ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បាន​និយាយថា កម្ពុជា​នៅតែ​បន្ត​រឹតបន្តឹង​ការនាំ​ចូល​សត្វ​ជ្រូក​រស់​ពី​ក្រៅ​ប្រទេស ពិសេស​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​ដែល​កំពុង​ផ្ទុះឡើង​នូវ​ជំងឺប៉េស្ត​ជ្រូក​​អាហ្វ្រិក ដែល​អាច​នឹង​បង្ក​ការឆ្លង​រីក​រាលដាល​ដល់​សត្វ​ជ្រូក​របស់​ប្រជាកសិករ​នៅក្នុង​ស្រុក​។

លោក​ តាន់ ផាន់ណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១០ ខែមករា​ថា បច្ចុប្បន្ន​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​មាន​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក និង​ជំងឺ​ត្រចៀក​ខៀវ​។ ជុំវិញ​ករណីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ណែនាំ​ដល់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​បន្ត​ធ្វើការ​ត្រួតពិនិត្យ និង​រឹតបន្តឹង​ការនាំ​ចូល​សត្វជ្រូក​រស់​ពី​ក្រៅប្រទេស ដើម្បី​ចូលរួម​ការពារ​ផលប្រយោជន៍​ប្រជាកសិករ​នៅក្នុង​ស្រុក និង ដើម្បី​ពង្រឹង​ដល់​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា​។ លោក​បញ្ជាក់ថា​៖ «​ដោយមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​រយៈពេល​ ២ ​ឆ្នាំនេះ​ [២០២០-២០២១] ប្រទេស​កម្ពុជា​មិនមាន​ករណី​ផ្ទុះ​ឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នោះទេ បើទោះជា​មាន​ករណី​នាំចូល​សត្វ​ជ្រូក​រស់​ពី​ប្រទេស​ថៃ​ដែល​ត្រូវបាន​រកឃើញ​មាន​ផ្ទុក​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​រាប់រយ​ក្បាល​ក៏ដោយ​»​។

បើតាម​លោក​ ផាន់ណារ៉ា នៅក្នុង​ចន្លោះ​ខែសីហា ឆ្នាំ​ ២០១៨ ដល់​ខែមិថុនា ឆ្នាំ​ ២០១៩ ប្រទេស​កម្ពុ​ជាមាន​ផ្ទុះ​ករណី​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក នៅតាម​បណ្ដា​ខេត្ត​មួយចំនួន ជាប់​ព្រំ​ប្រទល់​ប្រទេស​វៀតណាម​។ សត្វ​ជ្រូក​ប្រមាណ​ ៤០០ ​ក្បាល ត្រូវបាន​គេ​រកឃើញ​មាន​ផ្ទុក​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក និង​បាន​ងាប់​ជា​បន្តបន្ទាប់ ហើយ​ក្រុមមន្ត្រី​ជំនាញ​បាន​ដុត​កម្ទេចចោល និង​បាន​ណែនាំ​ឱ្យ​ម្ចាស់​កសិដ្ឋាន​ធ្វើការ​សម្អាត​អនាម័យ នៅក្នុង​កសិដ្ឋាន​របស់​ពួកគេ​។ ទន្ទឹមនឹងនេះ ក្រសួងកសិកម្ម​បាន​ណែនាំ​ដល់​អាជ្ញាធរខេត្ត និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ បង្កើន​ការត្រួតពិនិត្យ និង​រឹតបន្តឹង​ការនាំ​ចូល​សត្វ​ជ្រូក​រស់​ពី​ក្រៅប្រទេស​។

លោក ផាន់ណារ៉ា បានឱ្យដឹង​ផងដែរ​ថា​នៅ​ចន្លោះ​ខែកុម្ភៈ ដល់​ដើមខែ​មិថុនា ឆ្នាំ​ ២០២១ ក្រុមមន្ត្រី​ជំនាញ​ផ្នែក​បង្ក្រាប​បទល្មើស​ចលនា​សត្វចល័ត​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត នៅតាម​ជួរ​ព្រំដែន កម្ពុជា​-​ថៃ និង​កម្ពុជា​-​វៀតណាម បានធ្វើការ​បង្ក្រាប​ចាប់​រឹបអូស និង​ដុត​កម្ទេចចោល​នូវ​សត្វ​ជ្រូក​រស់ ដែល​មាន​ផ្ទុក​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​សរុប ១៩០ ​ក្បាល ដែល​នាំចូល​ពី​ប្រទេស​ថៃ​។

ជុំវិញ​ការ​រឹតបន្តឹង​ការនាំ​ចូល​សត្វ​ជ្រូក​រស់​ពី​ក្រៅប្រទេស​នេះ លោក ស្រ៊ុន ពៅ ប្រធាន​សមា​គម​ចិញ្ចឹមសត្វ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា វិធានការ​នេះ​បាន​ជួយ​ពង្រឹង និង​លើកកម្ពស់​ជីវភាព​រស់​នៅ​ដល់​កសិករ​ដែលជា​អ្នក​ចិញ្ចឹមសត្វ​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​នៅពេលនេះ អ្នក​ចិញ្ចឹម​ជ្រូក​នៅក្នុង​ស្រុក​កំពុង​ត្រូវប៉ាន់​ដោយ​តម្លៃ​សត្វ​ជ្រូករ​ស់បាន​កើនឡើង​ក្នុង​ចន្លោះ​ពី​ ១០ ៥០០ ​រៀល ដល់​ ១១ ០០០ ​រៀល​ក្នុង​ ១​ គីឡូក្រាម ហើយ​ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ចិន ខាងមុខនេះ វា​នឹង​បន្ត​កើនឡើង​ដល់ ​១៣ ០០០ ​រៀល​ក្នុង ​១ ​គីឡូក្រាម​»​។

បើតាម​លោក​ ស្រ៊ុន ពៅ កាលពី​ពេល​ថ្មីៗ​នេះ ក្រុម​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​បាន​សម្ដែង​ក្ដីព្រួយ​កង្វល់​ពី​បញ្ហា​ជំងឺ ប៉េស្ត​ជ្រូក ដែល​កំពុង​ផ្ទុះឡើង​ជាច្រើន​កន្លែង​ក្នុងប្រទេស​វៀតណាម និង​ប្រទេស​ថៃ ខណៈ​មាន​ករណី​ពាណិជ្ជករ​មួយចំនួន​បាន​លួច​នាំចូល​សាច់សត្វ​ពី​ក្រៅប្រទេស​។

ជុំវិញ​បញ្ហា​នេះ លោក សាន់ ចាន់ថេត ប្រធាន​សមាគម​អ្នក​ផ្គត់ផ្គង់​សត្វ​ជ្រូក​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្នុង​រយៈពេល​ ២-៣ ​ខែ​កន្លង​មក​នេះ គ្មាន​សមាជិក​អ្នកផ្គត់ផ្គង់​សត្វ​ជ្រូក​កម្ពុជា​ណា​ម្នាក់​នាំចូល​សត្វ​ជ្រូក​ពី​ក្រៅប្រទេស​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​យើង​បាន​ឯកភាពគ្នា​រួចហើយ​ថា ផ្អាក​ការនាំចូល​សត្វ​ជ្រូក​រស់​ពី​ក្រៅ​ប្រទេស ជា​បណ្ដោះអាសន្ន ដើម្បី​គាំទ្រ​លើកទឹកចិត្ត​ដល់​អ្នក​ចិញ្ចឹមសត្វ​ជ្រូក​នៅក្នុង​ស្រុក​របស់​យើង​»​។

បើតាម​លោក ចាន់ថេត បច្ចុប្បន្ន​កម្ពុជា​នៅ​មិនទាន់មាន​លទ្ធភាព​នៅក្នុង​ការផលិត​សត្វជ្រូក សម្រាប់​ការនាំចេញ​ដូច​ប្រទេសជិតខាង​ថៃ និង​វៀតណាម​នោះទេ ប៉ុន្តែ​កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់ នៅក្នុង​ការចិញ្ចឹម និង​ផ្គត់ផ្គង់​សត្វ​ជ្រូក ដែល​មាន​សុវត្ថិភាព​សម្រាប់​អ្នក​បរិភោគ​នៅក្នុង​ទូទាំងប្រទេស​ហើយ​៕