ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ជា​ចុងក្រោយ​នូវ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ក្រមសីលធម៌​វិស្វករ​ក្នុង​គោលបំណង​លើក​កម្ពស់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​ការទទួលខុសត្រូវ​របស់​វិស្វករ​ក្នុង​ការប្រកប​វិជ្ជាជីវៈ​វិស្វកម្ម ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព គុណភាព ព្រមទាំង​ការការពារ​នូវ​ផលប្រយោជន៍​សាធារណៈ​។

នៅក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ក្រមសីលធម៌​វិស្វករ នៅ​ថ្ងៃទី ១១ ខែមករា នេះ លោក អ៊ិត សំហេង ដែលជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​គណៈ​វិស្វករ​កម្ពុជា​ផងដែរ​នោះ​បាន​ថ្លែងថា ៖«​វិស្វករ គឺជា​ធនធាន​ដ៏ចាំបាច់​ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍ​ការងារ​វិស្វកម្ម​នៅ​កម្ពុជា​»​។

ជាមួយ​គ្នានេះដែរ លោក បាន​ណែនាំ​ឱ្យ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈ​វិស្វករ​កម្ពុជា រៀបចំ​ជា​សិក្ខាសាលា​ដើម្បី​ប្រមូល​ធាតុ​ចូល​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ដាក់បញ្ចូល​ទៅក្នុង​សេចក្តី​ព្រាង​ស្តីពី​ក្រមសីលធម៌​វិស្វករ​។

លោក អ៊ិត សំហេង បានឱ្យដឹងថា កន្លងទៅ​ក៏​ធ្លាប់បាន​អំពាវនាវ​ឱ្យ​វិស្វករ​ខ្មែរ និង​វិស្វករ​បរទេស​ទាំងអស់ ដែល​បម្រើការ​នៅ​កម្ពុជា​រួសរាន់​មក​ចុះបញ្ជី​ជាមួយ​គណៈ​វិស្វករ​កម្ពុជា​ ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន ខណៈ​បច្ចុប្បន្ននេះ​មាន​វិស្វករ​មក​ចុះបញ្ជី​នៅមាន​ចំនួន​តិចតួច​នៅឡើយ​។

លោក​ថា​៖ «​វិស្វករ​ចុះបញ្ជី​នៅ​គណៈ​វិស្វករ​កម្ពុជា​មានគុណ​ប្រយោជន៍​ច្រើន​ដូចជា ទទួលបាន​នូវ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ជំនាញ​បន្ថែម ដែល​គណៈ​វិស្វករ​កម្ពុជា​រៀបចំឡើង​តាម​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ខ្លី រយៈពេល​វែង​ និង​តាម​សិក្ខាសាលា​នានា និង​មាន​សិទ្ធិ​បើក​ក្រុមហ៊ុន​ស្របច្បាប់​ពេល​ទទួល​គោរមងារ​ជា​វិស្វករ​អាជីព​ជាតិ​»​។

លោក វួង មាស្រេង អាយុ ២៦ ឆ្នាំ ដែលជា​វិស្វករ​បម្រើការងារ​ឱ្យ​ក្រុមហ៊ុន​វិស័យ​ឯកជន​ទទួលបន្ទុក​ផ្នែក​ការដ្ឋាន បាន​ថ្លែង​គាំទ្រ​ទៅនឹង​អនុក្រឹត្យ​នេះ​ដែល​អាចជួយ​ឱ្យ​ក្រមសីលធម៌​របស់​វិស្វករ​កម្ពុជា​នឹង​ប្រសើរឡើង​មួយកម្រិត​ទៀត​។

លោក​ថា​៖ «​នៅពេល​មាន​អនុក្រឹត្យ​ចែង​ពី​តួនាទី និង​យន្តការ​ច្បាស់លាស់​នឹង​ជួយ​ដល់​ក្រមសីលធម៌​វិស្វករ ព្រោះ​វិស្វករ​ខ្លះ​មាន​ចេតនា​មិនល្អ ឬ​បោកប្រាស់​អតិថិជន​ខុសពី​ក្រមសីលធម៌ អ៊ីចឹង​ពេល​មានច្បាប់​នេះ​ធ្វើឱ្យ​គាត់​គោរព​ដែរ​»​។

លោក​ក៏បាន​ស្នើឱ្យ​គណៈវិស្វករ​កម្ពុជា តាមរយៈ​រៀបចំសេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ក្រមសីលធម៌​វិស្វករ គួរ​ដាក់បញ្ចូល​នូវ​មាត្រា​ណាមួយ ដែល​អាចដាក់​ពិន័យ ឬ​ដក​បេក្ខភាព នៅពេល​វិស្វករ​នោះ​ប្រព្រឹត្ត​ខុស​ក្រមសីលធម៌​។

លោក​ថា​៖ «​គួរតែ​ពិន័យ​ ឬក៏​ដក​បេក្ខភាព មិនឱ្យ​មានឈ្មោះ​នៅក្នុង​គណៈ​វិស្វករ ដើម្បី​ពង្រឹង​ក្រមសីលធម៌ ដោយសារ​មួយរយៈ​ចុង​ក្រោយនេះ​មានរឿង​អាស្រូវ​ច្រើន​»​។

លោក បាន​ថ្លែង​ដោយ​មើល​ឃើញថា​តាមរយៈ​សេចក្តីព្រាង​នេះ​នឹង​អាចជួយ​ឱ្យ​វិស្វករ​នៅ​កម្ពុជា​រីកចម្រើន​មួយកម្រិត​ទៀត និង​អាច​បោះជំហាន​នៅលើ​ឆាក​អន្តរជាតិ ខណៈ​វិស័យ​មួយ​នេះ​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់​។

ក្រសួង​ការងារ​បាន​ឱ្យដឹងថា ដោយ​ផ្អែកលើ​សារៈសំខាន់​នៃ​តួនាទី​ និង​ភារកិច្ច​របស់​វិស្វករ​គ្រប់រូប និង​កិច្ចព្រមព្រៀង​ទទួល​ស្គាល់គ្នា​ទៅវិញទៅមក​លើ​សេវា​វិស្វកម្ម​អាស៊ាន គណៈវិស្វករ​កម្ពុជា​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​ ២០០៩ ដើម្បី​ប្រមូលផ្តុំ​ និង​គ្រប់គ្រង​វិស្វករ​ចុះបញ្ជី​នៅ​កម្ពុជា ក្នុង​គោលបំណង​ធានា​ឱ្យ​ការប្រកប​វិជ្ជាជីវៈ​វិស្វកម្ម​មាន​គុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស្ថិរភាព និង​ការទទួល​ខុសត្រូវ​ខ្ពស់ ដើម្បីឱ្យ​ស្របតាម​បរិបទ​នៃ​ការវិវត្ត​ផ្នែក​សង្គម និង​សេដ្ឋកិច្ចកម្ពុជា និង​ច្បាប់​ស្តីពី​សំណង់ ដែល​បានប្រកាស​ឱ្យប្រើ​ដោយ​ព្រះរាជក្រម ចុះ​ថ្ងៃទី​ ២ ខែវិច្ឆិកា ឆ្នាំ​ ២០១៩ និង​ដើម្បី​ឱ្យមាន​ឯកភាព​នីយកម្ម​ក្រមសីលធម៌​វិស្វករ​ដែល​កំពុង​ប្រកប​វិជ្ជាជីវៈ​វិស្វកម្ម​នៅ​កម្ពុជា អគ្គលេខាធិការដ្ឋាន​នៃ​គណៈវិស្វករ​កម្ពុជា​បានរៀបចំ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ក្រម​សីលធម៌​វិស្វករ និង​ធ្វើ​បច្ចុប្បន្នភាព​ចំណុច​មួយចំនួន​ឱ្យ​កាន់តែ​ស្របតាម​ការវិវត្ត​ថ្មី​នៃ​សេដ្ឋកិច្ចសង្គម​។

បើតាម​ការសិក្សា​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ​ចាប់ពី​ឆ្នាំ​ ២០១៨-២០២០ កម្ពុជា​ត្រូវមាន​កម្លាំង​វិស្វករ​ប្រមាណ ៣៥ ០០០ ​នាក់ សម្រាប់​បម្រើ​ការងារ​ក្នុង​វិស័យ​ឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម​ទេសចរណ៍ និង​អចលនទ្រព្យ​ក្នុងប្រទេស​របស់ខ្លួន​៕