មិនឱ្យ​លើស​ ៦០​ ថ្ងៃ​នៃ​ការយាង​ចូល​​ទិវង្គត​របស់​សម្តេច​ក្រុមព្រះ​នរោត្ត រណឫទ្ធិ ឡើយ​។

លោក​បន្តថា តាម​ការកំណត់​​គឺ​ធ្វើ​សមាជ​នៅ​ពាក់កណ្តាល​ខែមករា​នេះ ប៉ុន្តែ​ទោះជា​យ៉ាងណា គណបក្ស​ហ៊្វុនស៊ិនប៉ិច នឹង​ប្រកាស​ពី​ពេលវេលា​ជាក់លាក់​ឱ្យបាន​មុន​ថ្ងៃទី​ ១៧ ខែ​​មករា ឆ្នាំ ២០២២​។

លោក​ថ្លែងថា​៖ «​ចំពោះ​អ្នកចូលរួម​គណបក្ស​យើង​ត្រៀម​ប្រមាណ​តែ​ជាង​ ១០០​ នាក់​ទេ ព្រោះ​យើង​ដឹង​ហើយ​ថា ឥឡូវ​​នេះ បញ្ហា​ជំងឺ​កូវីដ ​១៩ មិន​ទាន់​ស្រាកស្រាន្ត​នៅឡើយ​ទេ​និង​មាន​អូមីក្រុង​ទៀត​។​ ចំពោះ​ទីតាំង​នៃ​ការ​ប្រារព្ធ​ធ្វើ​គឺ​យើង​នឹង​រៀបចំ​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ​»​។

ដោយឡែក លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិក គណបក្ស​កែទម្រង់​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​១១ ខែមករា​ឆ្នាំ​ ២០២២ ​ដែរ​ថា ថ្នាក់ដឹកនាំ​របស់​គណបក្ស​បានសម្រេច​រួចហើយ​ថា​នឹង​ប្រារព្ធ​ធ្វើ​សមាជ​នៅ​ថ្ងៃទី​ ២០ ខែកុម្ភៈ ឆ្នាំ ២០២២ ប៉ុន្តែ​មកទល់ពេលនេះ​រក​ជួល​ទីតាំង​​នៅ​ខេត្តសៀមរាប​មិនទាន់​បានទេ ព្រោះ​សណ្ឋាគារ​មួយចំនួន​ដែល​អាចដាក់​មនុស្ស​បាន​ច្រើន​បាន​បដិសេធ ដោយសារ​បារម្ភ​​ពី​ការឆ្លង​នូវ​ជំងឺ​កូវីដ ​១៩​។

លោក​បន្តថា សម្រាប់​សណ្ឋាគារ​ដែល​អាច​ទទួល​គឺអាច​ដាក់​មនុស្ស​បានត្រឹមតែ​ ៥០​ នាក់​ប៉ុណ្ណោះ ខណៈ​គណបក្ស​ត្រៀម​អ្នកចូលរួម​ពី​ ៣០០​ ទៅ​ ៤០០ ​នាក់​។ ​ទោះជា​យ៉ាងណា គណបក្ស​នឹង​ស្វែងរក​ទីតាំង​​នៅ​ខេត្ត​ផ្សេងទៀត​ សម្រាប់​ត្រៀម​រៀបចំ​សមាជ​នេះ ខណៈ​នៅ​ទីក្រុង​មាន​ភាព​ចង្អៀត​ពិបាក​រក​ទីតាំង​ជូន​អ្នកគាំទ្រ​សម្រាក​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​​អត់​ធ្វើ​នៅ​ភ្នំពេញ​ទេ ទី​ ១ វា​ចង្អៀត ហើយ​អ្នក​ឡើងមក​តាម​ខេត្ត​គ្នា​ពិបាក​រក​កន្លែង​ស្នាក់នៅ​។ អ៊ីចឹង យើង​គិតថា តាម​ខេត្ត​វា​ស្រួល​ជាង ហើយ​ធ្វើ​នេះ​យើង​គិតថា មនុស្ស​មិន​ច្រើនពេក​ទេ​ប្រហែល ពី​ ៣០០ ទៅ​ ៤០០ ​នាក់​ប៉ុណ្ណឹង​»​។

បើតាម លោក អ៊ូ ច័ន្ទរ័ត្ន ការធ្វើ​សមាជ​នេះ​មាន​គោលបំណង​អនុម័ត​លក្ខន្តិកៈ​ដែលជា​ធម្មនុញ្ញ​របស់​គណបក្ស ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ ដែលមាន​ប្រធាន អនុប្រធាន គណៈកម្មការ​នាយក គណៈកម្មការ​អចិន្រៃ្តយ៍ និង​គណៈកម្មការ​​ផ្សេងៗ​របស់​គណបក្ស ជាពិសេស​សមាជ​នេះ​ក៏​នឹង​សម្រេច​លើ​គោលនយោបាយ​សំខាន់ៗ​សម្រាប់​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ឆ្នាំ​ ២០២២ និង​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅក្នុង​ឆ្នាំ​ ២០២៣​។

រីឯ​លោក ជីវ កក្តា ប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​វិញ​​បានឱ្យដឹង​ពីថ្ងៃ​ទី​ ១០ មករា ថា គណៈកម្មាធិការ​អចិ​ន្រៃ្ត​យ៍គណ​បក្ស​នឹង​រៀបចំ​សមាជ​ដំបូង​នៅ​ចុងខែ​មករា​ឆ្នាំនេះ​។

លោក​ថា អង្គសមាជ​លើក​ដំបូង​នេះ​គឺ​ដើម្បី​បោះឆ្នោត​គាំទ្រ​សមាសភាព​ប្រធាន អនុប្រធាន​ប្រចាំការ អនុប្រធាន​គណបក្ស បេក្ខជន​គណៈកម្មាធិការ​នាយក​គណបក្ស សមាសភាព​គណៈកម្មាធិការ​អចិន្រៃ្តយ៍​គណបក្ស អនុម័ត​លក្ខន្តិកៈ​គណបក្ស ព្រមទាំង​ការកំណត់​ទិសដៅ​ និង​គោលនយោបាយ​គណបក្ស​ ដើម្បី​ត្រៀម​ចូលរួម​​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​​ឃុំ​/​សង្កាត់ នៅ​ឆ្នាំនេះ និង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំក្រោយ​។

លោក យង់ ពៅ គ្រូបង្រៀន​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​រាជ្យបណ្ឌិត្យ​សភា​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១១ ខែមករា ឆ្នាំនេះ​ថា ការរៀបចំ​ធ្វើ​សមាជ​របស់​គណបក្ស​​នយោបាយ​នានា​គឺ​ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​ ៥ ​ឆ្នាំនេះ​។

លោក​បន្តថា ជាមួយនឹង​ការរៀបចំ​ធ្វើ​សមាជ​នេះ គណបក្ស​​ទាំងអស់ គួរតែរៀបចំ​គោលនយោបាយ​ឱ្យ​ត្រូវ​ទៅនឹង​ភូមិសាស្ត្រ និង​បច្ចុប្បន្នភាព​របស់​ប្រទេស​កម្ពុជា ជាពិសេស​តាម​បរិបទ​ភូមិសាស្ត្រ​ខេត្ត បើ​មិន​​ទាន់​ឈានដល់​ថ្នាក់ឃុំ​នៅ​មូលដ្ឋាន ដើម្បី​ប្រកួតប្រជែង​គ្នា​។

គណបក្ស​មិនអាច​ប្រកួត​គ្នា​​ដោយ​គ្មាន​គោលនយោបាយ​ច្បាស់លាស់​ទេ ព្រោះ​ពេលនេះ​ប្រជាជនមាន​ការវិនិច្ឆ័យ​ខ្ពស់​។

លោក​ថា​៖ «​យើង​មិនអាច​ចេះតែ​សូត្រ​គោលនយោបាយ​ជា​ដដែល​បានទេ ត្រូវតែមាន​គោលនយោបាយ​ច្បាស់លាស់​ដោយមាន​ការសិក្សា​ស្រាវជ្រាវ​ច្បាស់លាស់​តាមបែប Academy ទើប​យកទៅអនុវត្ត វា​មាន​តថភាព​ និង​អនុវត្តបាន​ត្រឹមត្រូវ​»​។

លោក​បន្តថា​៖ «​ប្រជាពលរដ្ឋ​ខ្មែរ​របស់​យើង​តែង​ឱ្យ​គុណតម្លៃ​របស់​ថ្នាក់ដឹកនាំ​។​ខ្ញុំ​សំណូម​ពរ​ឱ្យ​ប្រជាពលរដ្ឋ​គួរ​សម្លឹង​ទៅ​មើល​គុណតម្លៃ​គោលនយោបាយ​បក្ស​ផងដែរ បក្ស​ណា​មាន​គោលនយោបាយ​ល្អ​អាចដឹកនាំ​ល្អ រួម​ជាមួយនឹង​ថ្នាក់​ដឹកនាំ​ល្អ ជាពិសេស​ថ្នាក់ដឹកនាំ​នៅ​​មូលដ្ឋាន​។ ​យើង​មិន​អាចមាន​​ទម្លាប់​មើល​តែ​ជ្រុង​ម្ខាង​ទេ​»៕