ភ្នំពេញៈ គិត​ត្រឹម​ថ្ងៃទី​ ៩ ខែមករា ឆ្នាំ​ ២០២២ ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ​(​កបឃ.ស) ​ទូទាំង​ប្រទេស​បានទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​សរុប​ចំនួន​ ១៥​ បណ្តឹង​ក្នុងដំណាក់កាល​នៃ​ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង ​និង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ដែល​នឹងត្រូវ​លុបចេញ​​ពី​បញ្ជី​បោះឆ្នោត​ សម្រាប់​ឆ្នាំ​ ២០២១ បន្ទាប់ពី​បិទ​ផ្សាយ​កាលពីថ្ងៃ​ទី​ ៣ ខែមករា ឆ្នាំនេះ​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(​គជប​) ​កាលពី​ថ្ងៃទី​ ១០ ខែមករា ឆ្នាំ​ ២០២២ បានឱ្យដឹងថា ក្នុងដំណាក់កាល​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​ និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត​ឆ្នាំ​ ២០២១ ក្រុមប្រឹក្សាឃុំ​សង្កាត់​ (​កបឃ.ស​) ​ទូទាំង​ប្រទេស​​បានទទួល​ពាក្យបណ្តឹង​សរុប​ចំនួន​ ១៥​ បណ្តឹង ដែល​សុទ្ធសឹងតែ​ជា​ពាក្យ​បណ្តឹងតវ៉ា​។ ដោយឡែក​នៅ​ថ្នាក់ គ.ជ.ប និង​នៅ​ថ្នាក់​ក្រុមប្រឹក្សាធម្មនុញ្ញ​ពុំទាន់​ទទួលបាន​ពាក្យបណ្តឹង​ណាមួយ​ឡើយ​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បន្តថា ការដាក់ ការទទួល និង​ការដោះស្រាយ​ពាក្យបណ្តឹង ក្នុងដំណាក់កាល​នៃ​ការបិទផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដែល​នឹងត្រូវ​លុបចេញ​ពី​បញ្ជី​បោះឆ្នោត​ឆ្នាំ​ ២០២១ មាន​ ៣ ​ដំណាក់កាល​រួមមាន​៖១- ​ការដាក់​ការទទួល​ពាក្យបណ្តឹង​នៅ ​(​កបឃ.ស​) ​មាន​រយៈពេល​ ១០ ​ថ្ងៃ​យ៉ាងយូរ បន្ទាប់​ពីថ្ងៃ​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​ និង​ការដោះស្រាយ​ពាក្យបណ្ដឹង​មាន​រយៈពេល​ ៣ ​ថ្ងៃ​យ៉ាងយូរ បន្ទាប់​ពីថ្ងៃ​បានទទួល​ពាក្យបណ្តឹង​។

ទី​ ២-​ ការដាក់​ការទទួល​ពាក្យ​បណ្ដឹង​នៅ គ.ជ.ប មាន​រយៈពេល​ ៥ ​ថ្ងៃ​យ៉ាងយូរ បន្ទាប់​ពីថ្ងៃ​បានទទួល​សម្រង់​សេចក្តីសម្រេច (​ទ.១២០៣) ​របស់ (​កបឃ.ស​)​ និង​ការដោះស្រាយ​ពាក្យបណ្តឹង​រយៈពេល​ ៥​ ថ្ងៃ​យ៉ាងយូរ បន្ទាប់​ពីថ្ងៃ​បានទទួល​ពាក្យបណ្តឹង និង​ទី​ ៣-​ ការដាក់ ការ​ទទួល​ពាក្យបណ្តឹង​នៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មាន​រយៈពេល​ ៥ ​ថ្ងៃ​យ៉ាងយូរ បន្ទាប់​ពីថ្ងៃ​បានទទួល​សម្រង់​សេចក្ដីសម្រេច​ (​ទ.១២០៣) ​របស់ គ.ជ.ប​ និង​ការដោះស្រាយ​ពាក្យបណ្ដឹង​រយៈពេល​ ១០ ​ថ្ងៃ​យ៉ាងយូរ បន្ទាប់​ពីថ្ងៃ​បានទទួល​ពាក្យបណ្ដឹង​។

លោក សោម សូរីដា អ្នក​នាំពាក្យ គ.ជ.ប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១១ មករា ឆ្នាំ​ ២០២២ ​ថា ក្នុងដំណាក់កាល​បិទផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​នេះ​មាន​ច្រក​ចំនួន​ ២​ដើម្បី​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ភាពងាយស្រួល​​ក្នុងការ​ពិនិត្យមើល​ឈ្មោះ​របស់ខ្លួន​គឺ​ទី​ ១-​ បិទ​ផ្សាយ​នៅ​ទី​តាម​ឃុំ​សង្កាត់​ និង​ទីប្រជុំ​ណាមួយ​នៅក្នុង​ឃុំ​សង្កាត់ និង​ទី​ ២​ បង្ហោះ​លើ​គេហទំព័រ​របស់ គ.ជ.ប​។

លោក​បាន​បន្តថា ចំពោះ​ការទទួល​បាន​ពាក្យបណ្ដឹង​ចំនួន​ ១៥​ ពី​ប្រជាពលរដ្ឋ​នេះ​ដោយសារ​តែ គ.ជ.ប ​បាន​ចុះឈ្មោះ​បោះឆ្នោត​មិនមាន​ជំទាស់ និង​កំហុស​តិចតួច ជាពិសេស​ គ.ជ.ប មាន​បទពិសោធ​ធ្វើ​កិច្ចការ​នេះ​បានល្អ​ប្រសើរ​។

លោក​ថ្លែងថា​៖ «​បណ្តឹង​ទាំង​ ១៥ ​ករណីនេះ​ទាក់ទង​នឹង​ការតវ៉ា​ហើយ​ការតវ៉ា​នេះ​គឺ​ប្រជាពលរដ្ឋ​រក​មិនឃើញ​ឈ្មោះ​របស់គាត់​នៅក្នុង​បញ្ជី​បោះឆ្នោត​។ ​យ៉ាងណាក៏ដោយ ១៥ ​ករណី​​នេះ​មាន​ ២ ​ករណី​ដក​ពាក្យបណ្តឹង​វិញ ដូច្នេះ​មានតែ​ ១៣ ​ករណី​ទេ ដែល​ពលរដ្ឋ​ប្តឹងតវ៉ា​រក្សា​ឈ្មោះ​របស់គាត់​»​។

បើតាម​លោក សោម សូរីដា ក្រុមប្រឹក្សាឃុំ​សង្កាត់​ (​កបឃ.ស​) ​បាន​ទទួលយក​បណ្តឹង​ទាំងនេះ​ដោយ​សម្រេច​រក្សា​ឈ្មោះ​របស់​ពួកគាត់​នៅក្នុង​បញ្ជី​បោះឆ្នោត​ឡើងវិញ​ទាំងអស់​។

លោក សំ សុគន្ធាមី នាយក​ប្រតិបត្តិ​អង្គការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការបោះឆ្នោត​នៅ​កម្ពុជា​ (NICFEC)​ ថ្លែង​នៅ​ថ្ងៃទី​ ១១ ខែមករា ថា ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត​ឆ្នាំ ​២០២១ ​របស់ គ.ជ.ប ​នៅ​អំឡុង​ពេលនេះ​គឺ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​តវ៉ា ប៉ុន្តែ​តាម​ការសង្កេត​ជាក់ស្តែង ប្រជាពលរដ្ឋ​មិនសូវ​ចាប់អារម្មណ៍​ក្នុង​ការ​ទៅពិនិត្យ​នោះទេ​។

លោក​យល់ថា ដោយ​មូលហេតុ​នេះហើយ​បានធ្វើឱ្យ​ គ.ជ.ប ​ទទួលបាន​ពាក្យ​បណ្តឹងតវ៉ា​ពី​ប្រជាពលរដ្ឋ​មាន​ចំនួន​តិច​។

ប្រជាពលរដ្ឋ​មួយចំនួនធំ​ប្រាប់​លោក​ថា មិនបាច់​ទៅពិនិត្យ​បញ្ជី​ឈ្មោះ​របស់ខ្លួន ក៏​អាច​ដឹង​ពី​គណបក្ស​ណា​ជាប់ឆ្នោត​បាត់ទៅហើយ​។

លោក​ថ្លែងថា​៖ «​គេ​អត់​សូវ​ទៅ​មើល​។ ​មូលហេតុ​គឺ​ប្រជាពលរដ្ឋ​គាត់​អត់​សូវ​យកចិត្ត​ទុកដាក់​។ ​ខ្ញុំ​ជួប​សម្ភាស​គាត់​ហើយ​នៅតាម​បណ្តា​ខេត្ត​ដែល​ខ្ញុំ​ចុះទៅ ខ្ញុំ​សួរ​គាត់​ថា មាន​ទៅ​មើល​ឈ្មោះ​គេ​បិទ​បញ្ជី​ដំបូង​ទេ គាត់​ឆ្លើយថា មិនបាច់​ទៅ​មើល​ទេ គេ​បោះឆ្នោត គឺ​ដឹង​អ្នកឈ្នះ អ្នក​ចាញ់ហើយ​ហ្នឹង​»​។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(​គជប​) ​កាលពី​ថ្ងៃទី​ ៣ ខែមករា ឆ្នាំ​ ២០២២ ​បាន​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​ និង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ដែល​នឹងត្រូវ​លុបចេញ​​ពី​បញ្ជី​បោះឆ្នោត​សម្រាប់​ឆ្នាំ​ ២០២១ រហូតដល់​ថ្ងៃទី​ ១៤ ​ខែមករា ឆ្នាំ​ ២០២២ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ទៅពិនិត្យ​មើល​​ឱ្យ​ប្រាកដថា ពួកគាត់​មានឈ្មោះ​ និង​ទិន្នន័យ​នៅក្នុង​បញ្ជី​បោះឆ្នោត​ត្រឹមត្រូវ ​និង​អាច​ប្តឹងតវ៉ា​បាន បន្ទាប់ពី​ពិនិត្យមើល​ឃើញ​មាន​ភាពមិនប្រក្រតី​ណាមួយ​កើតឡើង​៕