ឧត្តរមានជ័យៈ សមាសភាព​អនុគណៈកម្មការ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​-​ឈ្នះ​ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃទី​ ១០ ខែមករា ដែល​ស្តូប​នេះ​នឹង​ធ្វើការ​សាងសង់ឡើង នៅក្នុង​ស្រុក​អន្លង់វែង ដើម្បី​បង្ហាញ​ពី​វប្បធម៌​កតញ្ញូ សម្ដែង​ការដឹងគុណ ខណៈ​បណ្តា​ខេត្ត​មួយចំនួន​កំពុងដំណើរការ​សាងសង់​។

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សាងសង់​វិមាន​ឈ្នះ​-​ឈ្នះ ដែល​បាន​ចូលរួម​ក្នុង​ពិធី​ប្រកាស​នេះ​បាន​លើកឡើង​ថា ស្តូប​ឈ្នះ​-​ឈ្នះ ដែល​គ្រោង​សាងសង់​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​បង្ហាញ​ពី​វប្បធម៌​កតញ្ញូ​សម្ដែង​ការដឹងគុណ និង​ការចងចាំ​រំឭក​ដល់​វីរភាព​ស្នាដៃ​ និង​ភាពឈ្លាសវៃ​របស់​ថ្នាក់ដឹកនាំ​។

លោក​មានប្រសាសន៍​ថា​៖ «​ថ្នាក់ដឹកនាំ​បាន​ស្វែងរក​សន្តិភាព​ដោយបាន​ចំណាយ​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​សន្តិភាព បង្ហាញ​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជាតិ ដែល​បញ្ជាក់​ពី​សច្ចភាព​ប្រវត្តិសាស្ត្រ​ពិត ដែល​បាន​កើតចេញ​លើកដំបូង​នោះ គឺ​ដំណើរ​ឆ្ពោះទៅ​ការផ្ដួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុលពត​ ២០ មិថុនា ១៩៧៧ ទើប​មាន​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជា​បន្តបន្ទាប់​»​។

លោក​ ទៀ បាញ់ បន្ថែមថា ស្តូប​ឈ្នះ​-​ឈ្នះ​នេះ​ជា​ទីកន្លែង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​សិក្សា​ស្វែងយល់​ប្រវត្តិសាស្ត្រ​ពិត​របស់​ខេត្ត​ឧត្តរមានជ័យ​បញ្ជាក់​ពី​ភាព​ពិត​របស់​កូន​ខ្មែរ​សម័យនេះ និង​អំពី​សមត្ថភាព​ចំណេះដឹង​តម្លៃពិត​ប្រាកដ​នៃ​មគ្គុទេ្ទសក៍​អ្នកដឹកនាំ​កម្ពុជា​។

ក្នុងនោះដែរ​លោក ទៀ បាញ់ ក៏បាន​រំឭក​ផងដែរ​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជាក់ស្តែង​មួយចំនួន ដែល​កម្ពុជា​បាន​ជួបប្រទះ​ឆ្លងកាត់​ភ្នក់ភ្លើងសង្គ្រាម និង​បង្ក​ភាព​មហន្តរាយ​ភាពឈឺចាប់​ខ្លោចផ្សា​របស់​ប្រជាជន​កម្ពុជា ក៏ដូចជា​ខេត្ត​ឧត្តរមានជ័យ​ដែល​បាន​បន្សល់​ស្លាកស្នាម​នៅ​មិនទាន់​រលុប​បាត់អស់​នៅឡើយ​។

បើ​យោងតាម​ក្រសួង​ការពារជាតិ ការសាងសង់​ស្តូប​ឈ្នះ​-​ឈ្នះ នៅ​ស្រុក​អន្លង់វែង​នេះ​នឹង​សាងសង់ឡើង ក្រោម​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​ធនធាន​ថវិកា គំនិត ប្រាជ្ញា​របស់​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ ព្រះសង្ឃ ប្រជាជន មហាជន បញ្ញវន្ត និស្សិត សិស្ស ដោយ​មិន​គិត​និន្នាការ​នយោបាយ​ឡើយ​។

សំណង់ និង​តំបន់​អភិវឌ្ឍ​នេះ​នឹង​ក្លាយទៅជា​សំណង់​ប្រវត្តិសាស្ត្រ​រាប់រយឆ្នាំ ជា​កេរ​មរតក​សម្រាប់​មនុស្ស​ជាតិ​គ្រប់​ជំនាន់​នៅលើ​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា​នា​ទិសឧត្តរ​។

លោក ឌី រ៉ាដូ អភិបាលរង​ខេត្ត​ឧត្តរមានជ័យ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១១ មករា ថា គម្រោង​នៃ​ការចាប់ផ្តើម​សាងសង់​ស្តូប​ឈ្នះ​-​ឈ្នះ​នេះ​មិនទាន់​បានកំណត់​នោះទេ ប៉ុន្តែ​នឹង​ចាប់ផ្តើម​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដោយសារ​បន្ទាប់ពី​មានការ​ប្រកាស​សមាសភាព​អនុគណៈកម្មការ​សាងសង់​ហើយ​ខេត្ត​នឹងត្រូវ​រៀបចំ​ក្រុមការងារ​បន្តទៀត​។

លោក​ថ្លែងថា​៖ «​ការរៀបចំ​ក្រុមការងារ​នេះ ដើម្បី​ជួយ​កៀរគរ ជួយប្រមូល​ថវិកា​ដើម្បី​ទ្រទ្រង់​ដល់​ការសាងសង់​វិមាន​ឈ្នះ​-​ឈ្នះ​នេះ​។ មកដល់​ពេលនេះ​ខ្ញុំ​មិនទាន់​ទទួលបាន​ព័ត៌មាន​ពី​កាលបរិច្ឆេទ​នៃ​ការសាងសង់​នៅឡើយ​»​។

លោក ឌី រ៉ាដូ បន្ថែមថា វិមាន​ឈ្នះ​-​ឈ្នះ​ជា​និមិត្តរូប​នៃ​សន្តិភាព និមិត្តរូប​នៃ​ការរួបរួម​គ្នា និង​ជា​និមិត្តរូប​នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​។ ដូចនេះ ថវិកា​នៃ​ការសាងសង់​ស្តូប​នេះ គឺ​ត្រូវមាន​ការចូលរួម​គ្នា​ដើម្បី​សាងសង់​ស្តូប​នេះ​ឡើង ប៉ុន្តែ​លោក​មិនទាន់​ដឹងថា​នឹងត្រូវ​ចំណាយ​ថវិកា​អស់​ប៉ុន្មាន​នោះឡើយ​។

គួរ​បញ្ជាក់ថា វិមាន​ឈ្នះ​-​ឈ្នះ​នេះ បាននិងកំពុង​តែ​សាងសង់​ឡើង​នៅ​តាម​រាជធានី​ខេត្ត​មួយចំនួន ក្នុងនោះ​មាន​រាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ នៅ​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ និង​ខេត្តកោះកុង ហើយ​រាជរដ្ឋាភិបាល​ក៏​គ្រោង​នឹង​សាងសង់​នៅតាម​បណ្ដា​ខេត្ត​នានា​ជា​បន្តបន្ទាប់​ទៀតផង​ដែរ​៕