កោះកុងៈ លោក សាយ ដែលត្រូវបានគេស្គាល់ថាជាអ្នកធ្វើការងារផ្នែកសង្គម និងបរិស្ថាន សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង បានរៀបចំយុទ្ធនាការដាំកូនកោងកាង ១ ០០០ ដើមនៅខេត្តនេះ ដើម្បីបំផុសស្មារតីថែរក្សាព្រៃកោងកាង និងទាក់ទាញភ្ញៀវទេសចរ។
កម្មវិធីដាំកូនកោងកាងនេះ ជាគំនិតផ្តួចផ្តើមរបស់ សាយ ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង ក្រុមហ៊ុន ISUZU និងមានការចូលរួមពីយុវជន និងតារាចម្រៀងលោក ព្រាប សុវត្ថិ នាំគ្នាយកកូនដើមកោងកាង ១ ០០០ ដើមដាំនៅសហគមន៍ទេសចរណ៍ពាមក្រសោប ស្ថិតនៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា កាលពីថ្ងៃទី ១០ ខែមករា។ កម្មវិធីនេះមានឈ្មោះថា Lets'Do IT WITH SAI ក្រោមប្រធានបទ «តោះដាំកូនឈើកោងកាង ១ ០០០ ដើមជាមួយសាយ»។
លោក សាយ ដែលជាអ្នកផ្តួចផ្តើមកម្មវិធីនេះបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា គោលបំណងនៃកម្មវិធីនេះ ដើម្បីផ្សព្វផ្សាយនូវតំបន់អេកូទេសចរណ៍សហគមន៍នៅសហគមន៍ពាមក្រសោប និងជាផ្នែកមួយជួយដល់បរិស្ថាន។
លោកថា៖ «ការដាំដើមឈើនេះដើម្បីបរិស្ថាន ក៏ដូចជាការជួយដល់ជីវចម្រុះនៅតំបន់ព្រៃកោងកាង ខេត្តកោះកុង ព្រោះខេត្តនេះមានព្រៃកោងកាងធំជាងគេនៅកម្ពុជា ហើយវាសម្បូរទៅដោយជីវចម្រុះ»។
លោកបន្តថា នេះជាគម្រោងទី ១ ដែលលោកបានធ្វើពាក់ព័ន្ធការដាំកូនកោងកាងនេះ ខណៈលោកក៏នឹងមានគម្រោងបន្តទៀត ដោយនឹងដាំនៅខេត្តកំពត និងខេត្តកែបផងដែរ។
អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង លោកស្រី ឈី វ៉ា បានថ្លែងថា នេះជាគំនិតមួយដ៏ល្អ ដែលរួមចំណែក ផ្សព្វផ្សាយពីវប្បធម៌ការពារ និងបង្កើនការដាំព្រៃកោងកាង។ លោកស្រីថា៖ «ដូចយើងដឹងស្រាប់ហើយថា ព្រៃកោងកាងធំជាងគេនៅកម្ពុជា គឺខេត្តកោះកុង ហើយលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង លោកជំទាវយកចិត្តទុកដាក់ណាស់ ចំពោះការដាំដុះ និងការថែរក្សាព្រៃកោងកាងនេះហើយតែងតែមានសកម្មភាពដាំដើមកូនកោងកាងជាបន្តបន្ទាប់កន្លងមក»។
លោកស្រីបានគូសបញ្ជាក់ថា ព្រៃកោងកាងគឺជាជម្រកសម្រាប់ជីវចម្រុះរបស់សត្វសមុទ្រ ដូចជា ត្រី ក្ដាម បង្គា លៀស ងាវ មឹក ដែលជាប្រព័ន្ធអេកូឡូស៊ី ដ៏សំខាន់មួយ ជាពិសេសជួយដល់ផ្នែកបរិស្ថានផងដែរ។
បន្ថែមពីនេះ ព្រៃកោងកាងជួយដល់ការការពារមិនឱ្យមានការបាក់ស្រុតឆ្នេរពីរលកបក់បោក ជួយធ្វើឱ្យទឹកសមុទ្រមានសភាពថ្លាល្អ ជួយបន្សុទ្ធ ខ្យល់អាកាសឱ្យមានគុណភាពល្អ និងមានផាសុកភាពបរិស្ថាន។
លោកស្រីបន្តថា មួយវិញទៀត ព្រៃកោងកាងក៏ជាចំណែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាខេត្តកោះកុង ខណៈលោកស្រីអំពាវនាវដល់ពលរដ្ឋឱ្យចូលរួមថែរក្សាព្រៃកោងកាងទាំងអស់គ្នា។ លោកស្រីបញ្ជាក់ថា៖ «ខ្ញុំសូមអំពាវនាវដល់ភ្ញៀវទេចរដែលមកកម្សាន្តសូមជួយថែរក្សាផង ព្រោះព្រៃកោងកាងនេះ បើយើងចោលសម្បកដប ឬប្លាស្ទិកទៅក្នុងទឹកធ្វើឱ្យទឹកខូច ដើមកោងកាងក៏ងាប់ដែរហើយចំពោះសម្ភារអាហារដែលគាត់វេចខ្ចប់ទៅបរិភោគ សូមឱ្យគាត់ដាក់តាមខ្លួនមកវិញ ឬដាក់នៅតាមធុងសំរាម»។
លោក អន សុធារិទ្ធ ដែលជាអភិបាលស្រុកថ្មបាំង ខេត្តកោះកុង ដែលបានចូលរួមពិធីដាំកូនកោងកាង ក្នុងនាមជាសមាជិក ស.ស.យ.ក ថ្លែងថា៖ «ការដាំកូនឈើនេះ នឹងជួយឱ្យព្រៃកោងកាងកាន់តែច្រើនទៅៗ និងជួយបង្កើនជីវចម្រុះសម្រាប់មច្ឆជាតិ»៕