
សមត្ថកិច្ចជំនាញរុះរើរបងលួសព័ទ្ធរំលោភយកព្រៃស្រល់ដោយខុសច្បាប់។ រូបថត រដ្ឋបាលខេត្តមណ្ឌលគិរី
មណ្ឌលគិរីៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសម្រេចបង្កើតក្រុមការងារដើម្បីស្រាវជ្រាវទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើគ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងក្នុងខេត្តមណ្ឌលគិរី ដែលកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនេះបានចាប់ផ្ដើមសហការកាលពីថ្ងៃម្សិលមិញ បានចុះបង្ក្រាបបទល្មើសដីព្រៃចម្ការឈើស្រល់របស់រដ្ឋដែលជនល្មើសបានហ៊ុមព័ទ្ធដោយខុសច្បាប់ ក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយក្រុមការងារបានរុះរើបង្គោលរបង (ឈើ និងថ្ម) និងបន្លាលួស ដែលជនល្មើសបានបោះហ៊ុមព័ទ្ធយកដី ដើម្បីយកទៅរក្សាទុក និងបន្តចាត់ការតាមនីតិវិធីច្បាប់។
យោងតាមលិខិតរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះថ្ងៃទី ១១ ខែមករា បានឱ្យដឹងថា ក្រុមការងារថ្មីនេះ មាន ៤ ក្រុម ទី ១ គឺក្រុមការងារដឹកនាំ ដែលមានលោក អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម ជាប្រធាន និងមានអនុប្រធាន ២ រូប។ ទី ២ គឺក្រុមការងារគាំទ្រលិខិតបទដ្ឋានច្បាប់ និងនីតិវិធី ដែលមានលោក សួន សុវណ្ណ អនុប្រធានរដ្ឋបាលព្រៃឈើជាប្រធានក្រុម និងមានអនុប្រធាន ២ រូប សមាជិកចំនួន ៧ នាក់។
ក្រុមនេះមានតួនាទី និងភារកិច្ចស្រាវជ្រាវ ឯកសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធព្រៃឈើសម្រាប់គាំទ្រដល់ក្រុមស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើគ្រប់ប្រភេទ។ ផ្តល់លិខិតបទដ្ឋានបច្ចេកទេស និងលិខិតបទដ្ឋានគតិយុត្ត និងណែនាំអំពីច្បាប់។
ចំណែកក្រុមទី ៣ គឺក្រុមការងារ ស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើគ្រប់ប្រភេទ ដែលមានលោក សៀ រ៉ា អនុប្រធានរដ្ឋបាលព្រៃឈើជាប្រធានក្រុម និងមានអនុប្រធាន ៣ រូប សមាជិក ៣៨ នាក់។ ក្រុមនេះមានតួនាទី ស្រាវជ្រាវរកទីតាំងប្រព្រឹត្តបទល្មើសព្រៃឈើគ្រប់ប្រភេទ។ ស្រាវជ្រាវរកចារីសហចារី និងអ្នកសមគំនិតក្នុងការប្រព្រឹត្តបទល្មើសព្រៃឈើគ្រប់ប្រភេទ។ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើគ្រប់ប្រភេទ ព្រមទាំងដកហូតវត្ថុតាងដែលចាប់យក និងចាត់ចែងបញ្ជូនវត្ថុតាងទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាពជាដើម។
រីឯ ក្រុមទី ៤ គឺក្រុមការងារប្រមូលផ្តុំព័ត៌មាន និងផែនទី ដែលមានលោក ឈាង ដានី អនុប្រធានរដ្ឋបាលព្រៃឈើជាប្រធាន និងមានអនុប្រធាន ២ រូប សមាជិកចំនួន ៧ នាក់។ ក្រុមនេះមានភារកិច្ច ចុះស្រាវជ្រាវ និងផ្ទៀងផ្ទាត់ព័ត៌មានបទល្មើសព្រៃឈើគ្រប់ប្រភេទ ដោយប្រើប្រាស់ GPS Drone និងផលិតផែនទី។ បូកសរុបរបាយការណ៍ប្រចាំថ្ងៃ និងរៀបចំរបាយការណ៍លទ្ធផលនៃការអនុវត្តជូនក្រុមការងារដឹកនាំ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុកថ្លែងនៅថ្ងៃទី ១១ ខែមករាថា ការបង្កើតឱ្យមានក្រុមការងារថ្មីដើម្បីស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរីនេះអាចបណ្តាលមកពីក្រុមការងារមុនៗដែលបានចុះទៅអនុវត្តការងារមិនសូវមានប្រសិទ្ធភាព។ លោកសង្ឃឹមថា តាមរយៈការបង្កើតក្រុមការងារថ្មីនេះអាចធ្វើឱ្យមានប្រសិទ្ធភាពជាងមុន។
លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានចេញសេចក្តីជូនដំណឹងរំឭកប្រាប់ទៅ អ្នកផ្តើមគំនិត អ្នកសមគំនិត អ្នកប្រព្រឹត្ត និងអ្នកញុះញង់ ដែលបាននិងកំពុងរុករានទន្ទ្រានកាន់កាប់ កាប់ឆ្ការ ឈូសឆាយ ដុត ហ៊ុមព័ទ្ធ សាងសង់សំណង់ សំណង់មិនរៀបរយ ស្នាក់នៅ ដាំដំណាំផ្សេងៗនៅក្នុងដីគម្របព្រៃឈើ តំបន់អភិរក្សធនធាន ធម្មជាតិ ដីព្រៃការពារ របៀងអភិរក្សជីវចម្រុះ ដែលជាដីឯកជន និងដីសាធារណៈរបស់រដ្ឋស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី ឱ្យបានជ្រាបថា សកម្មភាពទាំងអស់នោះ គឺជាបទល្មើស ដែលមានចែងនៅក្នុងក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌនៃច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីតំបន់ការពារធនធានធម្មជាតិ ច្បាប់ភូមិបាល និងច្បាប់សំណង់ ដែលមាននៅជាធរមាន។
លិខិតលោក ថង សាវុន ចុះថ្ងៃទី ១០ ខែមករា សរសេរថា៖ «ក្នុងន័យនេះ ដើម្បីចៀសវាងការប្រឈមនូវទោសទណ្ឌតាមផ្លូវច្បាប់ រដ្ឋបាលខេត្តមណ្ឌលគិរី សូមអំពាវនាវជាថ្មីម្តងទៀតដល់បុគ្គលដែលពាក់ព័ន្ធទាំងអស់ ត្រូវបញ្ឈប់រាល់សកម្មភាពទាំងឡាយដូចមានរៀបរាប់ខាងលើ ដោយត្រូវធ្វើការរុះរើសំណង់ និងការផ្សេងៗ ហើយចាកចេញពីទីតាំងដីរួចប្រគល់ជូនអាជ្ញាធរ និងជំនាញពាក់ព័ន្ធ ដើម្បីកាន់កាប់ និងគ្រប់គ្រងដីរបស់រដ្ឋវិញ»។
តាមរយៈលិខិតនោះ លោក ថង សាវុន បញ្ជាក់ថា បុគ្គលទាំងឡាយណាដែលបានធ្វើសកម្មភាពដូចបានរៀបរាប់មកនេះនឹងត្រូវផ្តន្ទាទោសតាមមាត្រាច្បាប់ ដែលមានមាត្រា ៩៧ និងមាត្រា ៩៨ នៃច្បាប់ស្តីពីព្រៃឈើ គឺជនណាដែលបានប្រព្រឹទ្ធបទល្មើស ដូចជា ក្លែងបន្លំលិខិតសាធារណៈ ដែលពាក់ព័ន្ធនឹងវិស័យព្រៃឈើ ឬសត្វព្រៃ បំផ្លាញ លាក់បាំង លក់ ឬលួចវត្ថុតាងព្រៃឈើ កម្ទេច ផ្លាស់ប្តូរ លុបបំបាត់ ឬធ្វើឱ្យខូចខាតដល់ព្រំសីមានៃតំបន់ការពារព្រៃឈើ កាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុមព័ទ្ធ កាន់កាប់ដីព្រៃ បំពុល កាប់បំផ្លាញ ផ្ដួលរំលំដើមឈើ ឬគាស់រំលើងប្រមូលគល់ឈើ បង្កឱ្យមានភ្លើងឆេះព្រៃដោយចេតនា ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី ១ ដែលត្រូវជាប់ពន្ធនាគារចាប់ពី ៥ ទៅ ១០ ឆ្នាំ និងត្រូវរឹបអូសវត្ថុតាងទាំងអស់យកមកធ្វើជាសម្បត្តិរដ្ឋ។ ករណីជនប្រព្រឹត្តល្មើសមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេដងនៃទោសដែលបានរៀបរាប់នេះ។ ចំណែកមាត្រា ៥៦ និងមាត្រា ៦២ នៃច្បាប់ស្តីពីតំបន់ការពារធនធានធម្មជាតិបានចែងថា ជនដែលបានប្រព្រឹត្តបទល្មើសណាមួយរួមមាន កាប់គាស់ រុករានដីព្រៃ កាប់ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ ឬការយកថ្ម ក្រួស ខ្សាច់ ឬការកាប់គាស់ឈូសឆាយ កាយយកដី ឬចាក់លុប ឬចាក់បំពេញដី ឬចាក់បំពេញដែនទឹក ដោយ គ្មានការអនុញ្ញាតត្រូវផ្តន្ទាទោសជាបទល្មើសធនធានធម្មជាតិថ្នាក់ទី ៤ ដោយត្រូវដាក់ពន្ធនាគារចាប់ពី ៥ ឆ្នាំ ដល់ ១០ ឆ្នាំ និង/ឬ ទោសពិន័យជាប្រាក់ចាប់ពី ១៥ លានរៀលទៅ ១៥០ លានរៀល។ ករណីបុគ្គលប្រព្រឹត្តបទល្មើសជានីតិបុគ្គលនោះទោសពិន័យជាប្រាក់ចាប់ពី ១៥០ លានរៀលទៅ ២៥០ លានរៀល។
ដោយឡែក មាត្រា ២៥៩ នៃច្បាប់ភូមិបាលចែងថា ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ពី ៥ ០០០ ០០០ រៀល ទៅ ៥០ ០០០ ០០០ រៀល និង/ឬផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ។
តាមរយៈលិខិតជូនដំណឹងនោះដែរ លោកអភិបាលខេត្តមណ្ឌលគិរីបានប្រាប់ទៅ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ទាំងអស់ត្រូវចុះពិនិត្យ និងមានវិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត។
លោក គ្រើង តុលា អ្នកប្រឹក្សាយោបល់ក្រុមបណ្តាញសហគមន៍ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី ថ្លែងនៅថ្ងៃទី ១១ ខែមករាថា ការអំពាវនាវរបស់អភិបាលខេត្តមណ្ឌលគិរីមិនអាចមានប្រសិទ្ធភាពឡើយ ព្រោះអ្នកដែលទទួលដីព្រៃ ដីឯកជនរបស់រដ្ឋ និងដីសាធារណៈរបស់រដ្ឋ គឺមិនមែនជាអ្នកតូចៗឡើយ។
លោក សៀក មុន្នី អភិបាលស្រុកអូររាំងថ្លែងនៅថ្ងៃទី ១១ ខែមករាថា លិខិតរបស់អភិបាលខេត្ត គឺជាបទបញ្ជាមួយ ហេតុនេះលោកនឹងអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ នេះគឺជាការអនុវត្តច្បាប់ដោយគ្មានការលើកលែងឡើយ ព្រោះការណែនាំ និងអំពាវនាវអាជ្ញាធរបានធ្វើជាច្រើនលើកច្រើនសាមកហើយ។ ចំពោះបុគ្គលមួយចំនួនដែលតែងធ្វើការចាប់កំហុសថា អាជ្ញាធរអសកម្មគឺជាសិទ្ធិរបស់គេ ប៉ុន្តែក្នុងនាមអាជ្ញាធរដែលបម្រើការជូនប្រជាពលរដ្ឋមិនដែលទុកការងារចោលឡើយ។ លោកថា៖ «បើគេថា គេចេះតែថាទៅ ធ្វើបើគេមិនដឹងថាយើងធ្វើ។ យើងធ្វើល្អមួយគំនរ គេមិនសូវយកចិត្តទុកដាក់ គេអង្គុយចាំចាប់កំហុសបន្តិចបន្តួច អ្វីដែលយើងធ្វើ ទាំងគេ ទាំងខ្ញុំ ពេលខ្លះគ្មានពីណាធ្វើល្អបាន ១០០ ភាគរយនោះទេ»៕