កំពង់ឆ្នាំងៈ សាលាដំបូង​ខេត្ត​​កំពង់ឆ្នាំង បានប្រកាស​សាលក្រម​ផ្តន្ទាទោស​បុរស​ម្នាក់​ឱ្យ​ជាប់ពន្ធនាគារ​អស់​១​ជីវិត​ពាក់ព័ន្ធ​ករណី​សម្លាប់​សមាជិកគ្រួសារ​ ៥​ នាក់ មាន​ប្រពន្ធ និង​​កូនៗ ហើយ​បានចាត់ទុក​បទល្មើស​នេះ​ថា ពោរពេញ​ដោយ​ភាពឃោរឃៅ និង​ព្រៃផ្សៃ ដែល​សមស្រប​ជាមួយ​ទម្ងន់ទោស​ដែល​ខ្ពស់បំផុត​។

ការប្រកាស​សាលក្រម​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ១២ ខែមករា ឆ្នាំ​ ២០២២ បន្ទាប់ពី​បុរស​អាយុ​ ៣៩ ​ឆ្នាំ ឈ្មោះ នន់ ចាន់សារ៉េត បានសម្លាប់​ប្រពន្ធ​ និង​កូនៗ​របស់ខ្លួន​ចំនួន​ ៤ ​នាក់​ទៀត ដែលមាន​អាយុ​ ៩ ​ឆ្នាំ​, ៧​ ឆ្នាំ​ (​កូនភ្លោះ​), និង​ ៣ ​ឆ្នាំ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​ ៩ ខែឧសភា ឆ្នាំ​ ២០២១​។

ក្រុមការងារ​ស៊ើបអង្កេត​បទល្មើស​ឃាតកម្ម​ (HIT) ​និង​ក្រុមការងារ​បច្ចេកទេស​វិទ្យាសាស្ត្រ (FST) នៃ​អង្គភាព​ការពារ​កុមារ​ (CPU)​ ដែល​បាន​ចូលរួម​ជា​វត្តមាន​នៅក្នុង​បន្ទប់​សវនាការ​នៃ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ដើម្បី​ស្តាប់​ការប្រកាស​សាលក្រម​នេះ ចំពោះ​ជនល្មើស​រូបនេះ​បានឱ្យដឹង​នៅលើ​ទំព័រ​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​ ១២ មករា​ថា ឃាតករ​ត្រូវបាន​ចោទប្រកាន់​ពី​​បទ​មនុស្សឃាត​ដោយ​គិតទុក​មុន តាម​មាត្រា​ ២០០ ​នៃ​ក្រមព្រហ្មទណ្ឌ​។

ក្នុងពេល​ប្រកាស​សាលក្រម លោក​ចៅក្រម អ៊ី ថាវរៈ បាន​មានប្រសាសន៍​ថា​៖ “​បទល្មើស​ទាំងនេះ​គឺ​ពោរពេញ​ដោយ​ភាពឃោរឃៅ​ និង​ព្រៃផ្សៃ ហើយ​សមស្រប​ជាមួយ​ទម្ងន់ទោស​ដែល​ខ្ពស់បំផុត​”​។ ​នេះ​បើតាម​ទំព័រ​ហ្វេសប៊ុក​ដដែល ដែល​បាន​ដកស្រង់​សម្តី​របស់​ចៅក្រម ក្នុងអំឡុងពេល​សវនាការ​។

ទំព័រ​ហ្វេសប៊ុក CPU បាន​បញ្ជាក់ថា «​នៅពេលនោះ​ជនល្មើស​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ជាប់ពន្ធនាគារ​អស់​ ១ ​ជីវិត​។ ​ទោស​ជាប់ពន្ធនាគារ​អស់​១​ជីវិត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​មានន័យថា ជាប់ពន្ធនាគារ​អស់​១​ជីវិត ដោយ​គ្មាន​ឱកាស​ក្នុងការ​លើកលែងទោស ឬ​នៅក្រៅ​ការឃុំ​ឃាំង​»​។

សូមជម្រាបថា បន្ទាប់ពី​មាន​ហេតុការណ៍​អគ្គិភ័យ​នៅ​ខេត្តកំពង់ឆ្នាំង បានកើត​ឡើង​ដែល​បណ្តាលឱ្យ​មនុស្ស​ស្រី​ម្នាក់ និង​កុមារ​តូចៗ​ចំនួន​ ៤​ នាក់​បាន​បាត់​បង់ជីវិត​កាលពី​ខែឧសភា​ឆ្នាំ​ ២០២១ ​មក ក្រុមការងារ​ចម្រុះ “INDIA21” ក៏ត្រូវ​បាន​បង្កើតឡើង ដោយមាន​កិច្ចសហប្រតិបត្តិការ​រវាង​អង្គភាព​ការពារ​កុមារ​ (CPU) ក្រសួងមហាផ្ទៃ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង នាយកដ្ឋាន​បច្ចេកទេស និង​វិទ្យាសាស្ត្រ និង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា ។ ក្រុមការងារ​នេះ បានធ្វើការ​ជា​បន្តបន្ទាប់​អស់​រយៈពេល​ ៣ ​ថ្ងៃ ដើម្បី​ប្រមូល​គ្រប់​ភ័ស្តុតាង​ដែលមាន​នៅ​កន្លែងកើតហេតុ និង​ពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ ឯកទេស​ផ្នែក​កោសល្យវិច័យ​សាកសព និង​ផ្នែក​អគ្គិភ័យ និង​សារធាតុ​ផ្ទុះ​នៅ​ប្រទេស​អូស្ត្រាលី​ដើម្បី​រៀបចំឡើង​នូវ​សំណុំរឿង​ដែល​ល្អ​បំផុត ដើម្បី​ដាក់បន្ទុក​លើ​ជនល្មើស​។

លោក James McCabe នាយក​ប្រតិបត្តិ​អង្គភាព​ការពារ​កុមារ​ (CPU) ​ដែល​បាន​ដឹកនាំ​ការឆ្លើយតប​របស់​ក្រុមការងារ​ CPU បាន​និយាយថា ចាប់តាំងពី​ CPU ​បានធ្វើ​កោសល្យ​វិច័យ​សាកសព និង​ពិនិត្យ​កន្លែង​កើត​ហេតុ​លើកដំបូង​ CPU ​បាន​យល់ឃើញថា មាន​ចំណុច​គួរឱ្យ​សង្ស័យ​ជាច្រើន ហើយ​ដំណើររឿង​របស់​ជនសង្ស័យ​អំពី​មូលហេតុ​ផ្តើម​អគ្គិភ័យ និង​ស្ថានភាព​កន្លែងកើតហេតុ​គឺ​មិន​សមស្រប​នឹង​គ្នា​។

លោក​បាន​បញ្ជាក់ថា​៖ «​ការបាត់បង់​ជីវិត​របស់​កុមារ​ជាច្រើន​នាក់​បែបនេះ​គឺជា​ទង្វើ​ដ៏​ឃោរឃៅ​មួយ ដែល​បាន​ប៉ះពាល់​ដល់​យើង​ទាំងអស់​គ្នា​។ ​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ទៅដល់​អ្នក​ទាំងអស់​គ្នា​ដែល​បាន​ជួយ​ក្នុងការ​ស៊ើបអង្កេត​មួយ​នេះ ដោយមាន​ការប្តេជ្ញា​របស់​អ្នក​ទាំងអស់គ្នា​ទើប​យើង​អាច​ប្រមូល​ភ័ស្តុតាង​ដាក់បន្ទុក​លើ​ជនល្មើស​ចំពោះ​ទង្វើ​ដ៏​ឃោរឃៅ​មួយ​នេះ​»​។

បន្ថែម​ពីនេះ​លោក ចាត់ទុក​ចំពោះ​ចំណាត់ការ​លើ​ករណីនេះ​ថា ជាការ​បំពេញ​តួនាទី​ដ៏​អស្ចារ្យ​មួយ​ដោយ​មន្ត្រីនគរបាល​ខេត្តកំពង់ឆ្នាំង និង​ក្រសួងមហាផ្ទៃ​ដែល​បានធ្វើឱ្យ​ប្រាកដ​ថា កុមារ​រងគ្រោះ និង​ម្តាយ​របស់​ពួកគេ​បានទទួល​នូវ​យុត្តិធម៌​។

លោក​បាន​បញ្ជាក់ទៀតថា​៖ ​«​នៅក្នុង​ថ្ងៃនេះ ឯកឧត្តម លោក​ចៅក្រម អ៊ី ថាវរៈ បាន​ផ្តន្ទាទោស​ជនល្មើស​ជាមួយ​ស្ថាន​ទម្ងន់ទោស​ដែល​សមស្រប​ទៅនឹង​ទង្វើ​ដែល​គេ​បាន​ប្រព្រឹត្ត ហើយ​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ទៅ​ដល់​តុលាការ ជំនួសមុខ​ឱ្យ​ជន​រងគ្រោះ និង​ក្រុមគ្រួសារ​របស់គេ​»​។

ភ្នំពេញ​ប៉ុស្តិ៍ បាន​ព្យាយាម​ទាក់ទង​ទៅ​លោក ឡុង ស៊ីថា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត និង​លោក ហុក គឹមហាក់ ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលាដំបូង​ខេត្ត​​កំពង់ឆ្នាំង​ដែរ កាលពី​ថ្ងៃទី​ ១២ មករា ដើម្បី​បញ្ជាក់​ពី​ករណីនេះ ប៉ុន្តែ​លេខ​ទូរស័ព្ទ​មិនអាច​ទាក់ទង​បាន​៕

វីដេអូ៖