ភ្នំពេញៈ បន្ទាប់ពី​ទទួលបាន​ការអនុម័ត​ពី​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ការឡាយ​ព្រះហស្តលេខា​ដោយ​ព្រះករុណា​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី និង​ការចុះ​ហត្ថលេខា​លើ​លិខិតូបករណ៍​នៃ​ការផ្តល់​សច្ចាប័ន ដោយ​រាជរដ្ឋាភិបាល​កម្ពុជា កិច្ចព្រមព្រៀង​បន្ថែម​ទៅនឹង​កិច្ចព្រមព្រៀង​រវាង​អង្គការ​សហប្រជាជាតិ និង​រាជរដ្ឋាភិបាល​កម្ពុជា​ពាក់ព័ន្ធ​នឹង​សាលាក្តី​ខ្មែរក្រហម​បាន​ចូល​ជា​ធរមាន​ហើយ​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ ក្នុង​តុលាការ​កម្ពុជា​នៅ​ថ្ងៃទី ១២ ខែមករា ឆ្នាំ​ ២០២២ ឱ្យដឹងថា កិច្ចព្រមព្រៀង​បន្ថែម​នេះ​មាន​ចំណងជើង​ទាំងមូល​ថា កិច្ចព្រមព្រៀង​បន្ថែម​ទៅលើ​កិច្ចព្រមព្រៀង​រវាង​អង្គការ​សហប្រជាជាតិ និង​រាជរដ្ឋាភិបាល​កម្ពុជា​ទាក់ទង​នឹង​ការកាត់​សេចក្តី​នៅក្រោម​ច្បាប់​កម្ពុជា​នូវ​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្តឡើង​នៅក្នុង​រយៈកាល​កម្ពុជា​ប្រជាធិបតេយ្យ ស្តីពី​ការរៀបចំ​ក្នុងពេល​អន្តរកាល និង​ការបញ្ចប់​ការងារ​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ផ្តល់​អាណត្តិ​ការងារ​នៅ​សេសសល់​ដល់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ រួម​មានការ​គ្រប់គ្រង​ការអនុវត្ត​ទោស​របស់​ទណ្ឌិត ការការពារ​សាក្សី និង​ជន​រងគ្រោះ ការថែទាំ ការរក្សា​ទុក និង​ការគ្រប់គ្រង​បណ្ណា​សារ​របស់ អ.វ.ត.ក និង​ការផ្សព្វផ្សាយ​ព័ត៌មាន​ដល់​សាធារណជន ព្រមទាំង​ការត្រួត​ពិនិត្យមើល​ការអនុវត្ត​ការផ្តល់​សំណង​ដែល​បាន​ផ្តល់ឱ្យ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ទៅតាម​ករណី​ចាំបាច់ រួម​ជាមួយ​នឹង​មុខងារ​ផ្សេងៗ​ទៀត​។ សេចក្តីប្រកាស​ព័ត៌មាន​នេះ​បន្តថា មុខងារ​នៅ​សេសសល់​នឹង​ចាប់ផ្តើម ក្រោយពេល​បញ្ចប់​កិច្ចដំណើរការ​នីតិវិធី​តាមផ្លូវ​តុលាការ សម្រាប់​រយៈពេល​ ៣ ​ឆ្នាំ​ដំបូង​។

លោក នេត្រ ភក្ត្រា ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ និង​ជា​អ្នកនាំពាក្យ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១២ ខែមករា ថា កិច្ចព្រមព្រៀង​បន្ថែម​នេះ គឺជា​កិច្ចព្រមព្រៀង​មួយ​ដែល​កំណត់​ចំពោះ​ការរៀបចំ​នៅក្នុងពេល​អន្តរកាល និង​ការបញ្ចប់​ការងារ​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។

លោក​បាន​បន្តថា នៅក្នុង​រយៈពេល​រៀបចំ​អន្តរកាល​នេះ បន្ទាប់ពី​បញ្ចប់​កិច្ចដំណើរការ​នីតិវិធី​នៅ​ចំពោះមុខ ចៅក្រម​ទាំងអស់ លែងមាន​ការិយាល័យ អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ទៀតហើយ ប៉ុន្តែ​ពួកគាត់​អាចធ្វើ​ការងារ​ពី​ចម្ងាយ​បាន​លើកលែងតែ​តម្រូវឱ្យមាន​វត្ត​មាននៅ​ក្នុង​តុលាការ តាម​សំណើ​របស់​អង្គជំនុំជម្រះ ទើប​ពួកគាត់​អាច​នៅបាន​។

បើតាម​លោក នេត្រ ភក្ត្រា ចំពោះ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហប្រជាជាតិ​កាលពីមុន ត្រូវបានធ្វើ​ផ្តោត​សំខាន់​ទៅលើ​ការជំនុំជម្រះ​ក្តី​ទៅលើ​ ៤ សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ដែល​បាន​កើតឡើង ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដើម្បី​នាំ​យក​ការពិត និង​យុត្តិធម៌​ជូន​ដល់​កម្ពុជា និង​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​។

លោក​ថ្លែងថា​៖ «​កិច្ច​ដំណើរការ​នេះ យើង​មាន​ ៤ សំណុំរឿង គឺ​សំណុំរឿង​ ០១ កាំង ហ្គេចអ៊ាវ ហៅ​ ឌុច ដាក់ពន្ធនាគារ​មួយ​ជីវិត សំណុំរឿង ០២ មាន នួន ជា ខៀវ សំផន អៀង សារី និង អៀង ធីរិទ្ធ​។ អៀង សារី និង អៀង ធីរិទ្ធ បាន​ស្លាប់​នៅក្នុង​ដំណើរការ​ជំនុំជម្រះ ហើយ​យើង​មាន​សាលដីកា​ស្ថាពរ​លើ​លោក នួន ជា និង​លោក​ ខៀវ សំផន ពី​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ (០២/០១)»​។

លោក​បញ្ជាក់ទៀតថា អង្គ​ជំនុំជម្រះ​នៅសល់​សំណុំរឿង ០២/០២ គឺ​ផ្តន្ទាទោស​លោក នួន ជា និង​លោក ខៀវ សំផន លើ​សំណុំរឿង​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ប៉ុន្តែ​ចៃដន្យ​លោក​ នួន ជា បាន​ស្លាប់ គឺ​នៅសល់​ជនជាប់ចោទ​ម្នាក់​ទេ គឺ​លោក ខៀវ សំផន ស្ថិតនៅក្នុង​បណ្តឹង​សារទុក្ខ ដែល​នឹង​ប្រកាស​សាលដីកា​ស្ថាពរ​នៅ​ត្រីមាស​ទី​ ៤ ឆ្នាំ ២០២២​។ ដោយឡែក​សម្រាប់​សំណុំរឿង​ ០៣ និង ០៤ ត្រូវបាន​បញ្ចប់​រួចហើយ​។ សំណុំ​រឿងនេះ​មិន​មាន​ការបញ្ជូន​ទៅ​អង្គជំនុំជម្រះ​ទេ ករណី​លោកស្រី អឹម ចែម លើកលែង​ការចោទ​ប្រកាន់ ចំណែក​សំណុំរឿង​ផ្សេងទៀត​មាន​លោក​ យឹម ទិត្យ លោក ឱ អាន​ និង​លោក មាស មុត គឺ​ត្រូវបាន​សហ​ចៅក្រម ស៊ើបអង្កេត បញ្ជា​ឱ្យ​បោះត្រា និង​បញ្ជូន​ដាក់​នៅក្នុង​បណ្ណាសារ ដោយ​មិន​មាន​ការជំនុំជម្រះ​នោះទេ​៕