ប៉ៃលិនៈ ក្រុមការងារ​អន្តរក្រសួង​ដែល​បាន​បង្កើតឡើង​ ដើម្បី​ស៊ើបអង្កេត​ករណី​បណ្តេញ​មន្ត្រី​សុខាភិបាល​ខេត្ត​ប៉ៃលិន​ម្នាក់​ចេញពី​ក្របខ័ណ្ឌ​រដ្ឋ​នៅ​ថ្ងៃទី​ ១១ មករា បាន​ចុះ​ប្រមូល​ព័ត៌មាន​ពី​ភាគី​ពាក់ព័ន្ធ ដើម្បី​ធ្វើ​​របាយការណ៍​ដាក់ជូន​គណៈកម្មការ​ថ្នាក់ជាតិ និង​រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈ​ជា​អ្នកសម្រេច​។

ការចុះ​ប្រមូល​ព័ត៌មាន​នេះ​បានធ្វើ​ឡើង បន្ទាប់ពី​ក្រសួង​មុខងារសាធារណៈ​បាន​បង្កើត​ក្រុមការងារ​អន្តរក្រសួង ដែលមាន​សមាសភាព​មក​ពី​ក្រសួង​មុខងារសាធារណៈ ក្រសួង​មហាផ្ទៃ និង​ក្រសួងសុខាភិបាល ដើម្បី​ស៊ើបអង្កេត​ករណីនេះ ក្រោយ​ទទួលបាន​ពាក្យបណ្តឹង​មិន​សុខចិត្ត​ពី​សាមីខ្លួន​ទៅនឹង​ការសម្រេច​របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន​។

លោក សួន រស្មី អគ្គាធិការ និង​ជា​អនុប្រធាន​ប្រចាំការ​នៃ​ក្រុមការងារ​អន្តរក្រសួង ពិនិត្យ​ស្រាវជ្រាវ​ករណី​បណ្តឹងតវ៉ា​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១១ ​មករា​ថា ប្រធាន​ក្រុម​ការងារ​អន្តរក្រសួង ដែល​ដឹកនាំ​ដោយ​លោក ហង្ស ឆាំឆាន បាន​ដឹកនាំ​ក្រុមការងារ​ចុះទៅ​ប្រមូល​ព័ត៌មាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​នៅក្នុង​វិវាទ​នេះ​។ ការចុះ​ប្រមូល​ព័ត៌មាន និង​ចុះ​ស្រាវជ្រាវ​នេះ​កំពុង​បន្ត​ដោយ​ក្រុមការងារ​អន្តរក្រសួង​ត្រូវការ​ពេលវេលា និង​ព័ត៌មាន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បន្ថែមទៀត ដើម្បី​ធ្វើ​របាយការណ៍​ដាក់ជូន​គណៈកម្មការ​ថ្នាក់ជាតិ និង​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​ធ្វើការ​សម្រេច​តាម​ក្រោយ​។

យ៉ាងណាក្តី លោក សួន រស្មី បញ្ជាក់ថា​៖ «​ខ្ញុំ មិនអាច​ផ្តល់ព័ត៌មាន​អ្វី​កើត​ទេ ព្រោះ​ការងារ​នេះ ឯកឧត្តម​ប្រធាន​លោកអ្នក​សម្រេច​ទាក់ទង​នឹង​ព័ត៌មាន​ដែល​ប្រមូលបាន​ទាំងអស់នេះ ហើយ​យើង​នឹងមាន​ព័ត៌មាន​សម្រេច​នៅពេល​ក្រោយ​។

ខ្ញុំ​មិន​ហ៊ាន​ធានាថា នឹង​ត្រូវ​ចំណាយពេល​ប៉ុន្មាន​នោះទេ ដោយ​គ្រាន់តែ​បញ្ជាក់ថា គឺ​យើង​នឹង​ប្រមូល​ព័ត៌មាន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ធ្វើ​ម៉េច​ឱ្យ​ស្របតាម​ការអនុវត្ត​លិខិត​បទដ្ឋាន និង​ច្បាប់​ជា​ធរមាន​»​។

បើតាម​ សួន រស្មី នៅ​ថ្ងៃទី ១១ មករា ក្រុមការងារ​អន្តរក្រសួង​បាន​ជួប​ជាមួយ​ភាគី​មន្ទីរ​សុខាភិបាល​ខេត្ត មន្ត្រី​តំណាង​មកពី​សាលាខេត្ត​ប៉ៃលិន និង​លោក ខឹម មុនីកុសល ដោយ​ការជួបគ្នា​នេះ គឺធ្វើ​ឡើង​ម្តងម្នាក់ៗ​ស្របតាម​នីតិវិធី​ច្បាប់​។

កាលពី​ខែឧសភា លោក ខឹម មុនីកុសល ជា​គ្រូពេទ្យ ដែល​ត្រូវបាន​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​ក្រោម​ហេតុផល​បាន​ប្រព្រឹត្ត​កំហុស​ក្នុងពេល​បំពេញការងារ បានដាក់​ពាក្យបណ្តឹង​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ដើម្បី​ស្នើឱ្យ​ស្ថាប័ន​មួយ​នេះ​ជួយ​រក​យុត្តិធម៌ និង​អន្តរាគមន៍​ឱ្យ​លោក​បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​សុខាភិបាល​ឡើងវិញ​។

លោក ខឹម មុនីកុសល ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ទាប់ពី​បាន​ផ្តល់ព័ត៌មាន​ជូន​ក្រុមការងារ​អន្តរក្រសួង​នៅ​ថ្ងៃទី​ ១១ មករា ដោយ​មិនទាន់​អាច​សន្និដ្ឋានបានថា ក្រុមការងារ​អន្តរក្រសួង​នេះ​នឹង​អាច​ផ្តល់​យុត្តិធម៌​ដល់​លោក​កម្រិតណា​នោះទេ​។

ប៉ុន្តែ​លោក នៅតែ​ជឿជាក់ថា ក្រុមការងារ​អន្តរក្រសួង​នេះ​នឹង​ផ្តល់​ដំណោះស្រាយ​មួយ​ដែល​អាច​ទទួលយកបាន ខណៈដែល​ការបណ្តេញ​លោក​ចេញពី​ក្របខ័ណ្ឌ​ការងារ គឺធ្វើឡើង​មិន​ត្រឹមត្រូវ ហើយ​លោក​មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​អង្វរ​ដល់​ក្រុមការងារ​អន្តរក្រសួង ដែល​មាន​ភារកិច្ច​ដូច​មានចែង​ក្នុង​សេចក្តី​សម្រេច ចុះ​ថ្ងៃទី ២៣ ធ្នូ ២០២១ ដោះស្រាយ​ដោយ​ផ្អែកលើ​អង្គហេតុ លិខិតបទដ្ឋាន ច្បាប់​ជា​ធរមាន និង​ប្រកបដោយ​វិជ្ជាជីវៈ ដោយ​មិន​ស្ថិតក្រោម​អំណាច​បុគ្គល​។ ការដោះស្រាយ​ប្រកបដោយ​យុត្តិធម៌ វា​ជាការ​រួមចំណែក​ក្នុង​ការអនុវត្ត​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល និង​បញ្ជាក់ថា ស្ថាប័នរដ្ឋ​មិន​ស្ថិតនៅក្រោម​អំណាច​បុគ្គល​»​។

លោក អ៊ុន ប៊ុនលី នាយក​រដ្ឋបាលខេត្ត​ប៉ៃលិន​បាន​លើកឡើង​ថា រដ្ឋបាលខេត្ត​ប៉ៃលិន​បាន​ចូលរួម​ផ្តល់ព័ត៌មាន​ទៅកាន់​ក្រុមការងារ​អន្តរក្រសួង​នេះ​រួចហើយ​។ ជាមួយនឹង​នីតិវិធី​យ៉ាងណា​ទៀត​នោះ គឺជា​ការសម្រេច​របស់​ថ្នាក់លើ ខណៈ​លោក​នៅតែ​អះអាងថា ការសម្រេច​របស់​រដ្ឋបាល​ខេត្ត គឺធ្វើឡើង​ត្រឹមត្រូវ និង​ស្របតាម​នីតិវិធី​ច្បាប់​។ លោក​បញ្ជាក់ថា​៖ «​យើង​ឃើញថា អន្តរក្រសួង លោក​ធ្វើតាម​នីតិវិធី​ច្បាប់​ហើយ ដើម្បី​ទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ពី​ភាគី​ពាក់ព័ន្ធ ហើយ​បើ​មានការ​សម្រេច​យ៉ាងណា​ពី​ពួកគាត់ យើង​នឹង​គោរព​តាម​»​។

កាលពី​ថ្ងៃទី​ ១៩ មីនា លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន​បាន​ចេញ​លិខិត​បណ្ដេញ​លោក ខឹម មុនីកុសល ចេញពី​ក្របខ័ណ្ឌ​រដ្ឋ​ដោយ​សំអាងថា លោក​បាន​ប្រព្រឹត្ត​កំហុស និង​ការ​ឆ្គាំឆ្គង​ក្នុង​វិជ្ជាជីវៈ​។ ការបណ្តេញ​នេះ ព្រោះតែ​លោក​បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​រិះគន់​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ចុះ​ប្រចាំការ​នៅ​មណ្ឌល​ចត្តាឡីស័ក​នៅ​មន្ទីរ​បក្ស​ខេត្ត​ប៉ៃលិន​ថា មិន​ជួយ​ធ្វើ​ការងារ​គ្រូពេទ្យ​ខ្លះ​នោះទេ ហើយ​គិតតែ​ពី​នាំគ្នា​អង្គុយលេង​តែ Facebook ក្នុង​តង់ ហើយ​ថតរូប​បង្ហោះ​បង្អួត​គេឯង​៕